ការតាំងពិព័រណ៍រដូវស្លឹកឈើជ្រុះលើកដំបូងឆ្នាំ២០២៥ - តភ្ជាប់ទំនិញវៀតណាម និងពិភពលោកក្នុងយុគសម័យនៃការអភិវឌ្ឍ
ជាមួយនឹងប្រធានបទ "តភ្ជាប់រវាងមនុស្សជាមួយផលិតកម្ម និងអាជីវកម្ម" ការតាំងពិព័រណ៍រដូវស្លឹកឈើជ្រុះលើកដំបូង ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដែលមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ដោយប្រមូលផ្តុំសហគ្រាសក្នុងស្រុក និងបរទេសរាប់ពាន់ ជាមួយនឹងសកម្មភាពជាច្រើន ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងសកម្មភាពផ្លាស់ប្តូរវប្បធម៌។
ព្រឹត្តិការណ៍នេះមិនត្រឹមតែរួមចំណែកដល់ការសម្រេចបាននូវគោលនយោបាយសំខាន់ៗ របស់រដ្ឋក្នុងការលើកកម្ពស់ពាណិជ្ជកម្មក្នុងស្រុក និងលើកកម្ពស់ម៉ាកយីហោជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកវេទិកាពាណិជ្ជកម្មអន្តរជាតិដ៏ស្វាហាប់មួយ ដែលរួមចំណែកដល់ការតភ្ជាប់ទំនិញវៀតណាមជាមួយទីផ្សារពិភពលោក។
មកពីតំបន់ទាំងបីនៃប្រទេស អាជីវកម្ម សហករណ៍ និងសិប្បកររាប់រយ បានប្រមូលផ្តុំគ្នា និងនាំមកនូវភាពល្អឥតខ្ចោះនៃកម្លាំងពលកម្ម ភាពច្នៃប្រឌិត និងមោទនភាពវៀតណាម ដោយផ្សព្វផ្សាយស្មារតី "ប្រជាជនវៀតណាមផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញវៀតណាម"។ ស្តង់ទាំងនេះត្រូវបានរចនាឡើងតាមបែបទំនើប និងច្នៃប្រឌិត ដោយណែនាំបច្ចេកវិទ្យា ផលិតផល និងដំណោះស្រាយថ្មីៗ បំផុត ដែលរួមចំណែកដល់ការបញ្ជាក់ពីជំហររបស់ទំនិញវៀតណាមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។
នៅក្នុងតំបន់តាំងពិព័រណ៍បច្ចេកវិទ្យា លោកវេជ្ជបណ្ឌិត វូ ង៉ុកភឿង (Vu Ngoc Phuong) ប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃក្រុមហ៊ុនភាគហ៊ុនធនធានមនុស្សបច្ចេកវិទ្យាខ្ពស់ និងមនុស្សយន្តឆ្លាតវៃ VTG បាននាំមកមនុស្សយន្ត ដែលស្រដៀងនឹងមនុស្សពិត ដែលត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍដោយវិស្វករវៀតណាម។ លោក ភឿង(Phuong) បានចែករំលែកថា "យើងចង់ណែនាំផលិតផលមនុស្សយន្តវៀតណាមដល់អតិថិជនអន្តរជាតិមួយចំនួនធំ ហើយក្នុងពេលជាមួយគ្នានេះ ស្វែងរកដៃគូ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាក្នុងស្រុក "។
នៅស្តង់ OCOP សហករណ៍ស្បែក និងស្បែកជើង ហាយយឿង (Hai Duong) បានទាក់ទាញអ្នកទស្សនាជាមួយនឹងស្បែកជើងស្បែកធ្វើដោយដៃ ដែលត្រូវបានឆ្លើយតបនឹងស្តង់ដារ OCOP 3 ដែលផលិតដោយដៃទាំងស្រុង និងឆ្លងកាត់ដំណាក់កាលទំនើបចំនួន ១៧ លើស្បែកគោធម្មជាតិ។ ចំណុចលេចធ្លោមួយ គឺគំរូស្បែកជើង ដែលត្រូវបានជួសជុលឡើងវិញតាមការរចនារបស់បារាំង កាលពី ១០០ ឆ្នាំមុន ដែលបច្ចុប្បន្នមានសិប្បករត្រឹមតែ ១០ នាក់ប៉ុណ្ណោះ ក្នុងប្រទេសទាំងមូល ដែលអាចធ្វើបាន។ លោក ង្វៀន វៀត វ៉ូ (Nguyen Viet Vo)អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃសមាគមស្បែក និងស្បែកជើងក្រុងហៃហ្វុង (Hai Phong) និងជាប្រធានសហករណ៍ស្បែក និងស្បែកជើងហាយយឿង (Hai Duong) បានចែករំលែកថា៖ «យើងសង្ឃឹមថា ប្រជាជនវៀតណាមនឹងផ្តល់អាទិភាពដល់ការប្រើប្រាស់ផលិតផលវៀតណាម។ ស្បែកជើងដ៏ស្រស់ស្អាតមួយគូនឹងនាំមនុស្សទៅកាន់កន្លែងល្អបំផុត»។
