ក្នុងប៉ុន្មានថ្ងៃសម្រាប់ការស្វែងរក និងកំណត់អត្តសញ្ញាណយុទ្ធជនពលី នៅទីបញ្ចុះសព ម៉ៃយីច (Mai Dich)

ក្នុងប៉ុន្មានថ្ងៃសម្រាប់ការស្វែងរក និងកំណត់អត្តសញ្ញាណយុទ្ធជនពលី នៅទីបញ្ចុះសព ម៉ៃយីច (Mai Dich)

នៅដើមខែសីហា ឆ្នាំ២០២៦ នៅទីបញ្ចុះសព ម៉ៃយីច (Mai Dich) ក្នុងទីក្រុងហាណូយ  មន្ត្រី និងយុទ្ធជននៃបញ្ជាការដ្ឋានរដ្ឋធានីហាណូយ បានប្រញាប់ប្រញាល់បំពេញការងារយកសំណាកអដ្ឋិធាតុយុទ្ធជនពលី សម្រាប់ការធ្វើតេស្ត ADN។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហាណូយ  ដើម្បីអនុវត្តយុទ្ធនាការ ៥០០ថ្ងៃយប់ ​ពន្លឿនការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ដោយមានគោលដៅកំណត់អត្តសញ្ញាណព័ត៌មានអំពីអ្នកដែលបានពលីជីវិតរបស់ពួកគេ ប៉ុន្តែអត្តសញ្ញាណរបស់ពួកគេមិនទាន់ត្រូវបានកំណត់នៅឡើយ​។

ទិដ្ឋភាពទូទៅនៃទីបញ្ចុះសព ម៉ៃយីច (Mai Dich) បណ្តាយុទ្ធជន​កំពុង​បញ្ជូនកោដ្ឋសេរ៉ាមិចតូចៗ ដែលផ្ទុកអដ្ឋិធាតុយុទ្ធជនពលី ទៅកាន់តំបន់មួយ​ ដើម្បីបម្រើសការប្រមូលសំណាក។

នៅក្នុង​តំបន់​​ផ្នូរ  ការបំពេញការងារ ត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន និងម៉ឺងម៉ាត់។ ទីតាំងនីមួយៗត្រូវបានកំណត់ ស្រទាប់ដីនីមួយៗ ត្រូវបានជីកកកាយ ហើយស្លាកស្នាមដែលនៅសេសសល់ត្រូវបានពិនិត្យ ប្រមូល និងកត់ត្រា។ ការងារបច្ចេកទេសសុទ្ធសាធនេះ ហាក់ដូចជាមានអត្ថន័យពិសេស ពីព្រោះនៅពីខាងក្រោយ ផ្នូរនីមួយៗគឺជាមនុស្សម្នាក់ ជីវិតមួយ និងប្រហែលជាគ្រួសារមួយ ដែលនៅតែរង់ចាំព័ត៌មាន ក្នុងរយៈពេលច្រើនឆ្នាំ។

យោងតាមព័ត៌មានពីស្ថាប័ន​មាន​សមត្ថកិច្ចនៃរដ្ឋធានីហាណូយ ការប្រមូលអដ្ឋិធាតុ​យុទ្ធជនពលី កំពុងត្រូវបានអនុវត្ត នៅទីបញ្ចុះសពយុទ្ធជនពលី ដែលគ្រប់គ្រងដោយទីក្រុង ក្នុង​នោះមានទីបញ្ចុះសព ម៉ៃយីច (Mai Dich) ផងដែរ​។ ចំពោះផ្នូរដែលត្រូវបានកប់ជាយូរមកហើយ ការប្រមូលសំណាកសម្រាប់ធ្វើតេស្ត ADN គឺពិបាកណាស់ ដោយសារតែដំណើរការរលួយ។ ហេតុដូច្នេះ ដំណើរការជីកកកាយ និងយកសំណាក តម្រូវឱ្យមានការប្រុងប្រយ័ត្ន និងភាពត្រឹម​ត្រូវ ក្នុងគ្រប់ដំណាក់កាល។

