ទីក្រុងហូជីមិញ កំពុងជម្រុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ដោយឆ្ពោះទៅរកការធ្វើឱ្យវិស័យនេះក្លាយជាវិស័យសេដ្ឋកិច្ចមុខស្រួច។
ទីក្រុងហូជីមិញ កំពុងជម្រុញការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ដោយឆ្ពោះទៅរកការធ្វើឱ្យវិស័យនេះក្លាយជាវិស័យសេដ្ឋកិច្ចមុខស្រួច។ ជាមួយនឹងសក្តានុពលច្នៃប្រតិដ្ឋ ប្រភពធនធានវប្បធម៌ដ៏សម្បូរបែប និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ទីក្រុងរំពឹងនឹងបង្កើត កម្លាំងចលករកំណើនថ្មីសម្រាប់អនាគត។
របត់ដ៏សំខាន់មួយ គឺនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ទីក្រុងហូជីមិញ បានអង្គការ UNESCO ចុះបញ្ជីជា “ទីក្រុងច្នៃប្រតិដ្ឋក្នុងវិស័យភាពយន្ត" កាយជាតំណាងដំបូងរបស់អាស៊ីអាគ្នេយ៍ ដែលទទួលបានពានរង្វាន់នេះ។ នេះបានចាត់ទុកថា ជាឱកាសមួយ សម្រាប់ទីក្រុងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មវប្បធម៌ តាមទិសដៅប្រកបដោយវិជ្ជាជីវៈ និងការធ្វើសមាហរណកម្មអន្តរជាតិ។
ទស្សនិកជនយ៉ាងច្រើនកុះករ បានចូលរួមទស្សនាដោយសប្បាយរីករាយ នូវកម្មវិធីសិល្បៈតន្ត្រីក្នុងភាពយន្ត "Cineshow - Music in Film" នៅលើឆាកដ៏អស្ចារ្យក្រៅអាគារ
នៃមហោស្រពភាពយន្តអន្តរជាតិទីក្រុងហូជីមិញ។ រូបថត៖ ឯកសារ
ទិដ្ឋភាពទូទៅនៃលំហដ៏ស្កឹមស្កៃរបស់មហោស្រពភាពយន្តអន្តរជាតិទីក្រុងហូជីមិញ នៅតំបន់រោងមហោស្រពទីក្រុង។ រូបថត៖ ឯកសារ
បច្ចុប្បន្ននេះ ទីក្រុងហូជីមិញ ជាមូលដ្ឋានដែលមានទំហំឧស្សាហកម្មវប្បធម៌ធំបំផុត នៅក្នុងប្រទេស ដោយមានពលករប្រមាណ ៩៧.០០០នាក់ និងសហគ្រាសជាង ១៧.៦៧០ កំពុងប្រតិបត្តិការក្នុងវិស័យច្នៃប្រតិដ្ឋនានា។ ក្នុងដំណាក់កាលឆ្នាំ២០១០ - ២០១៩ តម្លៃផលិតកម្ម នៃវិស័យឧស្សាហកម្មវប្បធម៌ បានកើនឡើងពីជាង ៣៦.០០០ពាន់លានដុង ដល់ជាង ៨៤.០០០ពាន់លានដុង (ប្រហែលជាង៣ ពាន់លានដូល្លាអាមេរិក)។ គិតត្រឹមចុងឆ្នាំ២០២៥ វិស័យនេះ បានរួមចំណែកប្រមាណ ៥.៧% នៃ GRDP របស់ទីក្រុង។
សក្តានុពលនៃការអភិវឌ្ឍ ក៏បានមកពីប្រភពធនធានវប្បធម៌ដ៏សម្បូរបែបផងដែរ។ បច្ចុប្បន្ន ទីក្រុងមានទម្រង់វប្បធម៌ - កេរដំណែលប្រវត្តិសាស្ត្រចំនួន ៣១៤កន្លែងបានរៀបចំណាត់ថ្នាក់ ក្នុងនោះមានកេរដំណែលពិសេសថ្នាក់ជាតិចំនួន ៤កន្លែង រួមជាមួយនឹងពិធីបុណ្យប្រពៃណីពិសេសៗជាច្រើនដូចជា៖ ពិធីបុណ្យ ង៉ិញអុង (Nghinh ong) ពិធីបុណ្យនៅបូជនិយដ្ឋាន ធៀនហូវ (Thien Hau) ពិធីបុណ្យងួនសៀវ/បុណ្យសែនគោម ឬសិល្បៈម៉ុងសាយ ។ល។ នេះគឺជាប្រភពនៃការបំផុសគំនិតដ៏សំខាន់ សម្រាប់វិស័យភាពយន្ត ការរចនា ការផ្សាយពាណិជ្ជកម្ម ទេសចរណ៍វប្បធម៌ និងវិស័យច្នៃប្រតិដ្ឋជាច្រើនទៀត។
ក្រៅពីនេះ ទីក្រុងហូជីមិញក៏មានប្រៀបខ្លាំងក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈទ្រង់ទ្រាយធំផងដែរ។ មហោស្រពភាពយន្តអន្តរជាតិ ពិធីបុណ្យអាវផាយ ពិធីបុណ្យទន្លេ ព្រមទាំងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ និងតន្ត្រីនានា បានរួមចំណែកបង្កើតនូវជីវភាពវប្បធម៌ដ៏រស់រវើក ទាក់ទាញសាធារណជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
ពិធីបុណ្យពន្លឺ 3D mapping ក្នុងកម្រងព្រឹត្តិការណ៍ “ពណ៌សម្បុរទីក្រុងឈ្មោះអ៊ំ” នៅទីក្រុងហូជីមិញ។ រូបថត៖ ឌិញ ហាយង៉ុក
ការសម្ដែងសិល្បៈបង្កើតរូបរាងមនុស្សយន្ត ដែលបង្ហាញពីស្មារតីបច្ចេកវិទ្យា និងការច្នៃប្រតិដ្ឋថ្មី នៅ GRECO 2025។ រូបថត៖ ថុងហាយ/VNP
ជាពិសេស បន្ទាប់ពីការបញ្ចូលភូមិសាស្រ្តរដ្ឋបាល និងអនុវត្តទម្រង់រដ្ឋបាលពីរថ្នាក់ ទីក្រុងទទួលបាននូវគុណសម្បត្តិថ្មីៗជាច្រើនទៀត។ ខេត្តប៊ិញយឿង ជាមួយនឹងចំណុចខ្លាំងខាងបច្ចេកវិទ្យា ត្រូវបានរំពឹងថានឹងជួយគាំទ្រដល់បរិវត្តកម្មឌីជីថល និងការអនុវត្តបច្ចេកវិទ្យាក្នុងវិស័យច្នៃប្រតិដ្ឋ។ ទន្ទឹមនឹងនោះ ខេត្តបារៀ - វុងតាវ ដែលមានសក្តានុពលទេសចរណ៍ និងកីឡាសមុទ្រ នឹងរួមចំណែកអភិវឌ្ឍន៍ព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ថ្នាក់អន្តរជាតិ។
យោងតាមគម្រោងអភិវឌ្ឍន៍វិស័យឧស្សាហកម្មវប្បធម៌ ដល់ឆ្នាំ២០៣០ ទីក្រុងហូជីមិញបានកំណត់គោលដៅទទួលចំណូលពីវិស័យនេះ នឹងរួមចំណែកលើសពី ៧.២% នៃ GRDP។ ទីក្រុង នឹងផ្តោតលើការអភិវឌ្ឍវិស័យសំខាន់ៗចំនួន ៨ រួមមាន៖ ភាពយន្ត សិល្បៈសម្តែង វិចិត្រសិល្បៈ ម៉ូដសម្លៀកបំពាក់ ថតរូប តាំងពិព័រណ៍ ផ្សាយពាណិជ្ជកម្ម និងទេសចរណ៍វប្បធម៌។ ទន្ទឹមនឹងនោះ ទីក្រុងខិតខំកសាងពាណិជ្ជសញ្ញាជាតិ ឱ្យបានយ៉ាងហោចណាស់ចំនួន ៥ នៅក្នុងវិស័យទាំងនេះ។
ការសម្ដែងល្ខោន ហាតបូយ (Hat Boi) នៅតាមដងផ្លូវក្នុងទីក្រុងសាយហ្គន។ រូបថត៖ ថុងហាយ/VNP
របាំនាគរបស់ជនជាតិចិន ក្នុងឱកាសបុណ្យងួនសៀវ (ពិធីបុណ្យសែនគោម) នៅសាយហ្គន។ រូបថត៖ ត្រឹន ថេផុង
ដើម្បីសម្រេចបាននូវគោលដៅនេះ ទីក្រុងនឹងពង្រាយគោលនយោបាយអនុគ្រោះ ផ្នែកពន្ធដារ និងឥណទាន ពង្រឹងការការពារកម្មសិទ្ធិបញ្ញា គាំទ្រដល់សិល្បករ សិល្បការិនី និងសហគ្រាសច្នៃប្រតិដ្ឋ ព្រមទាំងជំរុញការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ ការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា និងបរិវត្តកម្មឌីជីថល។
ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ មិនត្រឹមតែបង្កើតតម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងអំណាចទន់ ផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងប្រជាជនវៀតណាម ទៅកាន់ពិភពលោកផងដែរ។ ជាមួយនឹងផលប្រយោជន៍ដែលមានស្រាប់ រួមផ្សំនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ច្បាស់លាស់ ទីក្រុងហូជីមិញ កំពុងបោះជំហានបន្តិចម្ដងៗ ក្នុងការនាំយកឧស្សាហកម្មវប្បធម៌ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចមុខស្រួច បង្កើតជាកម្លាំងចលករ សម្រាប់កំណើនចីរភាពនាពេលអនាគត៕
អត្ថបទ៖ ថាញ់ហ្វា/VNP
រូបថត៖ ថុងហាយ/VNP ត្រឹន ថេផុង ឌិញ ហាយង៉ុក និងឯកសារ
ប្រែសម្រួល៖ រីកើង