• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ព្រះពុទ្ធសាសនាគណៈមហានិកាយ - “បេះដូង” នៃសហគមន៍​ជនជាតិខ្មែរ​ នៅភូមិភាគ​ខាង​ត្បូងវៀតណាម​

ព្រះ​ពុទ្ធ​សាស​នា​​គណៈ​មហានិកាយ​​ មាន​តួនាទីយ៉ាងសំខាន់​​​​និង​ជះ​ឥទ្ធិពល​​​​​ក្របដណ្តប់លើ​​ជីវភាព​​រស់​នៅ​​ស្មារតី​នៃ​​​ជនជាតិ​​ខ្មែរ ​នៅ​ភូមិ​ភាគ​ខាងត្បូង​​វៀតណាម​​។ ព្រះពុទ្ធសាសនាគណៈ​​មហានិកាយ​ បាន​ពាំនាំ​​​យក​លក្ខណៈ​មហាជន​ នាំ​​មនុស្ស​ឆ្ពោះទៅ​កាន់កិច្ច​ការ​​ “​សាសនាប្រព្រឹត្ត​​ល្អ ជី​វិត​ប្រសើរ”​ ព្រម​ទាំង​​​​បណ្តុះ​បណ្តាល​ឱ្យ​កូន​ចៅ​ខ្មែរ​ ក្លាយ​ជា​អ្នក​​ប្រាជ្ញបញ្ញវន្ត​​ប្រកប​ដោយ​​សីលធម៌​។ ដូច្នេះ​​ហើយ ព្រះពុទ្ធ​សាសនា​គណៈ​មហានិកាយ ​​បាន​ប្រៀប​ដូច​ជា​ “​បេះ​ដូង​” នៃ​សហគមន៍​ជនជាតិ​ខ្មែរ ​នៅ​ភូមិ​ភាគ​​ខាងត្បូង​វៀតណាម​​។​

 ជីវិត​មនុស្ស​ផ្សារ​ភ្ជាប់​នឹង​វត្ត​អារាម​

យើង​ខ្ញុំ​មាន​វត្តមាន​នៅ​ខេត្ត​ត្រាវិញ​ (Tra Vinh) អញ្ជើញ​ទៅ​ចូល​រួម​ពិធីរៀប​ការ​​​​មិត្តម្នាក់ ជា​​ជនជាតិ​ខ្មែរ​​ឈ្មោះ​ ថាច់ ​រី​កើង​។ នៅ​ពិធីរៀប​​​ការ​ បន្ទាប់ពី​​ កូនប្រុសស្រីទាំងទ្វេ បាន​​ធ្វើ​ពិធីគោរព​​​បុព្វការី​ជន ​ជីដូនជីតា​ និង​ទទួល​ពាក្យ​ជូនពរ​​ពី​ក្រុម​ញាតិ​ទាំងសងខាង​ ក៏បាន​​​ព្រឹត្តិទៅ​ពិធីដែល​​មិន​​អាចកាត់​​​​​រំលង​​បាន​ នោះ​គឺ​ក្រាប់​ទទួលពាក្យ​​ប្រសិទ្ធិពរ​ សន្តាប់​​​នូវ​​ឱវាទ​​របស់​​ព្រះ​សង្ឃ​​ ស្តី​ពី​តួនាទី​គូ​ស្វាមី​​ភរិយា​​​ និង​​តួនាទី​​​​កូន​​ចំពោះ​ឪពុក​ម្តាយ​។​


ជនជាតិ​ខ្មែរ​ចាប់ផ្តើម​តាំង​​​ពេល​ប្រសូត្រ​​ ធំពេញ​វ័យ ​ចាស់ជរា​​ ​រហូត​ដល់​បាត់បង់ជីវិត​​ទៅ​ រាល់ទុក្ខ​ព្រួយ​ ភាព​សុខសាន្ត​​នៃ​ជីវិត​​ សុទ្ធតែ​​បាន​ផ្សារ​ភ្ជាប់​នឹង​វត្ត​អារាម​ទាំងអស់​។ វត្ត​ជា​​និមិត្ត​រូប​​ស្មារតី​​នៃ​សហគមន៍​ជន​ជាតិ​​ខ្មែរ នៅ​ភូមិភាគ​ខាងត្បូង​វៀតណាម​​។ ភូមិស្រុក​​នីមួយ​ៗ​ សុទ្ធតែ​មាន​វត្តអារាម​​ជា​មជ្ឈមណ្ឌល​​​​ទ្រទ្រង់​សាសនា​ និង​​កិច្ច​ការ​​សង្គម។​
 

