ការស្វែងយល់

៥០ឆ្នាំ ទីក្រុងដាក់ឈ្មោះ តាមឈ្មោះលោកអ៊ំ - អនុស្សាវរីយ៍ជាប់ជានិច្ច

បន្ទាប់​ពីរយៈពេល ៥០ឆ្នាំ ដែល​​​ទទួល​បាន​​កិត្តិយស​ ដោយយក​ឈ្មោះ​​ ​លោក​ប្រធាន ហូជីមិញ (១៩៧៦ - ២០២៦) មកដាក់ឈ្មោះទីក្រុង​ហូជីមិញ បាន​និង​កំពុង​ផ្លាស់​ប្តូរ​មុខ​មាត់​ថ្មី និង​អភិវឌ្ឍខ្លួន​មិនឈប់ឈរ។

បន្ទាប់​ពីរយៈពេល ៥០ឆ្នាំ ដែល​​​ទទួល​បាន​​កិត្តិយស​ ដោយយក​ឈ្មោះ​​ ​លោក​ប្រធាន ហូជីមិញ (១៩៧៦ - ២០២៦) មកដាក់ឈ្មោះទីក្រុង​ហូជីមិញ បាន​និង​កំពុង​ផ្លាស់​ប្តូរ​មុខ​មាត់​ថ្មី និង​អភិវឌ្ឍខ្លួន​មិនឈប់ឈរ។ ស្ថិតនៅចន្លោះ​សំណង់អគារ​ទំនើបៗ និង​ចង្វាក់​ជីវិត​​រស់រវើក លំហ​ចាស់បុរាណ​ជាច្រើន នៅតែ​​បាន​អភិរក្ស​ទុក​ដូច​ជា​ចំណែក​មួយ​​នៃ​អនុស្សាវរីយ៍​ ​រួមចំណែក​បង្កើត​អត្តសញ្ញាណ និង​ព្រលឹង​នៃ​ទីក្រុង​ធំបំផុត​មួយ​នេះ នៅ​ប្រទេស​វៀត​ណាម។

សាលាវិទ្យាល័យ​ ង្វៀន ធីមិញខាយ (Nguyen Thi Minh Khai) គឺជា​សាលារៀនមួយ ក្នុងចំណោមសាលារៀនដែល​មានស្ថាបត្យកម្មបុរាណ និង​ចំណាស់​ជាងគេបំផុតនៅ​សាយហ្គន​។ បានចាប់ផ្តើមសាងសង់ឡើងក្នុងឆ្នាំ១៩១៣ ​បាន​ទទួលស្គាល់ជា​កេរដំណែល​ស្ថាបត្យកម្មសិល្បៈថ្នាក់​ទីក្រុង នៅក្នុងឆ្នាំ​២០១២។ រូបថត៖ ត្រឹង ថេ​ផុង

អនុស្សាវរីយ៍​ទីក្រុងហូជីមិញ មិនត្រឹមតែមាន​វត្តមាន​នៅ​ក្នុងទំព័រប្រវត្តិសាស្ត្រ​ប៉ុណ្ណោះទេ ថែមទាំង​នៅតែបង្ហាញខ្លួន​នៅតាម​ដងវិថី តាមច្រក​តូចៗ​ និង​លំហ​ដែល​​ធ្លាប់ជិត​ស្និទ្ធ​ ​រួមដំណើរ​ជាមួយប្រជាជនជាច្រើនជំនាន់​មក​ហើយ។​ ក្នុង​ចំណោម​ការ​ផ្លាស់ប្តូរ​ឥតឈប់ឈរ​នៃទីក្រុង ទីកន្លែង​ទាំងនោះ នៅតែ​មានវត្តមាន​​ដោយ​ស្ងៀមស្ងាត់ ក្នុង​នាមជា​​សាក្សីនៃ​ពេលវេលា។