 
ទង់ជាតិត្រូវបានគ្របដណ្ដប់យ៉ាងឱឡារិកលើកោដ្ឋសេរ៉ាមិចតូចៗ មុនពេលផ្លាស់ទីទៅកាន់តំបន់មួយ​ ដែលបម្រើការប្រមូលសំណាក។
បណ្តយុទ្ធជនកំពុងបញ្ជូន​កោដ្ឋសេរ៉ាមិចតូចៗ តាមបណ្តោយ​តំបន់​ផ្នូរយុទ្ធជនពលី នៅក្នុងទីបញ្ចុះសព ម៉ៃយីច (Mai Dich) 

នៅទីបញ្ចុះសព ម៉ៃយីច (Mai Dich) អ្នកដែលកំពុង​បំពេញភារកិច្ច ក្នុងបរិយាកាសដ៏ឧឡារិក។ រាល់សំណាកដែលត្រូវបានប្រមូល និងរាល់ព័ត៌មានបានកត់ត្រា ដែលត្រូវតែភ្ជាប់ទៅនឹងឯកសាររបស់ផ្នូរ ដើម្បីធានាថា នោះនឹងបម្រើដំណើរការធ្វើតេស្ត និងប្រៀបធៀបនៅពេលក្រោយ ។ ការងារនេះតម្រូវឱ្យមានការសម្របសម្រួលពីកម្លាំងជាច្រើន ចាប់ពីអ្នកចូលរួមក្នុងការជីកកកាយ រហូតដល់មន្ត្រីទទួលបន្ទុកឯកសារ  ប្រមូលសំណាក និងដំណាក់កាលពាក់ព័ន្ធនានា។

នៅពីខាងក្រោយនៃការស្វែងរកនេះ គឺជាដំណើរដ៏វែងឆ្ងាយជាងនេះទៅទៀត៖ ពីផ្នូរដែលគ្មានព័ត៌មានពេញលេញ រហូតដល់ការប្រៀបធៀបទិន្នន័យ ការធ្វើតេស្ត ADN និងការស្វែងរកភាពស្រដៀងគ្នាជាមួយសំណាកជីវសាស្រ្តពីសាច់ញាតិ។ បច្ចេកវិទ្យា និងវិធីសាស្រ្តវិទ្យាសាស្ត្រកំពុងក្លាយជាឧបករណ៍ដ៏សំខាន់ ក្នុងការកាត់បន្ថយគម្លាតរវាងព័ត៌មានដែលខ្វះខាត និងឱកាសកំណត់អត្តសញ្ញាណត​យុទ្ធជនពលី។ ក្រសួងការពារប្រទេសវៀតណាម បាន​កំណត់ថា ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការតភ្ជាប់ និងការប្រើប្រាស់ប្រភពទិន្នន័យជាកក្តាសំខាន់មួយ នៅក្នុងយុទ្ធនាការ ៥០០ ថ្ងៃយប់។

បណ្តយុទ្ធជនបានបញ្ជូនកោដ្ឋសេរ៉ាមិចតូចៗ មកដាក់លើតុប្រមូលសំណាក សម្រាប់មន្ត្រីជំនាញត្រៀមខ្លួន សម្រាប់ការបំពេញការងាររបស់ពួកគេ ។
មន្ត្រីមកពីមជ្ឈមណ្ឌលកោសល្យវិច្ច័យហាណូយ បានគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី មុន​ពេលប្រមូលសំណាកអដ្ឋិធាតុ​យុទ្ធជនពលី សម្រាប់ការធ្វើតេស្ត ADN ។ 

ប៉ុន្តែសម្រាប់សំណាក ADN នីមួយៗ មិនមែនគ្រាន់តែជាដំណើរការធ្វើតេស្តនោះទេ។ នោះក៏ជាក្តីសង្ឃឹមរបស់ក្រុមគ្រួសារ បានរង់ចាំអស់ជាច្រើនទសវត្សរ៍មកហើយ ដើម្បីដឹងថា មនុស្សជាទីស្រលាញ់របស់ពួកគេនៅឯណា កន្លែងដែលពួកគេត្រូវបានបញ្ចុះ និងតើអត្តសញ្ញាណរបស់ពួកគេអាចត្រូវបានកំណត់យ៉ាងត្រឹមត្រូវឬអត់។