(ប្រភព​​៖ សមាគម​ព្រះពុទ្ធសាសនា​វៀតណាម​)​

លោកមា​ ថាច់​ អ៊ុត ជា​អ្នក​​​ណែនាំរៀបចំ​​ពិធីរៀបការ​​ ​ជូន​កូនប្រុស​ស្រីទាំង​ទ្វេ​​​ឱ្យ​​​​ដឹង​ថា​ ​​“​ព្រះសង្ឃ​​ជា​អ្នក​មាន​ចំណេះដឹង​ខ្ពង់​ខ្ពស់​​នៃ​​សហគមន៍​ និង​តែង​ទទួល​​​បាន​ភាព​​គោរព​កោតសរសើរ​​​ ម្លោះ​ហើយ​ការ​សិក្សា​អប់​រំ​ សម្រាប់​​ស្រទាប់​យុវវ័យ​​ គឺ​ជា​ចំណែក​ភារកិច្ច​មួយ​​របស់​ព្រះសង្ឃ”​​។​

យើង​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​​លើ​ពិធីរៀបការ​​ថ្ងៃ​នោះ ញាតិខាង​​កូន​ប្រុស​ស្រីទាំង​​ទ្វេ​ ​សុទ្ធ​តែអញ្ជើញ​ចូល​មក​​ប្រគេន​​ចង្ហាន់​​ដល់​ព្រះ​សង្ឃ ​ដែលទ្រង់​​និមន្ត​មកឆាន់​ ​ប្រទាន​ឱវាទ​​​ និងប្រទាន​ពរជ័យ​​​​ប្រោស​​ព្រំ​​​​ដល់​ក្រុម​គ្រួសារ​ខ្លួន​​។ ​ខ្ញុំ​មានចំណាប់អារម្មណ៍​​ មិនត្រឹម​តែ​ឃើញ​ប្រព្រឹត្តទៅ​ក្នុងពិធី​រៀប​ការប៉ុណ្ណោះ​ទេ​​នៅ​​ពេលខ្ញុំ​​ធ្វើ​ដំណើរ​​តាម​ដង​​​ផ្លូវ​ ក៏ជួប​​​​ប្រទះ​ឃើញ​​ប្រជាជន​​​ដាក់​​បត្រ​ប្រគេន​ចង្ហាន់​​ ផ្លែ​ឈើ ផ្កា​ ថ្វាយ​​ដល់​ព្រះ​សង្ឃ​ ​មិត្ត​ថាច់​ រីកើង​ ឱ្យ​ដឹង​ថា ​នេះ​ជា​លក្ខណៈ​​ល្អប្រពៃ​ ​នៃ​ផ្នត់​គំនិត​​ជនជាតិ​​ខ្មែរ​​។ ជនជាតិ​ខ្មែរ ​​បាន​ចាត់​ទុក​​​​ការបំពេញ​​កុសល​​ ​ថ្វាយ​ប្រគេនបរិក្ខារ​សម្រាប់​​​វត្ត​អារាម ​ជារបៀបប្រពៃណីទំនៀមទម្លាប់​​នៃជន​ជាតិ​​​ខ្លួន​។ ហេតុ​នេះហើយ​ ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​​តែងរួម​ដំណើរ​បញ្រ្ជាប​ចូល​ជីវិត​ព្រមទាំង​បាន​ជនជាតិ​ខ្មែរ​យកទៅ​​ប្រតិបត្តិ​​ក្នុង​​​ជីវភាព​​​ជាប្រចាំ​។ ប្រការ​នេះ បង្កើត​ជា​តម្លៃ​វប្បធម៌​​មនុស្ស​សាស្រ្ត​ សម្រាប់​ប្រជាជន​​ខ្មែរ​ ដែល​​តែង​រស់នៅប្រកប​​ដោយ​មេត្រីភាព​ និង​សុខដុមរមនា​។

 


 ក្រុម​គ្រួសារ​ ថាច់ រីកើង​ ធ្វើ​ពិធី​ថ្វាយ​ក្រុង​ពាលី​ ប្រកាលដល់​បុព្វការីជន ថា​កូន​ចៅ​​ចេញទៅដណ្តឹង​​​ប្រពន្ធ​។​ រូបថត៖ ថុង​ហាយ​


ពិធី​​ចង​​​ដៃ​ដល់​កូនប្រុសកូនស្រី​ទាំង​ទ្វេ ​នៅ​ផ្ទះខាង​ប្រុស។ រូបថត៖ ង្វៀន​ឡឹន


 ពិធី​​ដង្ហែ​នាំ​កូន​ស្រី​មក​កាន់​ផ្ទះ​កូន​ប្រុស​ ថាច់​ រីកើង​។ រូបថត៖ ង្វៀន​ឡឹន


 ព្រះចៅ​អធិការ​ ថាច់​ ញ៉ឹត​ គង់​នៅ​​វត្ត​ស្វាយ​សៀម​ថ្មី ប្រទាន​ពរ​ជ័យ​ដល់​គូ​ស្វាមី​ភរិយា ​ថាច់ រីកើង​ ក្នុង​ថ្ងៃ​រៀប​ការ​។ រូបថត៖ ថុង​ហាយ​​



ក្នុងថ្ងៃ​​បុណ្យ​ចូល​ឆ្នាំ​ថ្មី ក្រុម​គ្រួសារ ​ថាច់ រីកើង​ នៅ​ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ (Tra Vinh)  ​យក​ទឹក​អប់បន្ទាប់ពី​ស្រង់ទឹក​ព្រះ​​ មក​ប្រព្រឹត្ត​ពិធី​​លាង​ជើង​ ​ជូន​ជីដូន​ ជីតា​ អ្នក​មានគុណ​ សុំខមាទោស​ និងសុំប្រទាន​ពរ​ជ័យ​​ពី​លោក​អ្នកមានគុណ​។ រូបថត៖ ង្វៀន​ឡឹន​​


 ជនជាតិ​ខ្មែរ​ លាង​សម្អាត​ព្រះពុទ្ធ​បដិមាករ​ ដើម្បី​ត្រៀម​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ រូបថត៖ ង្វៀន​ឡឹន​​


អាសនៈ​​បូជាព្រះពុទ្ធ ​នៅ​ផ្ទះ​​ជនជាតិ​ខ្មែរ​ ​បាន​តុប​តែង​ស្អាត​ នារដូវ​​​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​។ រូបថត៖ ង្វៀន​ឡឹន​


សមណៈ​សិស្ស​រៀន​អក្សារ​សាស្រ្ត​ខ្មែរ​ នៅ​សាលាមធ្យម​សិក្សា​​បាលី​ ​ខេត្ត​ត្រាវិញ (Tra Vinh)​។ រូបថត៖ ង្វៀន​ឡឹន​


បងប្អូន​​ជនជាតិ​​ខ្មែរ​​កំពុង​​ស្តាប់​ព្រះធម៌​នៅ​វត្ត​អា​រាម​។ រូបថត៖​ ឯកសារ​កាសែតរូបភាព​វៀតណាម​

 

 បន្ទាប់ពី​បញ្ចប់​ពិធី​រៀបការ​ យើង​ខ្ញុំ​បញ្ឆៀង​ចូល​ទស្សនា​វត្ត​ ដែល​នៅក្បែរ​​ផ្ទះ​មិត្ត​ ថាច់ រីកើង​។ នាំយើង​ខ្ញុំ​​​ធ្វើ​ដំណើរ​​បណ្តើរ​​ លោកមា​​ ថាច់​ អ៊ុត ​​និយាយបណ្តើ​រថា​​៖ ”ជីវិត​ជនជាតិ​ខ្មែរ​ម្នាក់​ៗ ហាក់ដូចជាបាន​​​​ផ្សារភ្ជាប់​នឹង​វត្ត​អារាម​​ណា​​មួយស្រេចទៅហើយ​​ ក្នុង​ចិត្ត​របស់​ពួកកាត់ វត្ត​​អារាម​​ដូចជា​ទី​​ប្រជុំ​​​បរិយា​កាស​ពិសិដ្ឋ​​មួយ​ផ្សារ​ភ្ជាប់​​នឹង​​ក្រុម​​​គ្រួសារ​​ ក៏ដូចជា​សហគមន៍​​មនុស្សនៅ​​ជុំ​វិញ​។ ដូច្នេះ​ ទោះបី​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ ពួក​គាត់​​តែងតែ​នឹកដល់​​​វត្តអារាម ​​នៅឯ​ស្រុក​កំណើត​​ខ្លួន​ និង​ត្រៀម​រួម​ចំណែក​ជា​​កម្លាំង​ របស់របរ​​ ដើម្បី​កសាង​វត្តពី​មួយថ្ងៃទៅ​មួយ​ថ្ងៃ​​កាន់តែ​ល្អស្អាតឡើង​”។​

ពេល​ធ្វើដំណើរ​មកដល់​វត្តដើរ​កម្សាន្ត​ទស្សនា​ជុំវិញ​ យើង​ខ្ញុំ​ឃើញ​លក្ខណៈ​ស្ថាបត្យកម្ម​ពិសេស​​របស់​ជនជាតិ​ខ្មែរ​ គឺ​​​ខ្លោង​​ទ្វារ​ ព្រះ​វិហារ​ និងរបង​ព័ទ​ជុំ​វិញ​វត្ត​ បាន​តុបតែងទៅ​​​ដោយ​ក្បាច់​រចនា​​ និង​រូប​ចម្លាក់​បង្ហាញពី​ប្រវត្តិព្រះពុទ្ធ​​​​​​។ ទន្ទឹមនោះ​ ក្នុង​វត្ត​មាន​​​​ចេតិយ​​ដែល​បានសាងសង់​យ៉ាង​ច្រើន​​នៅជុំវិញ​​​បរិវេណ​វត្ត​ ​តាម​ការ​ស្វែង​យល់របស់​​យើង​ខ្ញុំ ទើប​​ដឹង​ថា ​នោះ​​ជាទីកន្លែង​​​សម្រាប់​​ដាក់​​អដ្ឋិធាតុនៃក្រុម​គ្រួសារ ​​សាច់​ញាតិ ​ក្នុង​វង្ស​ត្រកូលពេញ​ចែកឋានទៅ​​។ ពីព្រោះ​តាម​ទស្សនៈ​ទាន​ ​ក្នុង​ទំនៀម​ទម្លាប់​នៃ​​​ជនជាតិ​ខ្មែរ​ ពេល​ទើប​ប្រសូត្រ​ចេញ​ តែង​​បាន​ព្រះសង្ឃ​​ធ្វើ​ពិធី​​សុំសុខ​ ដល់ធំពេញ​វ័យ​បាន​ព្រះសង្ឃ​បង្រៀន​ប្រៀន​​ប្រដៅ​ រហូត​ដល់បាត់បង់​ជីវិត​ទៅ ​​ក៏គ្មាន​​បំណង​អ្វីក្រៅពី​ផ្ញើអដ្ឋិ​​ធាតុ​នឹង​វត្តអារាម​​ បាននៅ​​ជិត​សម្មាសម្ពុទ្ធ​​​។​

ក្នុង​​ការរៀបរាប់​​​បរិយាយ​​របស់​លោកមា ថាច់ ​អ៊ុក​ ​​ប្រការ​ពិសេសមួយ ​គឺ​បុរស​​ខ្មែរ​ ដែលមាន​​អាយុធំ​​ពេញ​វ័យ ​​សុទ្ធ​តែ​ត្រូវ​ឆ្លង​កាត់​ពេល​វេលា​បួសរៀន​​នៅ​ឯវត្ត​។ ទើប​ជនជាតិ​ខ្មែរស្ទើទាំងអស់​ ​​ តែង​ឱ្យ​កូន​ទៅ​​វត្ត​សាង​ផ្នួស​​​​ ចាប់​​ពី​​មាន​អាយុ​ប្រហែល​១២ ឬ១៣​ឆ្នាំ​។ សាង​ផ្នួស​​មិនត្រឹមតែ​​ ជា​សកម្មភាព​មានលក្ខណៈ​សាសនា​សុទ្ធសាធ​​ ម្យ៉ាង​​បុរស​​ខ្មែរ​​សុទ្ធតែ​មានគំនិត​យល់ឃើញថា​ ការបួសនៅ​​វត្ត គឺដើម្បី​​​រៀន​អក្សរ ​សីលធម៌​ ក្លាយជា​​មនុស្សមាន​ប្រយោជន៍​ដល់​សង្គម​​។ នោះក៏​​ជា​របៀប​​​មួយ​​​សន្សំបុណ្យ​កុសល​​ជូន​គ្រួសារ​ខ្លួន និង​​ជា​​របៀបបង្ហាញពី​ការ​​តបស្នង​សងគុណ​​​ដល់​ឪពុក​ម្តាយ​​។ បន្ទាប់ពី​​​​បួស​រៀន​នៅ​​​វត្ត​ បុរស​ជនជាតិ​ខ្មែរ​ អាច​ជ្រើស​ផ្លូវ​បួស​អស់មួយ​ជីវិត​ ឬ​សឹក​ចាកសិក្ខាបទ​​ត្រឡ​ប់​មក​ជីវភាព​គ្រួសារ​​​​ធ្វើ​កិច្ច​​ការ​​ផ្សេងៗ​​ដែល​ខ្លួន​ពេញ​ចិត្ត​។

ទៅកម្សាន្ត​​វត្ត​នារដូវ​បុណ្យ​ទាន​​

ក្នុង​ប៉ុន្មាន​ថ្ងៃ​នៅ​ខេត្ត​ត្រាវិញ (Tra Vinh) យើង​ខ្ញុំ​នៅ​បាន​ដឹង​ថា តាមរយៈ​រឿង​​ព្រេង​ ទេវកថា ស្តីពី​ពិធីបុណ្យ​​ប្រជាប្រិយ ​នៃ​បងប្អូន​ជន​​ជាតិ​ខ្មែរនៅ​ភូមិ​ភាគ​ខាង​ត្បូង​វៀតណាម​ ​បាន​​បង្ហាញ​ឡើងនូវ​មេរៀនខ្លឹម​សារ​អំពី​​​របៀប​​​រស់នៅ​​ បែប​​​ទ្រឹស្តី​ព្រះពុទ្ធ​​។​


​វត្ត​អារាម​​ចំពោះ​បងប្អូន​ជន​ជាតិ​ខ្មែរ​ប្រមាណ​​ ១,៣​លាន​នាក់​ នៅ​ភូមិ​ភាគ​​ខាង​ត្បូង​​​វៀតណាម​​​ ​ ​​មិនត្រឹម​ជា​មជ្ឈមណ្ឌល​សកម្មភាព​សាសនា​ នៅទាំង​បាន​ចាត់​ទុក​ជា​ “មជ្ឈមណ្ឌល​វប្បធម៌​ - សង្គម” និងជា “​ផ្ទះរួម​​”​ នៃ​បងប្អូនជនជាតិ​ខ្មែរ​។

