ប្រតិភូដែលចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុ Belem មុនសន្និសីទ COP៣០ ថតរូបជាក្រុមនៅទីក្រុង Belem ប្រទេសប្រេស៊ីល ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Adriano Machado
ចំណុចសំខាន់មួយនៃ COP៣០ គឺជាការអំពាវនាវឱ្យបង្កើនហិរញ្ញប្បទានអាកាសធាតុសកលចំនួន ៣ ដង ពីកម្រិត ៣០០ ពាន់លានដុល្លារក្នុងមួយឆ្នាំនាបច្ចុប្បន្ន ឡើងដល់ ១,៣ ពាន់ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣៥។ លោក Simon Stiell អគ្គលេខាធិការអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានព្រមានថា ការសន្យានាពេលបច្ចុប្បន្ន "មានល្បឿនមិនគ្រប់គ្រាន់ទេ" ដើម្បីកាត់បន្ថយការបំភាយឧស្ម័នសកល។ លោកបានឲ្យដឹងថា ប្រទេសចំនួន ១១៤ បានស្នើឡើងនូវគោលនៃការចូលរួមវិភាគទានជាតិថ្មី ដែលគ្របដណ្ដប់ ៦៩% នៃការបំភាយឧស្ម័នសកល ប៉ុន្តែការកាត់បន្ថយប្រមាណ ១២% នៅត្រឹមឆ្នាំ ២០៣៥ នៅតែមិនគ្រប់គ្រាន់ទេ ដើម្បីរក្សាការឡើងកម្ដៅពិភពលោកឲ្យនៅក្រោម ១,៥អង្សាសេ។
សន្និសីទ COP៣០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា នៅតំបន់អាម៉ាហ្សូនភាគកណ្តាល ត្រូវបានរំពឹងថានឹងបើកចេញដំណាក់កាលនៃសកម្មភាពដ៏ខ្លាំងក្លាជាង ក្នុងការការពារអាកាសធាតុពិភពលោកឆ្ពោះទៅរកអនាគតដ៏យុត្តិធម៌ និងនិរន្តរភាព៕