កោះត្វឹនចូវ (Tuan Chau) - ឋានសួគ៌ទេសចរណ៍នៅឈូងសមុទ្រហាឡុង

កោះត្វឹនចូវ (Tuan Chau) - ឋានសួគ៌ទេសចរណ៍នៅឈូងសមុទ្រហាឡុង

កោះ​ត្វឹន​ចូវ​ (Tuan Chau) មាន​ទីតាំង​​ចម្ងាយ​ពី​ទីក្រុង​ហាឡុង​ប្រហែល​២គីឡូម៉ែត្រ​​មាន​ផ្ទៃដី​ឡើងដល់​៤០០ហិកតា​។ ដោយ​សារ​មាន​លក្ខណៈ​ងាយ​ស្រួល​ ផ្នែក​ខាង​ផ្លូវ​ទឹក​ និង​ផ្លូវគោក​ ហេតុ​នេះ​ការ​ធ្វើ​ដំណើរ​ទៅកាន់​កោះ​នេះមាន​សភាព​ងាយ​ស្រួល​បង្គួរ​។ ទីនេះ ត្រូវបាន​វាយ​តម្លៃថាជា​អាសយដ្ឋាន​មួយ ​ក្នុងចំណោម​អាសយដ្ឋាន​ទេសចរណ៍​សំខាន់​​របស់​ទីក្រុង​សមុទ្រ​ហាឡុង​ ខេត្ត​ក្វាង​និញ (Quang Ninh)

ចម្ងាយ​ពី​ទីក្រុង​ហាឡុង​ប្រហែល​២គីឡូម៉ែត្រ​ ​តំបន់ទេសចរណ៍​អន្តរជាតិ​កោះត្វឹន​ចូវ​ (Tuan Chau) (ទីក្រុង​ហាឡុង) ​មាន​ឆ្នេរសមុទ្រ​វែង​​​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងកុះករ​។​

 

ធម្មជាតិ​​អំណោយផលជូន​តំបន់​ដី​រ៉ែ​ ដោយនូ​វទេសភាព​ស្រស់ស្អាត​។ ក្នុង​ចំណោម​​រម្មណីយដ្ឋាន​ទាំង​នេះ  មិនអាច​ណា​មិន​រំលឹក​ដល់​កោះ​ត្វឹន​ចូវ (Tuan Chau) ទេ​​។ ទីនេះ​​បាន​ប្រៀប​ដូចជា​កោះគជ់​ ដែលមាន​ឆ្នេរ​ខ្សាច់ស​អូស​បន្លាយ​ ទឹក​សមុទ្រ​ថ្លាឈ្វេង​។ កាល​ពី​ដើម​ឡើយ​ កោះ​ត្វឹន​ចូវ​ (Tuan Chau) ជា​កោះ​មួយ​ដាច់​ដោយ​ឡែក​ ប៉ុន្តែ​បច្ចុប្បន្ន​ បាន​កសាង​ផ្លូវ​​តភ្ជាប់​រួច​ហើយ​។​

ទោះបី​ជា​សមុទ្រ​សិប្បនិម្មិត តែកោះ​ត្វឹន​ចូវ (Tuan Chau) ​គ្មានពេលណាស្ងាត់​​ភ្ញៀវទេសចរ​ក្នុង​ និងក្រៅ​ស្រុកឡើយ​​។ ឆ្នេរ​សមុទ្រវែងអន្លាយជាមួយនឹងវាល​​​ខ្សាច់​ស​ សម​ស្របសម្រាប់​ភ្ញៀវទេសចរ​មក​កម្សាន្ត​ ចូលរួមសកម្មភាពនៅឆ្នេរ​​​សមុទ្រ​ដ៏​ចំណាប់​អារម្មណ៍​នេះ។ ជាង​នេះទៅ​ទៀត​ ភ្ញៀវ​ទេសចរ​ហាឡុង​ ក៏មិនអាចឈរ​ស្ងៀម​នៅចំពោះ​មុខ​ទេសភាពដ៏​ស្រស់​បំព្រង ​អមតាម​​ដង​ផ្លូវ​ប្រវែង​២គីឡូម៉ែត្រ​ ដែល​តភ្ជាប់​កោះ​ជាមួយ​នឹង​ដីគោក។​

 

 

