នៅក្នុងពិធីតាំងពិព័រណ៍សមិទ្ធផលជាតិ "៨០ឆ្នាំ នៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល" ដែលកំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (ហាណូយ) ស្តង់របស់ក្រុមហ៊ុន VinRobotics និង VinMotion នៃសម្ព័ន្ធក្រុមហ៊ុន Vingroup បានក្លាយជាចំណុចសំខាន់មួយ ដែលទាក់ទាញភ្ញៀវយ៉ាងច្រើនចូលទស្សនា។
ជាមួយនឹងលំហតាំងពិព័រណ៍ ដែលបានរចនាបែបបើកចំហ តំបន់តាំងបង្ហាញមនុស្សយន្ត របស់ Vingroup អនុញ្ញាតឱ្យមនុស្សគ្រប់គ្នា អាចសង្កេតមើលយ៉ាងជិតស្និទ្ធ មានទំនាក់ទំនងផ្ទាល់ និងទទួលបានបទពិសោធន៍ពីការប្រើប្រាស់ មនុស្សយន្តក្នុងជីវភាពរស់នៅយ៉ាងរស់រវើក និងជិតស្និទ្ធបំផុត។ ស្តង់នេះ បានទទួលភ្ញៀវរាប់ពាន់នាក់ ចាប់ពីកុមារ និស្សិត រហូតដល់អ្នកជំនាញបច្ចេកវិទ្យា ដែលបង្កើតបានជាបរិយាកាសដ៏រំភើប និងអ៊ូអរ។
ចំណុចលេចធ្លោគឺផលិតផលរបស់ VinRobotics ដូចជា VR-H2 នៅតំបន់ "រថយន្តឡាកហ៊ុង" សម្រាប់ណែនាំភ្ញៀវទេសចរ VR-H1 “Vin-Kong” សម្រាប់ស្វាគមន៍ និងប្រាស្រ័យទាក់ទង ដោយភាពស្និទ្ធស្នាល តំបន់ដៃយន្តជាមួយនឹងហ្គេមខ្នាតតូច និងការប្តូរកាដូ ព្រមទាំងវេទិកាក្រៅផ្ទះ VR-H3 & M2 ដែលបង្ហាញពីចលនាបត់បែន និងការថតរូបអនុស្សាវរីយ៍។
អ្នកស្រី វូ ធីញឹតឡេ បុគ្គលិករបស់ VinRobotics បានឱ្យដឹងថា ដោយសារតែការស្រាវជ្រាវ និងអភិវឌ្ឍន៍បានធ្វើឡើងតាំងពីដំបូង ដូច្នេះការផលិតមនុស្សយន្តពេញលេញមួយ ត្រូវចំណាយពេលវេលាយ៉ាងច្រើន។ រាល់ពេលដែលផលិតផលថ្មីបានបញ្ចប់ ក្រុមការងារ VinRobotics នឹងយកវាទៅសាកល្បងប្រើប្រាស់ក្នុងរោងចក្រ ដើម្បីពិនិត្យមើលចំណុចខ្វះខាត និងកែលម្អឱ្យស្របតាមតម្រូវការជាក់ស្តែង នៃទីផ្សារប្រើប្រាស់។
អ្នកស្រី ឡេ បានបញ្ជាក់ថា៖ “មកទល់ពេលនេះ ផលិតផលរបស់ VinRobotics នឹងបានប្រើប្រាស់ជាចម្បងនៅក្នុងរោងចក្រឧស្សាហកម្មប៉ុណ្ណោះ។ VinRobotics សង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ សាធារណជនអាច “ប៉ះ មើលឃើញ និងយល់” អំពីបច្ចេកវិទ្យាមនុស្សយន្ត ស្វែងយល់អំពីលទ្ធភាពនៃការប្រើប្រាស់ជាក់ស្តែង ក្នុងជីវភាពរស់នៅ និងសេវាកម្ម ព្រមទាំងទទួលបានបទពិសោធន៍កម្សាន្ត ដែលស្និទ្ធស្នាល សុវត្ថិភាព និងគួរឱ្យចំណាប់អារម្មណ៍”។
ទន្ទឹមនឹងនោះ ផលិតផលមនុស្សរបស់ VinMotion ក៏បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ តាមរយៈការធ្វើចលនាដើរ ការប្រាស្រ័យទាក់ទង ការគោរពវិន័យ។ល។ ជាមួយនឹងប្រព័ន្ធសេនស័រ (Sensor) វាស់ចម្ងាយ ដើម្បីរក្សាតុល្យភាពក្នុងអំឡុងពេលធ្វើចលនាបត់បែន ដែលមិនមែនជាការកំណត់កម្មវិធីទុកជាមុនឡើយ។
លោក ង្វៀន ទ្រុងវឹន ប្រធានក្រុមហ៊ុន VinMotion បានមានប្រសាសន៍ថា៖ “ដើម្បីសម្រេចបាននូវចំណុចនេះ ក្រៅពីស្ថេរភាពនៃគ្រឿងរឹង (Hardware) និងកម្មវិធីបញ្ជាចលនា យើងខ្ញុំត្រូវធានាឱ្យបាននូវការគណ៌នាពេលវេលាជាក់ស្តែង (Real-time) ដ៏ល្អបំផុត និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់មនុស្សយន្តទាំងនោះ។ ចំណុចនេះធានាបាននូវ “ការប្រាស្រ័យទាក់ទង” រវាងមនុស្សយន្តបានធ្វើសមកាលកម្មស្ទើរតែទាំងស្រុង ហើយក្បួនដោះស្រាយ (Algorithm) ត្រូវបានអនុវត្តក្នុងពេលវេលាជាក់ស្តែង”។