ទន្ទឹមនឹងនេះ ការតាំងពិព័រណ៍ឆ្នាំនេះមានស្តង់ដាក់តាំងផលិតផលអន្តរជាតិ ដែលប្រមូលផ្តុំអាជីវកម្មរាប់រយ មកពីប្រទេស និងដែនដីជាង ២០ ដូចជា ចិន ជប៉ុន កម្ពុជា សហរដ្ឋអាមេរិក នូវែលសេឡង់ ឥណ្ឌា អ៊ីរ៉ង់ អូស្ត្រាលី បែលហ្ស៊ិក សិង្ហបុរី ឡាវ... ស្តង់នីមួយៗ មិនត្រឹមតែណែនាំផលិតផលពិសេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីវប្បធម៌អ្នកប្រើប្រាស់ និងអត្តសញ្ញាណពិសេសរបស់ប្រទេសនីមួយៗ ដែលរួមចំណែកដល់ការបង្កើតរូបភាពចម្រុះពណ៌នៃកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មសកល។
ការតាំងពិព័រណ៍រដូវស្លឹកឈើជ្រុះឆ្នាំ ២០២៥ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានធ្វើជាអធីបតី ដែលសហការជាមួយក្រសួង ស្ថាប័ន មូលដ្ឋាន និងក្រុមហ៊ុន Vingroup គ្រុប។ មានផ្ទៃដីសរុបជាង ១៣០,០០០ ម៉ែត្រការ៉េ បានបែងចែកជាមណ្ឌលចំនួន ៥ ស្តង់ជិត ៣,០០០ ស្តង់ មណ្ឌលវប្បធម៌-ម្ហូបអាហារ រួមជាមួយកម្មវិធីតន្ត្រី សិល្បៈ និងការឆ្លងកាត់បទពិសោធន៍វប្បធម៌ពិសេស។
ដោយមានការចូលរួមពីខេត្ត និងក្រុងចំនួន ៣៤ អង្គការ និងសហគ្រាសក្នុងស្រុក និងអន្តរជាតិជាង ២៥០០ អង្គការ ការតាំងពិព័រណ៍រដូវស្លឹកឈើជ្រុះឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថា នឹងក្លាយជានិមិត្តរូបថ្មីមួយសម្រាប់ស្មារតីនៃការធ្វើសមាហរណកម្ម និងសេចក្តីប្រាថ្នារបស់ទំនិញវៀតណាមក្នុងការឈានដល់ពិភពលោក។
លោក Kenneth Leong នាយកមូលនិធិវិនិយោគ Taiki Capital New Zealand បានចែករំលែកថា៖ «យើងបានមកដល់ការតាំងពិព័រណ៍រដូវស្លឹកឈើជ្រុះលើកនេះ ដើម្បីស្វែងរកឱកាសសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិ ការរយៈពេលយូរអង្វែងនៅក្នុងប្រទេសវៀតណាម - ទីផ្សារដ៏ស្វាហាប់ និងមានសក្តានុពល»។
ក្នុងកន្លែងទំនើប និងចម្រុះពណ៌ ស្តង់ដាក់តាំងផលិតផលហត្ថកម្មវិចិត្រសិល្បៈ ម៉ូដសម្លៀកបំពាក់ និងផលិតផលសិប្បកម្ម មិនត្រឹមតែជាលិតផលច្នៃប្រឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតមោទនភាពចំពោះអត្តសញ្ញាណវប្បធម៌ជាតិ ដោយលើកតម្កើងដល់ដៃដ៏ប៉ិនប្រសប់ និងភាពវៃឆ្លាត ច្នៃប្រឌិតរបស់សិប្បករវៀតណាម។
ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ២៥ ខែតុលា ដល់ថ្ងៃទី ៤ ខែវិច្ឆិកា កម្មវិធីសិល្បៈ និងកម្មវិធីបង្ហាញម៉ូដពិសេសៗ ជាច្រើន នឹងត្រូវធ្វើឡើង ដែលផ្តល់ឱ្យប្រជាជន និងអ្នកទេសចរទាំងក្នុងស្រុក និងក្រៅប្រទេសនូវឱកាស ដើម្បីរីករាយយ៉ាងពេញលេញជាមួយនឹងសម្រស់ដ៏សម្បូរបែបនៃវប្បធម៌វៀតណាម។ អ្វីៗ ទាំងអស់នេះលាយបញ្ចូលគ្នា ដើម្បីបង្កើតជាកន្លែងដ៏រស់រវើក និងស្រស់ថ្លា ដែលទាំងលើកកម្ពស់ភាពថ្លៃថ្នូរនៃវប្បធម៌វៀតណាម និងទាំងបើកឱកាសទិញទំនិញ ការប្រើប្រាស់ និងការស្វែងយល់អំពីផលិតផលវប្បធម៌ និងទេសចរណ៍ដ៏ទាក់ទាញ។
ក្នុងដំណើរទស្សនការតាំងពិព័រណ៍រដូវស្លឹកឈើជ្រុះលើកដំបូង - ឆ្នាំ 2025 លោកស្រី ង្វៀន ធីហាញ (Nguyen Thi Hanh) បាននិយាយថា "ស្តង់នានាត្រូវបានរៀបចំយ៉ាងសមហេតុសមផល ស្រស់ស្អាត ងាយស្រួលទស្សនា និងស្វែងយល់។ ខ្ញុំសង្ឃឹមថាការតាំងពិព័រណ៍ដូចនេះនឹងត្រូវបានធ្វើឡើងជាទៀងទាត់ ដើម្បីឱ្យប្រជាជនមានឱកាសកាន់តែច្រើន ក្នុងការឆ្លងកាត់បានបទពិសោធន៍ពីផលិតផលវៀតណាម និងទិញទំនិញយ៉ាងងាយស្រួល"៕
អត្ថបទ៖ ង៉ឹន ហា- រូបថត៖ វៀតគឿង / VNP















