ក្វាងភូកូវ (Quang Phu Cau) - ទីកន្លែងថែរក្សាព្រលឹងនៃពិធីបុណ្យចូលឆ្នាំវៀតណាម
ចាប់តាំងពីសរសៃធូបនៅលើអាសនៈថ្ងៃបុណ្យចូលឆ្នាំ រហូតដល់ពណ៌ចម្រុះត្រចះត្រចង់នៃភូមិសិប្បកម្ម ក្វាងភូកូវ (ឃុំអ៊ឹងថៀន ហាណូយ) មិនត្រឹមតែធ្វើចេញផលិតផលសម្រាប់បម្រើជំនឿសាសនាប៉ុណ្ណោះទេ នៅទាំងរក្សាលំហវប្បធម៌អនុស្សាវរីយ៍ ទំនុកចិត្ត និងផ្នត់រស់នៅបានបន្តវេនជាច្រើនជំនាន់។
នៅថ្ងៃជិតចូលឆ្នាំថ្មី ឆ្នាំមមី ខណៈពេលដែលរដូវផ្ការីក កំពុងគោះទ្វារភូមិនានា នៅភាគខាងជើង ភូមិក្វាងភូកូវ បានឈានចូលដល់ពេលវេលាដ៏មមាញឹកបំផុតប្រចាំឆ្នាំ។ គ្រាន់តែឈានជើងចូលដល់ភូមិភ្លាម ភ្ញៀវទេសចរនឹងមានអារម្មណ៍ដឹងពីក្លិនក្រអូបស្រាលៗនៃ ខ្លឹមចន្ទន៍ ឈើអែម និងផ្កាចន្ទន៍ ដែលសាយភាយក្នុងបរិយាកាស។ នេះគឺជាក្លិនកក់ក្តៅ ដែលផ្សារភ្ជាប់នឹងជីវិតចេតភាព របស់ប្រជាជនវៀតណាម រៀងរាល់ពេលបុណ្យចូលឆ្នាំមកដល់។ នៅពីក្រោយក្លិនក្រអូបនោះ គឺជាដង្ហើមនៃភូមិសិប្បកម្មធ្វើធូប ដែលមានអាយុកាលជាង ១០០ឆ្នាំ កំពុងតស៊ូអភិរក្សប្រពៃណី និងធ្វើសមាហរណកម្ម ជាមួយការអភិវឌ្ឍ នៃឧស្សាហកម្មវប្បធម៌របស់រដ្ឋធានី។
មុខរបរធ្វើធូបនៅក្វាងភូកូវ បានចាក់ឫសយ៉ាងជ្រៅ ទៅក្នុងជីវិតរបស់ប្រជាជនជាច្រើនជំនាន់។ កាលពីមុន គ្រប់ដំណាក់កាលសុទ្ធតែធ្វើដោយដៃ ចាប់ពីការបិតដើមធូប លាបពណ៌ជើងធូប រុំម្សៅធូប រហូតដល់ការហាលស្ងួត ដែលទាមទារពេលវេលា និងកម្លាំងពលកម្មច្រើន។ ទោះបី ជាឆ្លងកាត់ការផ្លាស់ប្តូរនៃសម័យកាលក៏ដោយ មុខរបរធ្វើធូប នៅតែជាមុខរបរចិញ្ចឹមជីវិត ដែលផ្សារភ្ជាប់នឹងប្រជាជននៅទីនេះ។ បើតាមតំណាងអាជ្ញាធរឃុំ បច្ចុប្បន្នមានគ្រួសាររហូដល់ ៧០% នៅក្នុងភូមិ បានចូលរួមក្នុងការផលិតធូប បង្កើតការងារ និងប្រាក់ចំណូលមានស្ថិរភាព សម្រាប់ពលកររាប់ពាន់នាក់។
នៅកណ្តាលបរិយាកាសរស់រវើកនៃរដូវបុណ្យចូលឆ្នាំ រឿងរ៉ាវរបស់ជាងធ្វើធូបកាន់តែមានអត្ថន័យជ្រាលជ្រៅ។ អ្នកស្រី ម៉ៃ ជាជាងធ្វើធូបជំនាន់ទី ៤ នៃភូមិ បានចែករំលែកដោយក្តីមោទកភាព លាយឡំនឹងការព្រួយបារម្ភថា៖ “ដើម្បីទទួលបានធូបមួយបាច់ដ៏ល្អឥតខ្ចោះ ជាងធ្វើធូបនៅតែត្រូវពឹងផ្អែកលើទឹកចិត្ត និងបទពិសោធន៍ ដែលបន្សល់ទុកពីដូនតា ជាពិសេសគឺដំណាក់កាលជ្រើសរើសវត្ថុធាតុដើមដូចជា ខ្លឹមចន្ទន៍ ឈើអែម និងផ្កាចន្ទន៍ ដើម្បីរក្សាក្លិនក្រអូបធម្មជាតិ និងមានសុវត្ថិភាព។ ម៉ាស៊ីនទំនើប ជួយកាត់បន្ថយការលំបាក និងបង្កើនទិន្នផល ធ្វើឱ្យផលិតផលស្មើគ្នានិងស្អាតជាងមុន ប៉ុន្តែ “ព្រលឹង” នៃមុខរបរ នៅតែស្ថិតនៅលើដៃ និងភាពផ្ចិតផ្ចង់របស់មនុស្ស”។
