នៅប៉ុន្មានថ្ងៃចុងខែសីហានេះ បរិយាកាសក្នុងរដ្ឋធានីហាណូយមានភាពអ៊ូអរ និងសប្បាយរីករាយ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ២ ខែកញ្ញា ខិតជិតមកដល់។ ផ្លូវគ្រប់ខ្សែ និងច្រកផ្លូវតូចៗ នីមួយៗត្រូវបានតុបតែងដោយទង់ជាតិពណ៌ក្រហម ផ្កាយមាស និងផ្កាស្អាតៗ ដែលបង្កើតបានជារូបភាពដ៏រស់រវើក និងពោរពេញដោយពណ៌ស្រស់ឆើតឆាយនៃរាជធានីហាណូយ។
តាំងពីព្រឹកព្រលឹម រដ្ឋធានីហាណូយបានភ្លឺចែងចាំងដោយពណ៌ក្រហមនៃទង់ជាតិ។ នៅតាមបណ្ដោយផ្លូវសំខាន់ៗដូចជា លេលើយ (Le Loi) លីថាយតូ (Ly Thai To) ឌិញទៀនហ័ង( Dinh Tien Hoang) ទង់ជាតិរាប់រយត្រូវបានព្យួរខ្ពស់ ហោះហើយតាមខ្យល់បក់ស្រាលៗនាពេលព្រឹក។ បដាធំៗមានអក្សរថា "អបអរសាទរខួប ៨០ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម" ត្រូវបានព្យួនៅតាមផ្លូវប្រសព្វនានា ដែលបង្កើតបានជាទិដ្ឋភាពដ៏ឱឡារិក។
ផ្កាស្រស់ៗក៏បានរួមចំណែកធ្វើឲ្យរូបរាងរបស់រាជធានី កាន់តែស្រស់ស្អាតថែមទៀត។ ផ្កាដេស៊ីពណ៌លឿង Chrysanthemu ផ្កាកុលាបក្រហម និងផ្កា salem ពណ៌ស្វាយ ត្រូវបានដាំដុះក្នុងសួនច្បារ សួនផ្កា និងតាមបណ្ដោយចិញ្ចើមផ្លូវ។ ជាពិសេស តំបន់ជុំវិញបឹង ហ្គៀម (Guom) (បឹង ហ័នគៀម (Hoan Kiem)) បានក្លាយជាចំណុចពិសេសមួយ ដែលមានកម្រាលផ្កាចម្រុះពណ៌ ដែលបង្កើតបានជាទិដ្ឋភាពដ៏មនោរម្យ និងរ៉ូមែនទិក នៅកណ្តាលរដ្ឋធានីហាណូយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺទិដ្ឋភាពប្រជាជន ឆ្លៀតឱកាសថតរូបទុកជាអនុស្សាវរីយ៍។ ចាប់ពីនារីវ័យក្មេងស្លៀកពាក់អាវផាយប្រពៃណី រហូតដល់អ្នកវ័យចំណាស់មានសក់ស្កូវ ប្រជាជនគ្រប់គ្នាចង់បានរូបថតដ៏ស្រស់ស្អាតសម្រាប់ខ្លួនឯង នៅក្បែរទង់ជាតិ និងផ្កាស្រស់ៗ។ ទីតាំង Check-in ដ៏ល្បីល្បាញ ដូចជា ទីលាន បាឌិញ (Ba Dinh) ផ្លូវ ដុកឡឹប (Doc Lap) វិមានរដ្ឋសភា... តែងតែមានមនុស្សច្រើនកុះករ។
ទិវាបុណ្យឯករាជ្យជាតិ ២ កញ្ញា មិនត្រឹមតែជាឱកាស ដើម្បីតុបតែងផ្លូវថ្នល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ប្រជាជនហាណូយបង្ហាញពីមោទនភាពជាតិ និងស្នេហាជាតិទៀតផង។ តាមរយៈទង់ជាតិ ដែលត្រូវបានព្យួរខ្ពស់ តាមរយៈផ្កាស្រស់ៗ និងតាមរយៈស្នាមញញឹមដ៏ស្រស់បំព្រងលើផ្ទៃមុខរបស់ប្រជាជនគ្រប់គ្នា ស្មារតីសាមគ្គីភាព និងមោទកភាពជាតិត្រូវបានបញ្ជាក់ជាថ្មីម្តងទៀតយ៉ាងខ្លាំងក្លា។
រដ្ឋធានីហាណូយនៅថ្ងៃនេះមិនត្រឹមតែស្រស់ស្អាតដោយសារទង់ជាតិ និងផ្កាប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ស្រស់ស្អាតដោយសារក្តីស្នេហាជាតិ និងការឯកភាពគ្នារបស់ប្រជាជនទាំងមូលផងដែរ។ នោះគឺជាភាពស្រស់ស្អាតនៃរដ្ឋធានីដ៏វីរភាពមួយ ដែលទីរួមផ្សំរវាងប្រពៃណី និងទំនើប ហើយជាកន្លែង ដែលមនុស្សគ្រប់រូបមានមោទកភាពជាពលរដ្ឋវៀតណាម៕
- អត្ថបទ៖ កុងដាត រូបថត៖ កុងដាត ហ្វ័ងហា ថាញយ៉ាង / VNP