កោះ​ត្វឹន​ចូវ​ (Tuan Chau) កំពុងជា​អាសយដ្ឋាន​ដ៏ចំណាប់​អារម្មណ៍ចំពោះ​​ភ្ញៀវ​ទេសចរ​ជាច្រើន​ ខណៈពេលមកកាន់​ទីក្រុង​ហាឡុង​។ ប្រសិនបើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​ កោះ​ត្វឹន​ចូវ​នៅ​ចម្ងាយពី​រដ្ឋធានីហាណូយ​១២០​គីឡូម៉ែត្រ​។ ទីនេះ​ជា​ឋានសួគ៌​សម្រាក​លំហែកាយ​ជាមួយនឹង resort លំដាប់​​ផ្កាយ​៥ ​និង​សណ្ឋាគារ​ប្រណីត​ៗជាច្រើន​។ ជាពិសេស ​នៅទីនេះ​មាន​កំពង់​ផែ​ទេសចរណ៍​ធំ​បំផុតតំបន់​អាស៊ីអាគ្នេយ៍​ មណ្ឌល​លេង​កម្សាន្ត​ធំ​ទូលាយ​។ ទីនេះក៏​ជាទី​កន្លែងដែល​​នាវាទេសចរណ៍​ទាំងឡាយ​ចាកចេញ​​ស្វែង​យល់​អំពីឈូង​សមុទ្រ​ហាឡុង​។​

 

 

ជាអាសយដ្ឋានមួយ​ដែល​មិន​អាច​រំលង​បាន​ ខណៈពេល​​មកដល់​កោះ​ត្វឹន​ចូវ​  (Tuan Chau) គឺ​មណ្ឌល​កម្សាន្ត​។ នៅទីនេះ មាន​ល្បែង​សប្បាយៗ​ជាច្រើន​ អ្នក​អាច​​ចូល​រួមលេង​ពេញ​មួយ​ថ្ងៃ​ ក៏មិនជិន​ណាយ​ដែរ​។ មណ្ឌល​​កម្សាន្ត​ក្រោម​លំហអាកាស​មាន​ផ្ទៃដី​ឡើង​ដល់​៥ហិកតា​ សាងសង​​ត្រាប់តាម​វត្ថុអច្ឆារិយៈ​ពិភពលោក​។ ក្រៅពីនោះ​ ពេល​មកដល់​កោះ​ត្វឹន​ចូវ​ (Tuan Chau) ភ្ញៀវទេសចរ​ក៏មិនអាចណា​រំលង​ចោល​ឈុត​សម្តែង​សៀក​ត្រីផ្សោត​ តោសមុទ្រ​ ឆ្កែសមុទ្រ​ដ៏​ចំណាប់​អារម្មណ៍នេះ​ជា​សកម្មភាព​ដែលទាក់ទាញចំណូលចិត្ត​ភ្ញៀវទេសចរច្រើនជាងគេ ជា​ពិសេស​គឺ​កុមារៗ​។​

ជាមួយនឹង​អ្នក​ចូល​ចិត្ត​ផ្សង​ព្រេង​ ក៏អាច​សាក​ល្បង​ជាមួយ​នឹង​ល្បែង​កីឡា​លើ​ផ្ទៃទឹក។​ ជាក់ស្តែង​ដូចជា​ជិះក្តារ​លើទឹក​រលក​ ​ម៉ូតូទឹក​ ចែវទូក kayak ​ កាណូត​ឆត្រ​។​ល។​

 


 

ចូលជ្រៅខាង​ក្នុង​ គឺ​មណ្ឌល​ម្ហូបអាហារ​ជាមួយនឹង​មុខ​ម្ហូប​សម្បូរបែប​ រួមមាន​មុខម្ហូប​អ៊ឺរ៉ុប និង​អាស៊ី​ ភោជនីយដ្ឋាន​បាន​រចនា​តាម​បែប​ស្ថាបត្យកម្ម​រាជវាំង​ នឹង​ធ្វើ​ឱ្យ​អ្នក​ពេញ​ចិត្តជាមិន​ខាន។​ ជាពិសេស​គឺខណៈពេលចូលដល់មជ្ឈមណ្ឌល​ក្រុង អ្នក​នឹង​មាន​​ចំណូល​ចិត្ត​ជាមួយនឹង​សកម្មភាព​កម្សាន្ត​ទំនើប និង​​ពិសេស​នៅទីនេះ ។​

ពេល​វេលា​ល្អបំផុត​សម្រាប់​ការ​ទស្សនា​កោះ​ត្វឹន​ចូវ​ (Tuan Chau) ឈូង​សមុទ្រ​ហាឡុង​ គឺចាប់ពី​ដើម​ខែ​ឧសភា រហូតដល់​ចុង​ខែ​កញ្ញា​។​ អំឡុង​ពេលវេលា​នេះ អាកាសធាតុ​​ត្រជាក់ត្រជុំ សមស្រប​នឹង​សកម្មភាព​ដូចជាគយ​គន់ទេសភាព​ ដើរ​កម្សាន្ត​តាម​ឆ្នេរសមុទ្រ​។ នេះ​ក៏ជា​រយៈពេល​​ទេសចរណ៍​សំចៃ ​សម្រាប់​ដំណើរ​ទស្សនា​កោះ​ត្វឹន​ចូវ (Tuan Chau) ​ផង​ដែរ​។​

 

 

ស្ថិតនៅ​ក្បែរ​ឈូង​សមុទ្រ​ហាឡុង​ កោះ​ត្វឹន​ចូវ​ (Tuan Chau) ជា​អាសយដ្ឋានចេញដំណើរ​ដំបូង​​ក្នុងមួយថ្ងៃ ​សម្រាប់​​ស្វែងយល់​ឈូង​សមុទ្រ​ហាឡុង​ ប៉ុន្តែមិន​មែនតាម​បែប​ប្រពៃណី​ធម្មតាទេ​ ​គឺជា​ការ​គយ​គន់​ទេសភាព​កោះ​កំបោលរាប់ពាន់​កោះដ៏ស្រស់ស្អាតនិង​សម្បូរ​បែប តាមដំណើរ​នាវាទេសចរណ៍។​​ នាវាទេសចរណ៍​រាប់សិប​គ្រឿងចូល​ចត់​កំពង់ផែ​ ​បំពាក់​សម្ភារៈ​គ្រប់គ្រាន់​ដ៏ប្រណីត​ ត្រៀម​ជាស្រេច​ដើម្បីនាំ​អ្នក​ចេញទៅ​លំហសមុទ្រ​។​ ក្រោកពីដំណេក​នៅលើ​នាវាទេសចរណ៍​អណ្តែត​រសាត់​លើ​ឈូង​សមុទ្រ​ រង់ចាំ​ព្រះអាទិត្យ​​រះអើតចាក​ផ្ទៃគង្គា​​ ព្រម​ជាមួយ​ការ​​ពិសា​គ្រឿង​សមុទ្រ​ស្រស់ៗ​​ សុទ្ធតែជាការពិសោធន៍​មានតែមួយលើក ​ក្នុងមួ​យឆាក​ជីវិត៕​

 

ពី​កោះ​ត្វឹន​ចូវ (Tuan Chau)​ ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើរ​ទៅដល់​តំបន់​ចែវទូក​ kayak នៅលើ​ឈូង​ហាឡុង​។

ពី​ចំណត់ឡាន​មីឌិញ (My Dinh) ទៅ​ដល់​កោះ​ត្វឹន​ចូវ​ (Tuan Chau) ហាឡុង​ រត់​តាម​ផ្លូវ​ល្បឿន​លឿន​ហាណូយ​ - ក្វាងនិញ (Quang Ninh) ​ចំណាយ​ពេល​ប្រហែល​២ម៉ោង​ ៥​នាទី​។ មាន​ក្រុមហ៊ុន​ឡាន limousine ​ ឡាន​ vip ជាច្រើន​ ដែល​មាន​តម្លៃ​ពី​១៨០​ពាន់​ដុង​ រហូតដល់​២៥០ពាន់​ដុង​។ ពីផ្លូវធំ​​ធ្វើ​ដំណើរ​ចូលទៅកាន់កោះ​ មធ្យោបាយ​ធ្វើដំណើរ​សុវត្ថិភាព​​បំផុតប្រហែល​ជា​ឡាន​តាក់ស៊ី​ ​​បង់ថ្លៃ​ប្រហែល​រាប់សិប​ពាន់​ដុង​តែប៉ុណ្ណោះ​អ្នកអាច​​ទៅ​ដល់​កោះដ៏​ស្រស់ស្អាត​នៃឈូង​សមុទ្រ​ហាឡុង​នេះហើយ​។​

ប្រសិនបើ​អ្នកចេញ​​ដំណើរពី​ទីក្រុង​ហូជីមិញ​ អ្នក​អាច​ធ្វើដំណើ​រតាម​យន្តហោះ ចុះ​ព្រលាន​​យន្ត​កាត់​ប៊ី (Cat Bi) - ហាយ​ភុង​ (Hai Phong) ឬព្រលាន​យន្ត​វ៉ឹន​ដូន​ (Van Don) - ក្វាង​និញ (Quang Ninh) ​បន្ទាប់មក​ធ្វើដំណើរ​ដោយ​ឡាន​តាក់ស៊ី​ ឬឡាន​ក្រុង ​តាម​ផ្លូវ​ល្បឿន​លឿន​ហាឡុង​ - ត្វឹន​ចូវ (Tuan Chau)​។

កាត់ប៊ី ​(Cat Bi) - ហាឡុង ធ្វើដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​ប្រហែល​២៥គីឡូម៉ែត្រ​ ចំណាយ​​ពេល​ប្រហែល​៣០នាទី​។

វ៉ឹន​ដូន​ (Van Don) - ហាឡុង ធ្វើដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​ ប្រហែល​៥០គីឡូម៉ែត្រ​ ចំណាយ​ពេល​ធ្វើដំណើរ​ជាង​១ម៉ោង​។

 

អត្ថបទ៖ វី​ថាវ រូបថត៖ កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​



Top