ដោយសារការហ៊ានវិនិយោគលើបច្ចេកវិទ្យា ទិន្នផលការងារនៅក្វាងភូកូវ បានលើកកម្ពស់ ប្រាក់ចំណូលរបស់ប្រជាជនមានកម្រិតស្ថិរភាព ដោយកន្លែងខ្លះ ទទួលបានពី ៥០០.០០០ដុង រហូតដល់៧០០.០០០ដុងក្នុងមួយថ្ងៃ។ ការសម្របខ្លួនប្រកបដោយភាពបត់បែននេះ បង្ហាញថាភូមិសិប្បកម្មប្រពៃណី មិនបានឈរនៅក្រៅចរន្ត នៃសម័យកាលនោះទេ ប៉ុន្តែបានម្ចាស់ការស្វែងរកវិធីផ្លាស់ប្តូរថ្មី ដើម្បីរស់រាន និងអភិវឌ្ឍ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្វាងភូកូវ ក៏បានបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំង ដល់ភ្ញៀវទេសចរ តាមរយៈការទាក់ទាញកែវភ្នែកដ៏ពិសេស។ មិនត្រឹមតែឈប់ត្រឹមគុណភាពផលិតផលដែលមានសុវត្ថិភាព និងធ្វើពីឱសថធម្មជាតិប៉ុណ្ណោះទេ ដងផ្លូវ និងជ្រុងទីធ្លាហាលធូបរបស់ភូមិ បានក្លាយជា “ផ្ទាំងគំនូរ” ដ៏ស្រស់ស្អាតចម្រុះពណ៌។ បាច់ជើងធូបពណ៌ក្រហមឆ្អិនឆ្អៅ លឿង ខៀវ។ល។ បានតម្រៀបប៉ិនប្រសប់ទៅជារូបភាពផែនទីប្រទេសវៀតណាម អក្សរ S រូបទង់ជាតិ ឬរូបភាពរស់រវើកផ្សេងៗ បង្កើតបានជាលំហមួយ ដែលមានលក្ខណៈប្រពៃណីផង និងទំនើបផង។
លោក ហ៊ុង (Hung) ជាសិប្បករជើងចាស់ ដែលផ្សារភ្ជាប់នឹងមុខរបរនេះ បានរៀបរាប់យ៉ាងរំភើបថា កាលពីមុន គេហាលធូបសពេញវាល ប៉ុន្តែឥឡូវនេះពណ៌ចម្រុះ បាននាំមកនូវក្តីសប្បាយរីករាយថ្មី សម្រាប់អ្នកប្រកបរបរ។ ភ្ញៀវទេសចរមកកាន់តែច្រើនឡើង មិនត្រឹមតែដើម្បីទិញធូប និងថតរូប “check-in” ប៉ុណ្ណោះទេ ថែមទាំងដើម្បីស្វែងយល់ពីដំណើរការផលិត និងសាកល្បងធ្វើដោយផ្ទាល់ នៅដំណាក់កាលមួយចំនួន។ ការបើកកន្លែងទស្សនាភូមិសិប្បកម្ម ក៏ជាវិធីដែលប្រជាជនក្វាងភូកូវ ផ្សព្វផ្សាយពីភាពល្អឯកនៃមុខរបរប្រពៃណី តាមរយៈជីវិតរស់នៅសហសម័យ។
ផលិតផលធូបក្វាងភូកូវ បច្ចុប្បន្នត្រូវបាននាំចេញទៅកាន់ប្រទេសចិន ឥណ្ឌា ម៉ាឡេស៊ី និងចក្រភពអង់គ្លេស។ ទន្ទឹមនឹងនោះ ទេសចរណ៍ភូមិសិប្បកម្មបាននាំមកនូវ អត្ថប្រយោជន៍ទ្វេ សម្រាប់មូលដ្ឋាន ទាំងអភិវឌ្ឍសេដ្ឋកិច្ច និងរួមចំណែកអភិរក្សតម្លៃវប្បធម៌ប្រពៃណី។
នៅកណ្តាលចង្វាក់ជីវិតសម័យទំនើប ភូមិសិប្បកម្មធូបក្វាងភូកូវ កំពុងក្លាយជាភស្តុតាងដ៏រស់រវើក សម្រាប់ការអភិរក្សតម្លៃប្រពៃណី ដើរទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច។ ការដែលទីក្រុងហាណូយ បានបញ្ចូលក្វាងភូកូវ ទៅក្នុងបញ្ជីគោលដៅទេសចរណ៍ភូមិសិប្បកម្មសំខាន់ៗ របស់រដ្ឋធានី មិនត្រឹមតែបើកឱកាសថ្មី សម្រាប់មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សាការអនុស្សាវរីយ៍នៃបុណ្យចូលឆ្នាំ និងរដូវផ្ការីក នៅក្នុងជីវិតប្រជាជនវៀតណាមផងដែរ៕
អត្ថបទ និង រូបថត៖ ង្វៀន ហ៊ូវថុង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង












