ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន វ៉ាន់ថាំង ជួបធ្វើការជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិក

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ២៧-២៨ ខែសីហា ឆ្នាំ ២០២៦ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន វ៉ាន់ថាំង បានជួបសន្ទនា និងធ្វើការជាមួយថ្នាក់ដឹកនាំនៃស្ថាប័នតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC)។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន វ៉ាន់ថាំង និងលោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)។ រូបថត៖ VNA

នៅក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើដំណោះស្រាយដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី តាមទិសដៅតុល្យភាព និរន្តរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាដំណើរការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ យុត្តិធម៌ និងមានតុល្យភាព (ART)។ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានអះអាងថា វៀតណាមយកចិត្តទុកដាក់ចំពោះការធានាដំណើរការរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់សកល; ត្រៀមខ្លួនរួចជាស្រេចពិភាក្សាដោយបើកចំហ និងស្ថាបនាលើក្ដីកង្វល់របស់សហរដ្ឋអាមេរិក។ លោកឯកអគ្គរដ្ឋទូត Greer បានបញ្ជាក់ពីបំណងចង់សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីសម្រេចការចរចា ART ឲ្យបានឆាប់។

ដោយជួបធ្វើការជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិកទទួលបន្ទុកសេដ្ឋកិច្ច លោក Jacob Helberg ភាគីទាំងពីរបានឯកភាពគ្នាលើសំណើអំពីការបង្កើនការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យជាមូលដ្ឋាន និងយុទ្ធសាស្ត្រដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល​ ជាដើម។ ភាគីសហរដ្ឋអាមេរិកបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយវៀតណាមក្នុងការស្រាវជ្រាវយន្តការ និងគោលនយោបាយអនុគ្រោះដ៏សមស្រប សំដៅលើកទឹកចិត្តដល់សហគ្រាសអាមេរិកឱ្យបង្កើនវត្តមាន និងការវិនិយោគរយៈពេលវែងនៅក្នុងប្រទេសវៀតណាម។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក រួមទាំងលោកអនុរដ្ឋមន្ត្រី Jeffrey Kessler និងលោកអនុរដ្ឋមន្ត្រី William Kimmitt ឧបនាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀន វ់ាន់ថាំង បានស្នើឱ្យក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកដកវៀតណាមចេញពីបញ្ជីត្រួតពិនិត្យការនាំចេញ D1 និង D3 ក្នុងពេលឆាប់ៗនេះ ពិចារណាទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការជាច្រើនដើម្បីកែលម្អការជ្រៀតចូលទីផ្សារសម្រាប់សហគ្រាសពីភាគីទាំងពីរ លុបបំបាត់របាំង និងពង្រីកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគផងដែរ។

ទទួលជួបលោកស្រី Caroline Vik នាយិកាគោលនយោបាយនៃស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC) លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានស្នើឱ្យ DFC បង្កើនជំនួយឧបត្ថម្ភ ផ្តល់ប្រាក់កម្ចី និងការធានាសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ ថាមពល ការផ្លាស់ប្តូរថាមពល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល សុខាភិបាល និងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅវៀតណាម៕


top