(ប្រភព​៖ សមាគម​ពុទ្ធសាសនា​វៀតណាម​)​

ក្នុង​មួយ​ឆ្នាំ​ សហគមន៍​ជនជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ខាងត្បូង​​វៀតណាម​ មាន​ពិធី​​បុណ្យ​ទាន​​ប្រហែល​ជា​ង​ដប់​ពិធី​​ ក្នុង​នោះ​មាន​​ពិធីបុណ្យ​សំខាន់បី​​៖ ពិធី​បុណ្យ​​សែន​​ដូនតាឬភ្ជុំបិណ្ឌ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​ថ្វាយ​ព្រះខែ​ - អក​អំបុក​។ បុណ្យ​ចូល​ឆ្នាំ​ថ្មី ​​ជា​បុណ្យ​ប្រពៃណី​នៃ​​ជនជាតិ​ខ្មែរ នៅ​ភូមិ​ភាគខាង​ត្បូង​វៀត​​ណាម​ បាន​ប្រព្រឹត្ត​ទៅ​​ចាប់ពី​​ថ្ងៃទី​១៤ រហូត​ដល់ថ្ងៃទី១៦ ខែ​មេសា ជារៀង​រាល់​ឆ្នាំ​។ នេះ​ជា​ឱកាស​សម្រាប់​ពុទ្ធបរិស័ទ​ខ្មែរ​​ បង្ហាញពីទឹក​ចិត្ត​ដឹងគុណូបការ​របស់​​ខ្លួន ចំពោះ​​ព្រះពុទ្ធ ​​ឪពុក​ម្តាយ​ និង​បុព្វការីជន​​។​

មុន​ចូល​ឆ្នាំថ្មី​ ជនជាតិ​ខ្មែរ​ទិញប្រដាប់ប្រដា​​សម្រាប់​គ្រួសារ​ ប៉ុន្តែ​មិន​ភ្លេច​កិច្ច​ការ​សំខាន់​ គឺប្រើ​​កម្លាំង​និងទឹក​​ប្រាក់ ​​ថ្វាយប្រ​​​​​គេន​សម្រាប់ព្រះសង្ឃ​ជួសជុល​​តុប​តែង​វត្ត​អារាម​​នៅ​តាម​ភូមិស្រុកនីមួយៗ​​ ដែល​មានក្រុម​​គ្រួសារ​កំពុង​រស់​នៅ​។ នា​រាត្រី​អស់​ឆ្នាំ​ចាស់​​ផ្លាស់​ចូល​ឆ្នាំ​ថ្មី បន្ទាប់ពីធ្វើ​ពិធី​​​អុជ​ធូបនមស្ការ​​​ក្នុង​ផ្ទះរួច​​ ​​រាល់​ពិធី​ការ​​ទទួល​បុណ្យ​ចូល​ឆ្នាំថ្មី​សំខាន់ៗ សុទ្ធតែ​បាន​ប្រព្រឹត្តទៅ​​នៅក្នុង​​​វត្ត​​ លំអោន​​​ចិត្ត​គោរព​ចំពោះ​ព្រះពុទ្ធ​​និង​​បុព្វការី​ជន ​ដើម្បី​សុំ​ប្រទាន​ពរ​ជ័យ​មកលើ​​​​គ្រួសារ ឆ្នាំ​ថ្មី​សុខ​សាន្ត​​។​

  


 ពិធិ​កឋិន​ទាន​ជា​ពិធីដែល​​បងប្អូនជនជាតិ​​ខ្មែរ​​ ថ្វាយ​ប្រគេន​ចីវរ​ និងគ្រឿង​បរិក្ខារ ​ទៅ​ដល់​ព្រះសង្ឃ​ ស្តែង​ភាពផ្សារ​ភ្ជាប់​ស្អិត​រមួត​រវាង​ប្រជាជន ​និង​ពុទ្ធសាសនា​គណៈ​មហានិកាយ​។ រូបថត៖ វៀតគឿង​


 ពិធី​ស្រង​ទឹក​ព្រះ ​នា​រដូវបុណ្យ​​ចូល​ឆ្នាំ​ថ្មី​ របស់​បងប្អូនជនជាតិ​ខ្មែរ​។ រូបថត៖ ង្វៀន​ឡឹង​


ព្រះសង្ឃ​នៅ​វត្ត​កំពង់ (ត្រាវិញ - Tra Vinh​) ប្រើ​ដី​ឥដ្ឋ​សាង​ទី​​តម្កល់​ព្រះកេស​​​ព្រហ្ម​។​ រូបថត៖ ង្វៀន​ឡឹន