បច្ចុប្បន្ន VinMotion ក៏កំពុងអភិវឌ្ឍមនុស្សយន្ត សម្រាប់បម្រើក្នុងរោងចក្រ ឃ្លាំងទំនិញ ការទទួលភ្ញៀវ ឬជំនួយកិច្ចការគ្រោះថ្នាក់ជំនួសមនុស្ស ដូចជានៅក្នុងបរិស្ថានលំបាកៗ ដែលលើសពីសមត្ថភាពចលនារបស់មនុស្សយន្ត (humanoid robot) បច្ចុប្បន្ន។
នៅពេលប្រាស្រ័យទាក់ទងជាមួយមនុស្សយន្តបស់ Vingroup នៅក្នុងអង្គពិព័រណ៍ លោក វូ ទុងឡឹម បាននិយាយថា៖ “ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសន្ទនា និងចលនាបត់បែន របស់ផលិតផលនេះ”។
អាចនិយាយបានថា ផលិតផលមនុស្សយន្តរបស់ Vingroup គឺជាភស្តុតាង ដែលបង្ហាញថា វៀតណាមកំពុងដើរទាន់និន្នាការបច្ចេកវិទ្យាពិភពលោក ក៏ដូចជាបញ្ជាក់ពីសមត្ថភាពផលិតរបស់សហគ្រាសក្នុងស្រុកនាពេលបច្ចុប្បន្ន៕
លំហតាំងពិព័រណ៍មនុស្សយន្តរបស់ក្រុមហ៊ុន VinMotion នៃសម្ព័ន្ធក្រុមហ៊ុន Vingroup នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិហាណូយ។
មនុស្សយន្តដែលបានដាក់បង្ហាញអាចដើរ និងប្រាស្រ័យទាក់ទង ជាមួយអ្នកប្រើប្រាស់ តាមរយៈចលនាបក់ដៃ និងការសន្ទនា។
ស្តង់តាំងបង្ហាញមនុស្សយន្ត Vingroup ទទួលបានការចាប់អារម្មណ៍ និងភាពរីករាយយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ។
ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ ជាមួយផលិតផលលេចធ្លោរបស់ VinMotion។
យុវជនជាច្រើនមានការងឿងឆ្ងល់ និងចង់ដឹងចង់ឃើញ នៅពេលឃើញមនុស្សយន្ត អាចប្រាស្រ័យទាក់ទងផ្ទាល់ជាមួយមនុស្សជាលើកដំបូង។
មនុស្សយន្តរបស់ VinMotion អាចនិយាយ និងមានទំនាក់ទំនង ជាមួយអ្នកនៅចំពោះមុខ។
មនុស្សយន្តរាងមនុស្សពហុមុខងារដំបូងបង្អស់ ដែលមានស្លាកពាណិជ្ជសញ្ញា "Made in Vietnam"។
ផលិតផលដែលបានស្រាវជ្រាវ ដើម្បីជួយសម្រួលដល់មនុស្ស ក្នុងការផលិតកម្ម និងការងារ។
កុមារតូចៗជាច្រើន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានជជែកជាមួយមនុស្សយន្ត។
សម្ព័ន្ធក្រុមហ៊ុន Vingroup បង្កើតក្រុមហ៊ុន VinMotion ជាផ្លូវការ ដែលជាការបោះជំហានថ្មី ក្នុងយុទ្ធសាស្ត្រដណ្តើមយកវិស័យបច្ចេកវិទ្យាខ្ពស់។
ទោះបីជាស្ថិតក្នុងដំណាក់កាលដំបូងក៏ដោយ ប៉ុន្តែ VinMotion បានដាក់ឱ្យដំណើរការនៅក្នុងរោងចក្រផលិតរបស់ VinFast ដើម្បីជួយក្នុងការដឹកជញ្ជូនគ្រឿងបន្លាស់ ត្រួតពិនិត្យគុណភាព និងប្រតិបត្តិការ លើខ្សែសង្វាក់ដំឡើង។
ស្តង់តាំងបង្ហាញមនុស្សយន្ត និងផលិតផលថ្មី របស់សម្ពន្ធក្រុមហ៊ុន Vingroup បានភ្ញៀវទេសចរអញ្ជើញចូលមកទស្សនាយ៉ាងកុះករ។
ដៃមនុស្សយន្តពហុមុខងារដំបូងបង្អស់ ដែលមានស្លាកពាណិជ្ជសញ្ញា "Made in Vietnam"។
- រៀបរៀង៖ ងឹនហា/ខាញ់ឡុង/កាសែតរូបភាពវៀតណាម