ការណាត់ជួបនៅហាងកាហ្វេ

ការណាត់ជួបនៅហាងកាហ្វេ

តាំងពីហាងកាហ្វេមានអាយុកាលចំណាស់ រហូតដល់ហាងលក់កាហ្វេ​សាមញ្ញលើចិញ្ចើម​ថ្នល់​ កាហ្វេបានក្លាយជាវប្បធម៌ដ៏ស្និទ្ធស្នាល ក្នុងជីវភាពរស់នៅ របស់ប្រជាជនទីក្រុងហូជីមិញ។ មិនត្រឹមតែជាភេសជ្ជៈប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែនោះជាកន្លែង សម្រាប់មនុស្សគ្រប់គ្នាណាត់ជួបគ្នា អង្គុយលេង ជជែកគ្នា និងសម្របខ្លួនទៅក្នុងចង្វាក់ជីវិតស្វាហាប់ និងបើកចំហនៃទីក្រុង។

សិប្បករវ័យក្មេង យកចិត្តទុកដាក់លើការឆុងកាហ្វេ តាមបែបប្រពៃណី ដែលបង្ហាញពីការរក្សា និងការបន្តបេតិកភណ្ឌពីមនុស្សជំនាន់មុនៗ។ រូបថត៖ ង្វៀនឡឹន/VNP
បរិយាកាសក្នុងហាងកាហ្វេតាមរចនាបថសៃហ្គនបុរាណ ស្ថិតនៅ កណ្តាលទីក្រុងហូជីមិញ។ រូបថត៖ ហុងដាត/VNA
មានវត្តមានចាប់ពីឆ្នាំ១៩៥៤ ហាងកាហ្វេកន្រ្តង ស្ថិតលើផ្លូវ ផាន ឌិញ ភុង (Phan Dinh Phung) គឺជាផ្នែកពិសេសមួយ នៃវប្បធម៌របស់ប្រជាជន សៃហ្គន (Sai Gon) - ទីក្រុងហូជីមិញ តាំងពីយូរមកហើយ។ រូបថត៖ ហុងដាត/VNA

នៅទីក្រុងហូជីមិញ ពាក្យអញ្ជើញ “ទៅកាហ្វេណាស៎” តែងតែជាពាក្យណាត់ជួបជុំមិត្តភក្តិ ពិភាក្សាការងារ ឬគ្រាន់តែជាពេលវេលាសម្រាកលំហែកាយ ក្នុងចង្វាក់ជីវិតដ៏មមាញឹក។ ហេតុដូច្នេះហើយ កាហ្វេមិនត្រឹមតែជាភេសជ្ជៈមួយមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទម្លាប់នៃការប្រាស្រ័យទាក់ទងយ៉ាងស្និទ្ធស្នាល របស់ប្រជាជនទីក្រុង​​ផងដែរ។

តាំងពីច្រកផ្លូវតូចៗ រហូតដល់ផ្លូវធំៗដ៏អ៊ូអរ ហាងកាហ្វេមានវត្តមាននៅគ្រប់ទីកន្លែង។ ប្រជាជនអាចចាប់ផ្តើមថ្ងៃថ្មី ដោយកាហ្វេខ្មៅទឹកកកមួយកែវ កាហ្វេទឹកដោះគោ ឬអង្គុយរាប់ម៉ោងក្បែរកែវកាហ្វេ ដើម្បីអង្គុយលេង ​និង​ជជែកគ្នា និងធ្វើការ។

កាហ្វេកន្ត្រង (ធ្លាប់ហៅថាកាហ្វេ ខ ឬកាហ្វេអង្គុយច្រហោង) ត្រូវបានឆុងដោយកន្រ្តង ដែលមានសំពត់ក្រាស់បន្តិច ហើយបានឆុងទៅ ឆុងមកក្នុងកំសៀវ ៣-៤ ដង។ នៅពេលពិសា អ្នកនឹងមានអារម្មណ៍ល្វីងលាយឡំជាមួយក្លិនក្រអូបនៃផ្សែងពិសេស និងជាតិផ្អែមនៅបំពងក​។ ពិសាកាហ្វេកន្រ្តង មើលដំណើរចរាចរណ៍មមាញឹក ជាបទពិសោធន៍ពិសេស ពេលរស់នៅក្នុងទីក្រុងហូជីមិញ។ រូបថត៖ ហុងដាត​/VNA

នៅកណ្តាលក្រុង ដែលផ្លាស់ប្តូរឥតឈប់ឈរ ហាងលក់កាហ្វេ ដែល​ឆុង​តាម​បែបប្រពៃណី នៅតែរក្សាបាននូវ
អត្តសញ្ញាណផ្ទាល់ខ្លួន។ កាហ្វេ​ត្រូវបានឆុងដោយកន្រ្តង តាមវិធីប្រពៃណី ដោយនាំមកនូវបរិយាកាសស្និទ្ធស្នាល និង កក់ក្តៅ។ សម្រាប់មនុស្សជាច្រើននាក់ ការទៅហាងកាហ្វេមិនត្រឹមតែ ដើម្បីពិសារសជាតិកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីស្វែងរកមកវិញ នូវចង្វាក់ជីវិតសាមញ្ញ ដែលបានផ្សារភ្ជាប់ជាច្រើនឆ្នាំមកហើយ។

បរិយាកាសក្នុងហាងកាហ្វេ នៅទ្រឿងឌិញ (Truong Dinh) - ប៊ូយធីសួន (Bui Thi Xuan) ជាមួយលក្ខណៈវប្បធម៌ពិសេស នាំមកនូវបទពិសោធន៍ពិសេស សម្រាប់អ្នកដែលចង់ស្វែងរកអតីតកាល និង​ អនុស្សាវរីយ៍​គួរចងចាំអំពី ទីក្រុងសៃហ្គន ( Sai Gon)។ រូបថត៖ ហុងដាត​​/VNA
ការគោរពតម្លៃវប្បធម៌បុរាណ ត្រូវបានបង្ហាញឡើងវិញ តាមរយៈវត្ថុបុរាណតុបតែង ក្នុងបរិយាកាសពិសាកាហ្វេ។ រូបថត៖ ង្វៀនឡឹន / VNP

កាហ្វេលក់លើជ្រុងចិញ្ចើមថ្នល់ និងកាហ្វេអង្គុយផ្ទាល់លើដី ក៏ជារូបភាពដ៏ស្និទ្ធស្នាលនៃទីក្រុងផងដែរ។ ត្រឹមតែកៅអីតូចៗ មួយចំនួន បានដាក់លើចិញ្ចើមថ្នល់ ឬក្នុងសួនច្បារ សាធារណជនអាចអអ្គុយលេងនិងជជែកគ្នា គយគន់ទិដ្ឋភាព និងទទួលយកអារម្មណ៍ នៃចង្វាក់ជីវិតជុំវិញខ្លួន ។ ដោយមិនមានភាពសាំញ៉ាំអំពី លំហ កន្លែងណាត់ជួបទាំងនេះ បានបង្កើតនូវលក្ខណៈទូលំទូលាយ និងស្និទ្ធស្នាល ក្នុងជីវភាពរស់នៅទីក្រុង។​

លើសពីនេះ ហាងកាហ្វេទំនើបៗ ដែលមានរចនាបថចម្រុះ កំពុងទាក់ទាញយុវវ័យ និងភ្ញៀវទេសចរអន្តរជាតិយ៉ាងខ្លាំង។ ទោះបីជាជ្រើសរើសហាងតូចមានអាយុកាលចំណាស់ ឬបរិយកាសលំហថ្មី មនុស្សជាច្រើន ក៏នៅតែស្វែងរកកាហ្វេ ដើម្បីតំណភ្ជាប់ ចែក រំលែក និងរីករាយជាមួយពេលវេលាទំនេររបស់​ខ្លួន។

ដោយមានម្លប់បៃតងខៀវស្រងាត់ ហាងកាហ្វេក្រៅផ្ទះទាំងនេះ គឺជាកន្លែងដ៏ល្អ សម្រាប់មនុស្សជ្រមុជខ្លួននៅក្នុងវប្បធម៌ក្នុងស្រុកដ៏ពិសេស។ រូបថត៖ ង្វៀន ឡឹន/VNP
 
 

នៅទីក្រុងហូជីមិញ វប្បធម៌កាហ្វេមិនត្រឹមតែស្ថិតនៅលើវិធីឆុង ឬវិធីពិសាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញ តាមរយៈការណាត់ជួប ក្នុងជីវិតប្រចាំថ្ងៃ​ ដែលជាសម្រស់នៃការរស់នៅយ៉ាងសាមញ្ញ រួមចំណែកបង្កើតបានជាភាពរវើក និងបើកចំហនៃទីក្រុង៕

អត្ថបទ ៖ ង្វៀន​ឡឹន រូបថត៖ ង្វៀន​ឡឹន / VNP ហុងដាត / VNA



Top