 ពិធី​ស្រង​សុគន្ធ​វារី​ដល់​ព្រះចៅ​អធិការ ​នា​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ របស់​​ព្រះសង្ឃ​ខ្មែរ​។ រូបថត៖ ង្វៀន​ឡឹន​


 ព្រះសង្ឃ​ទទួល​គ្រឿង​បរិក្ខារ​របស់​ពុទ្ធបរិស័ទ ​​នាថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​។ រូបថត៖  ង្វៀនឡឹន​


 វត្ត​ស្វាយ​សៀម​ចាស់​ ជាមួយ​នឹង​ស្ថាបត្យកម្ម​​ពិសេស​ នៃ​វត្ត​អារាម​ជាង​៦០០​ខ្នង​ នៅ​តំបន់​ភូមិ​ភាគ​ខាងត្បូង​វៀតណាម​​។ រូបថត៖ ង្វៀន​ឡឹន​


 ជនជាតិ​ខ្មែរ​ និង ព្រះសង្ឃ​ធ្វើពិធី​បង្សុកូល​​​នៅ​ចេតិយ​បុព្វការី​ជន​ ដើម្បី​ឧទ្ទិសកុសលជូន​លោក​។​​ រូបថត៖ ង្វៀន​ឡឹន


  នៅ​រដូវ​បុណ្យទាន​ ជនជាតិ​ខ្មែរ​ រីករាយ​ចូល​រួម​ប្រឡង​​កីឡា ​នៅ​តាម​វត្ត​ដូចជា​ វាយ​បាល់ទះ​ ទាញ​ព្រ័ត្រ​​ជាដើម​។ រូបថត៖ ​ឯកសារ​កាសែតរូបភាព​វៀតណាម​

ប្រណាំង​គោ​ភ្នំ​ប្រាំពីរ​ (Bay Nui) នៅ​ស្រុក​ទិញ​បៀន​ (Tinh Bien) ខេត្ត​អាន​យ៉ាង (An Giang)។ រូបថត៖ ឯកសារ​កាសែតរូបភាព​វៀតណាម​
 

បុណ្យ​ចូល​ឆ្នាំថ្មី​ របស់​ជនជាតិ​ខ្មែរ​​តែង​ប្រព្រឹត្តទៅ​ក្នុង​​អំឡុង​ពេល​បី​ថ្ងៃ​។ ថ្ងៃ​ដំបូង​ធ្វើ​ពិធី​កិច្ច​សាសនា​ សូត្រ​មន្ត​​​ចម្រើន​ព្រះ​បរិត្ត និង​​សម្តែង​ធម្មទេសនា អំណរ​បុណ្យចូល​​​ឆ្នាំ​ថ្មី។ ថ្ងៃទី​២ ពុទ្ធបរិស័ទ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ និង​​ពួន​ភ្នំ​ខ្សាច់​។ សូត្រ​ធម៌​បង្សុកូល​តាម​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណក្ខន្ធ​​ ហើយ​សុំ​សេចក្តី​សុខ​ជួន​​ដល់​អ្នក​ដែល​មានជីវិត​​។ ថ្ងៃទី​៣ ប្រព្រឹត្តទៅ​ពិធី​ស្រង់​ទឹក​ព្រះ​​​​​​ស្រង់ទឹកព្រះចៅអធិការ​វត្ត​ និង​លាង​ដៃជើង​ជូន​​អ្នកមាន​គុណ​។​