សម្រាប់ក្រុមគ្រួសាររបស់យុទ្ធជនពលី ការស្វែងរកព័ត៌មានរបស់មនុស្សជាទីស្រលាញ់របស់ពួកគេ មិនមែនគ្រាន់តែជាការបំពេញឯកសារនោះទ។ នោះគឺជាការប្រគល់ជូនឈ្មោះមួយវិញ អាសយដ្ឋានមួយ ការចងចាំមួយដែលសង្គ្រាម​ និង​ពេល​វេលា បានលាក់បាំង ។ ដូច្នេះ រាល់ដំណាក់កាលនៃការស្វែរក  ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុ​យុទ្ធជនពលី ដែលមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ។

សំណាកអដ្ឋិធាតុ​សម្រាប់ការធ្វើ​តេស្ត ដែលត្រូវ​បាន​ប្រមូល ក្នុង​ដំណាក់កាល​សម្អាតអដ្ឋិធាតុ​យុទ្ធជនពលី។ រូបថត៖ កុងដាត / VNP
មន្ត្រីកំពុង​ប្រមូល​សំណាកអដ្ឋិធាតុ​ ដើម្បី​ធ្វើ​តេស្ត ADN ។

យុទ្ធនាការ ៥០០ ថ្ងៃយប់ កំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេស ដោយមានការចូលរួមពីកងកម្លាំងជាច្រើន។ យោងតាមព័ត៌មានពីសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម បន្ទាប់​ពីការអនុវត្តក្នុងអំឡុងពេលជាងបួនខែ យុទ្ធនាការនេះបានប្រមូលសំណាកអដ្ឋិធាតុយុទ្ធជនពលី ចំនួនជិត ១៤០០ អដ្ឋិធាតុ យកសំណាកអដិ្ឋធាតុ និងសំណាកជីវសាស្រ្តពីសាច់ញាតិរាប់ សម្រាប់ការធ្វើតេស្ត ADN រាប់ពាន់។

នៅរដ្ឋធានីហាណូយ ការងារដែលកំពុងធ្វើឡើងនៅទីបញ្ចុះសពម៉ៃយីច (Mai Dich) គឺជាផ្នែកមួយដ៏ជាក់ស្តែងនៃដំណើរនោះ។ មិនមានពេលវេលាដ៏អ៊ូរអរទេ មានតែភាពស្ងប់ស្ងាត់របស់អ្នកដែលកំពុងស្វែងរកស្លាកស្នាមនៅ​សេសសល់។ ពីក្រោមដី បណ្តាព័ត៌មានដែលគេគិតថា ត្រូវបានកប់ដោយពេលវេលា ឥឡូវនេះវាកំពុងត្រូវបានរកឃើញឡើងវិញ តាមរយៈការរួមបញ្ចូលគ្នានៃការទទួលខុសត្រូវ ការដឹងគុណ និងវិទ្យាសាស្ត្រ។

បណ្តាយុទ្ធជន​កំពុង​រៀបចំ​កោដ្ឋថ្មី ដើម្បី​បញ្ចុះអដ្ឋិធាតុ​យុទ្ធជន​ពលី បន្ទាប់ពី​គេបញ្ចាប់ដំណាក់កាលយក​សំណាក។

ផ្នូរនីមួយៗ ដែលបើកឱកាសមួយទៀតសម្រាប់ការស្វែងរក ។ សំណាកនីមួយៗ ដែលប្រមូលបានគឺជាក្តីសង្ឃឹមមួយទៀត ។ ហើយនៅពីក្រោយដំណើរនោះ គឺជាបំណងប្រាថ្នាដ៏សាមញ្ញ ប៉ុន្តែពិសិដ្ឋមួយ៖ អ្នកដែលលះបង់ជីវិត ដើម្បីមាតុភូមិ ត្រូវបានប្រគល់ជូនវិញនូវឈ្មោះត្រឹមត្រូវរបស់ពួកគេវិញ ស្រុកកំណើតត្រឹមត្រូវរបស់ពួកគេ និងត្រឡប់មកវិញក្នុងការចងចាំរបស់ក្រុមគ្រួសារ និងមិត្តិរួម​កង របស់ពួកគេ៕

 អត្ថបទ និងរូបថត៖ កុងដាត / VNP


Top