ព័ត៌មាន

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញធ្វើជាអធិបតីនៅកិច្ចពិភាក្សាបើកចំហថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ


 ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាមលោក Pham Binh Minh (រូបថត៖ TTXVN)
 

នាថ្ងៃទី៩​ ខែមករា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាមលោក Pham Binh Minh បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ច ពិភាក្សា​បើក​ចំហថ្នាក់​រដ្ឋមន្រ្តី​នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប) ក្រោមប្រធានបទ “រំលឹកខួបឆ្នាំទី៧៥នៃអ.ស.ប៖ គោរពធម្មនុញ្ញ ដើម្បី​រក្សា​សន្តិភាព​និងសន្តិសុខអន្តរជាតិ”។ នេះជាព្រឹត្តិការណ៍សំខាន់ក្នុង ខែដំបូងដែលវៀតណាម ចូលរួម​ក្រុម​ប្រឹក្សា​សន្តិសុខ​ព្រម​ទាំងកាន់តំណែងជាប្រធានក្រុមប្រឹក្សាក្នុងខែមករាឆ្នាំ២០២០។
 
ថ្លែងនៅកិច្ច​ពិភាក្សានេះ លោក Pham Binh Minh បានអះអាងនូវសារ សំខាន់ដ៏ពិសេស​នៃការ​គោរព​និង​ប្រតិបត្តិ​តាម​ធម្មនុញ្ញអ.ស.បក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ លោកមានប្រសាសន៍ថា៖
 
“យើងត្រូវតែ​ធ្វើសកម្មភាពដើម្បីអ.ស.បក្លាយទៅជាវេទិកាឆ្លុះបញ្ចាំង នូវផលប្រយោជន៍​រួមរបស់​ប្រទេស​ជាសមាជិក​ទាំងអស់ យ៉ាងពិតប្រាកដ ព្រមទាំងជំរុញលទ្ធិពហុភាគីនិយម និងទំនាក់ទំនង​សហប្រតិ​បតិ្តការ​ប្រកប​ ដោយសមភាពដែលឈរលើធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ។ នេះជាវិធី តែមួយ​គត់​ដើម្បី​រក្សាសន្តិភាព​និង​សន្តិសុខអន្តរជាតិ ជំរុញការអភិវឌ្ឍដោយ ចីរភាព ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ពុះពារ​ជំនះលើ​ផលវិបាក ដោយសង្គ្រាម និងស្ដារឡើងវិញបន្ទាប់ពីជម្លោះ ជាដើម។ ទាំងអស់នេះគឺ ដើម្បីពិភព​លោក​មួយប្រកបដោយសន្តិភាព សមភាពនិងកាន់តែប្រសើរ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។
 
លោក​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមបានចាត់ទុក ថា ក្រុមប្រឹក្សា​សន្តិ​សុខ​និង​ប្រទេស​ជា​សមាជិក​នានា ត្រូវដើរដើរជួរមុខក្នុងការគោរពនិងអនុវត្តធម្មនុញ្ញ ព្រមទាំងស្នើអោយប្រទេសជា សមាជិកអ.ស.បបង្កើន​កិច្ចសន្ទនា លើកត្រដែតលទ្ធិពហុភាគីនិយម ពង្រីក ជាអតិបរមាបណ្ដាឧបករណ៍នៅក្នុងធម្មនុញ្ញ ធានាការតាក់​តែងនិងអនុវត្ត បណ្ដាយុទ្ធសាស្ត្រ គោលនយោបាយអភិវឌ្ឍ សន្តិសុខ ការពារជាតិ និង កិច្ចការបរទេស​អោយបានសមស្របនឹងស្ដង់ដារនិងគោលការណ៍ជាសារវ័ន្តនៃច្បាប់អន្តរជាតិនិងធម្មនុញ្ញអ.ស.បផងដែរ។
 
ក្រោមការប្រតិបត្តិ​របស់លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី Pham Binh Minh ក្រុមប្រឹក្សា​សន្តិសុខ​បានឯក​ភាព​អនុម័ត​លើសេចក្ដីថ្លែង​ការណ៍របស់ ប្រធានដែលវៀតណាមធ្វើជាអធិបតីក្នុង​ការពង្រាង​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top