ក្នុងថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មី​​ប្រពៃណី​ វត្តអារាម​របស់ជនជាតិ​ខ្មែរ​ ហាក់​ដូចជា​មាន​ភាព​អូអរលេចធ្លោ​​​ឡើង​វិញ​។ ព្រះពុទ្ធ​បដិមា​ករ​ ព្រះ​វិហារ​ ខ្លោង​ទ្វារ​ បាន​លាបទៅ​​ដោយ​ពណ៌មាស​ បរិវេណ​វត្ត​តុប​តែង​ស្អាត​បាត​។ ក្រុម​មនុស្ស​នីមួយ​ៗ​ជាមួយនឹង​​សម្លៀក​បំពាក់​ឆើត​ឆាយ​ ទឹក​មុខ​ស្រស់​រីក​រាយ​ ដៃ​កាន់​ធូប​​ទៀន​ និង គ្រឿង​បរិក្ខារធ្វើដំណើរ​ទៅ​​វត្ត​។​

តាម​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​ អ្នក​ស្លាប់​​​ក្នុង​គ្រួសារ​សុទ្ធតែ​បាន​​បូជាព្រះ​​អគ្គី និងផ្ញើ​អដ្ឋិធាតុ​នៅ​ក្នុង​វត្ត​។ ដូច្នេះ​​ហើយ​ ក្នុង​អំឡុងពេល​​​បីថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ពួកគាត់​មាន​​ទស្សនទាន​មួយ​ “​យើង​ពិសា​អ្វី​ គឺ​ជីដូន​ជីតា​លោកពិសា​​របស់​​ហ្នឹង​”។ គ្រឿង​បរិក្ខារ​​សែន​ថ្វាយ ដែល​​មិនអាច​រំលង​បាន​ គឺ​នំ​អន្សម​ជ្រូក ផ្លែឈើ​នៅ​នឹង​​ចម្ការ​ សំពត់​ស​​​មួយ​ផ្ទាំង​ ដើម្បី​ឆាក​បង្សុកូល​​ជូនទៅ​ដល់​ជីដូន​ជីតា ​ទុកឱ្យ​គាត់បាន​​ប្រើប្រាស់​។​ ឆ្លង​បី​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​ថ្មីនៅ​វត្ត​ មនុស្ស​គ្រប់​គ្នា​ទើប​ត្រឡប់​មក​ផ្ទះ ​ប្រព្រឹត្ត​ពិធីលាង​ដៃ​ជើង​​​​​ជូន​ឪពុក​​ម្តាយ ជីដូន​ជីតា​ ដើម្បី​​​​​ខមាទោស​ និង​​សុំ​ពរជ័យ​អំពីលោក​អ្នក​មានគុណ​។

អាច​និយាយ​ថា​ ឆ្លងកាត់​​ច្រើន​សតវត្ស​រ៍​ ពុទ្ធសាសនា​គណៈ​មហានិកាយ​បាន​​រួម​ចំណែក​​បង្កើត​បាន​​​​លក្ខណៈ​វប្បធម៌​​ពិសេស​ របស់​ជនជាតិ​ខ្មែរ​និយាយ​ដោយ​​ឡែក​ និង​​វប្បធម៌​សហគមន៍​ជនជាតិ​​វៀតណាមនិយាយ​រួម​​៕​


នៅ​តំបន់​ភូមិ​ភាគ​ខាងត្បូង​វៀតណាម​ សព្វថ្ងៃ​មានវត្ត​​អារាមតូច​ធំ​​​​​ប្រហែល​ជាង​​៦០​០ ​ ជាមួយ​នឹង​​ព្រះសង្ឃ​​​​ជាង​១០.០០០ព្រះ​​​​អង្គ​ ក្នុង​នោះ​មាន​វត្ត​អារាម​បាន​កសាង​មុន​នេះ​រាប់រយ​សតវត្ស​រ៍​ បាន​ទទួល​ស្គាល់​ជា​បេតិកភណ្ឌ​​ជាតិ​ បេតិកភណ្ឌ​ស្ថាបត្យកម្ម​សិល្បៈ​ថ្នាក់​ជាតិ​ដូចជា៖ វត្ត​អង្គ​ វត្ត​កំពង់​ វត្ត​កំពង់​ជ្រៃ​​​ វត្ត​មហាធប់​ជាដើម​។

(​ប្រភព​៖ សមាគម​ពុទ្ធសាសនា​​វៀតណាម​)​ 
 

 អត្ថបទ៖ ង៉ឹន​ហា - រីកើង​

 

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top