នៅលើដង​ផ្លូវ ឡេឡើយ (Le Loi) ផ្ទះ​ល្វែង​​លេខ២៦ នៅតែ​ឈរ​​ស្ងៀម​ស្ងាត់ នៅ​ចំកណ្តាល​មជ្ឈមណ្ឌល​​ក្រុងដ៏​​​អ៊ូអរ។ នៅ​ពី​ក្រោយ​ផ្នែក​ខាង​មុខ​ដ៏សាមញ្ញ គឺជា​ចន្លោះអណ្តូងមេឃពោរពេញដោយពន្លឺថ្ងៃ ជាកន្លែងដែលជញ្ជាំងពណ៌ស និង​ឥដ្ឋការ៉ូ​​​ចាស់ៗ រំលឹកឡើង​នូវអនុស្សាវរីយ៍​អំពីទីក្រុង​ស៊ីវិល័យមួយកាលពី​ច្រើន​ទសវត្សរ៍មុន​។ នៅ​មិន​ឆ្ងាយ​ពីទីនោះ បណ្ណាល័យ​វិទ្យាសាស្ត្រទូទៅ​ទីក្រុង​ហូជីមិញ បែរ​ជា​និយាយ​អំពី​សាច់​រឿង​មួយបែបផ្សេងទៀត។ នៅលើទីតាំង​ចាស់​នៃគុកធំសាយ​ហ្គន (Kham Lon Sai Gon) ដែលធ្លាប់ជាទី​កន្លែងឃុំឃាំង​អ្នកស្នេហា​ជាតិ នាពេល​បច្ចុប្បន្ននេះ បាន​ក្លាយ​ជា​ទីលំហ​សម្រាប់​រក្សាចំណេះ​ដឹង ជាទីកន្លែងដែល​​អតីតកាល និង​បច្ចុប្បន្នកាល បាន​ជួបគ្នា នៅក្នុងសំណង់អគារមួយ ដែលពោរពេញទៅដោយ​តម្លៃ​វប្បធម៌។

 

កាល​ពីមុន ផ្នែកខាងមុខ​នៃអគារផ្ទះល្វែង​ចាស់ៗ នៅទីក្រុង​ហូជីមិញ​ បាន​ទាញយក​ផលប្រយោជន៍ ដើម្បីធ្វើជាហាង​លក់ដូរ និង​ការធ្វើអាជីវកម្ម។ រូបថត៖ ត្រឹង ថេផុង 
ជីវភាពរស់នៅរបស់ប្រជាជន នៅសងខាងដងទន្លេសាយហ្គន ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ២០០០។ រូបថត៖ ត្រឹង ថេផុង 

អនុស្សាវរីយ៍​ទីក្រុង ​ក៏មាន​វត្តមាន​នៅគ្រប់​​ទីលំហ​រស់នៅ​ប្រចាំ​ថ្ងៃរបស់​​ប្រជាជន ទីក្រុង​​ផងដែរ។ នៅលើផ្លូវ ហាយ បាត្រឹង​ (Hai Ba Trung) ផ្សារ តឹងឌិញ (Tan Dinh) ដែលមានប្រវត្តិ​ជិត​មួយសតវត្សរ៍​​មកហើយ​នោះ នៅតែ​ជា​ផ្សារ​ប្រពៃណី​មួយ ក្នុងចំណោមផ្សារ​ដែលមានភាពរស់រវើកបំផុត ក្នុងទីក្រុងហូជីមិញ។ មិនត្រឹមតែ​ជា​កន្លែង​ទិញលក់ទំនិញ​ប៉ុណ្ណោះទេ ផ្សារនេះ​នៅ​តែរក្សា​បាន​​វប្បធម៌ពិសេស​នៃ​​​ទីក្រុង និង​ជាអាសយដ្ឋាន​ទាក់ទាញ ​សម្រាប់​ភ្ញៀវទេសចរ​ទាំងជាតិ និង​អន្តរជាតិផងដែរ។

ផ្នែកខាងមុខដែល​ពោរពេញ​ទៅដោយរចនាបថស្ថាបត្យកម្ម​បារាំង​យ៉ាងលេចធ្លោ នៃផ្សារ​ តឹនឌីញ (Tan Dinh)។ រូបថត៖ ង្វៀនឡឹន/VNP
ទីក្រុង​ហូជីមិញ​ ជា​កន្លែងដែលមានច្រក​​តូចៗ​ល្បី​ល្បាញ ដោយសារមុខ​ម្ហូបអាហារបែប​ប្រជាប្រិយ ដូចជា​គុយទាវ ​បាយចុង​អង្ករ​ និង​នំបញ្ចុក​ប្រហុក​។ល។ រូបថត៖ ត្រឹង ថេផុង
តូបលក់កាសែតចាស់មួយកន្លែង នៅលើដងផ្លូវទីក្រុង​ហូជីមិញ​​។ រូបថត៖ ត្រឹង ថេ​ផុង

នៅជ្រុងមួយ​ផ្សេងទៀត ហាងកាហ្វេ ជេវ​លេវ (Cheo Leo) នៅតែ​រក្សា​វិធី​ឆុង​កាហ្វេ​ដោយ​ប្រើ​ក្រណាត់ និង​កំសៀវដីដុត ដែល​ជា​លក្ខណៈ​ពិសេស​ដ៏​កម្រ​មាន​មួយ ចំកណ្តាល​ចង្វាក់ជីវិតដ៏ទំនើប​។ ទីលំហ​ដ៏សាមញ្ញ និងក្លិនក្រអូប នៃកាហ្វេ បាន​ធ្វើ​ឱ្យ​អតិថិជន​មានអារម្មណ៍​ដូចជា កំពុងបាន​ត្រឡប់ទៅកាន់ទីក្រុង​ នៃ​ឆ្នាំ​ចំណាស់មុនៗ​។

ធ្វើដំណើរទៅឆ្ងាយបន្តិចឆ្ពោះទៅកាន់តំបន់ ធូឌឹក (Thu Duc) រោង​ជាង​ដែក ភឿង (Phuong) នៅតែ​បន្លឺសំឡេង​ញញួរ​ជារៀង​រាល់​ថ្ងៃ។​ ឆ្លងកាត់​បួន​ជំនាន់​មក​ហើយ ជាង​ដែកនៅទីនេះ នៅតែរក្សាមុខរបរ​សិប្បកម្ម​ប្រើ​ដៃ​ផ្ទាល់ និង​បទពិសោធន៍​ដែល​បន្សល់​ទុក​ពី​ដូនតា​។ នៅយុគសម័យគ្រឿងចក្រ និងស្វ័យប្រវត្តូបនីយកម្ម ភ្លើង​ពណ៌​ក្រហម នៃរោងជាងដែក បានក្លាយជា​និមិត្តរូបនៃការ​តស៊ូ និង​ការ​ស៊ូទ្រាំ​នៃ​តម្លៃ​ប្រពៃណី។​

 

វិថីបុរាណមួយនៅទីក្រុង​ហូជីមិញ​ ក្នុង​អំឡុងទសវត្សរ៍ឆ្នាំ​២០០០។ រូបថត៖ ត្រឹង ថេ​ផុង
 

នា​​ឱកាសរំលឹកខួបអនុស្សាវរីយ៍​៥០ឆ្នាំ ​ទីក្រុង​ហូជីមិញ​​ដាក់​ឈ្មោះ​​ តាម​ឈ្មោះ​លោក​ប្រធាន ហូជីមិញ ​ទីលំហ​ចាស់បុរាណ​ទាំងនោះ រំលឹកឡើង​ថា ភាព​ទាក់​ទាញ​នៃ​ទីក្រុង មិន​ត្រឹម​តែ​មកពីសំណង់អគារ​ទំនើបៗ ឬល្បឿន​នៃការអភិវឌ្ឍ​សេដ្ឋកិច្ចនោះ​ទេ។​ អនុស្សាវរីយ៍​ដែលបានថែរក្សាឆ្លង​កាត់​ពេល​វេលា​​ទាំងនោះ  ជា​ការ​​រួម​ចំណែក​បង្កើតនូវ​​​អត្តសញ្ញាណ និង​ព្រលឹង​នៃទីក្រុង​មួយ ​តែងតែឆ្ពោះទៅ​រក​អនាគត ប៉ុន្តែ​មិន​បាន​បំភ្លេច​អតីតកាល​ឡើយ៕​

អត្ថបទ៖ ង្វៀនឡឹន​/VNP

រូបថត៖ ង្វៀន​ឡឹន​/VNP ត្រឹន​ ថេផុង​

ប្រែសម្រួល៖ រីកើង​


top