សាច់ចៀមនិងទំពាំងបាយជូរ “ផលិតផលពិសេសប្រចាំតំបន់” ទាំងពីរដែលល្បីឈ្មោះបំផុត នៅដែនដីខេត្តនិញធ្វឹន (Ninh Thuan) ផ្សំប្រគំគ្នាបង្កើតជាមុខម្ហូបពិសេសនិងទាក់ទាញ៖ ម្ហូបសាច់ចៀមចម្អិនទំពាំងបាយជូរ។
សាច់ចៀមចម្អិនរំងាស់ ស្វិតផង ទន់ផង ក្រអូបឈ្ងុយឆ្ងាញ់ពិសេសសម្របនឹងទឹកស៊ុបចម្អិនពីទំពាំងបាយជូរ ដែលមានរសជាតិជូរៗ ផ្អែមៗ ធ្វើឲ្យមុខម្ហូបកាន់តែឆ្ងាញ់ពិសា។ ម្ហូបសាច់ចៀមចម្អិននឹងទំពាំងបាយជូរ តែងបានពិសាភ្ជាប់នឹងនំបាំង ឬក៏អាចពិសាជាមួយនំបញ្ចុក។
អាថ៌កំបាំងនៃការចម្អិនសាច់ចៀមនឹងទំពាំងបាយដែលឆ្ងាញ់បំផុត គឺត្រូវជ្រើសយកសាច់ស្មានៃសត្វចៀមចំទើរ ចំណែកដែលមានសាច់ព្រមនឹងខ្លាញ់ច្រើន ទុកពេលចម្អិនយកធ្វើទឹកស៊ុបមានរសជាតិឆ្ងាញ់ ហើយធ្វើឲ្យសាច់ចៀមទន់ជាង។ ទំពាំងបាយជូរវត្ថុធាតុដើម បានបកសម្បក យកគ្រាប់ចេញ ព្រមទាំងដាក់បន្ថែមមើមការូតបន្តិច ដើម្បីទឹកស៊ុបសាច់ចៀមមានរសជាតិផ្អែមជាង។
|
សាច់ចៀមកាត់ដុំៗល្មមហូប ប្រឡាក់គ្រឿងទេស ត្រាំទុកប្រហែលជា២០នាទី ចម្អិនរំងាស់អំឡុងពេលមួយម៉ោង ធ្វើឲ្យសាច់ទន់ បន្ទាប់មកដាក់មើមការូតដែលបានស្ងោរជាមុន ព្រមទាំងដាក់ទំពាំងបាយជូរសមល្មម ចូលទៅក្នុងឆ្នាំង ទុកចម្អិនមួយស្របក់ ទើបអាចដាក់ចុះពីចង្រ្កាន។ បើទំពាំងបាយជូរចម្អិនយូរពេចនឹងត្រូវប្រែពណ៌ មើលទៅមិនទាក់ចិត្ត ទឹកចេញច្រើនធ្វើឲ្យម្ហូបមានរសជាតិជូរខ្លាំង បំបាតរសជាតិនៃសាច់ចៀម។
មកជាមួយទីក្រុងផានរាង (Phan Rang) - ប្រាសាទចម្បា ភ្ញៀវទេសចរណ៍អាចបញ្ឆៀងចូលទៅភោជនិយដ្ឋានហ្វ័រថៀនលី (Hoa Thien Ly) តាមដងផ្លូវហាយថឿងឡានអ៊ុង (Hai Thuong Lan Ong) ពិសាមុខម្ហូបសាច់ចៀមចម្អិននឹងទំពាំងបាយជូរដែលល្បីឈ្មោះនៅទីនេះ៕
ភោជនិយដ្ឋាននៅខេត្តនិញធ្វឹន (Ninh Thuan) សុទ្ធតែប្រើសាច់ចៀមដែលបង្កាត់ពីពូជចៀមអូស្រ្តាលី ចិញ្ចឹមព្រលែងពនេចរនៅលើមូលដ្ឋាន រួមនឹងទំពាំងបាយជូរក្រហម ដែលបានដាំច្រើនកន្លែងនៅទីនេះ សម្រាប់ធ្វើជាមុខម្ហូបសាច់ចៀមចម្អិននឹងទំពាំងបាយជូរ “ពិតៗ" បំផុត។
|
អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន