ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long អញ្ជើញជាប្រធានវេទិកាសេដ្ឋកិច្ចវៀតណាម - Kansai នៅ EXPO Osaka ២០២៥ ប្រទេសជប៉ុន

បន្តរាល់សកម្មភាពក្នុងដំណើរបំពេញទស្សនកិច្ច និងការងារនៅប្រទេសជប៉ុន នារសៀលថ្ងៃទី ៩ កញ្ញា ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានអញ្ជើញចូលរួមនិងធ្វើជាប្រធានវេទិកាសេដ្ឋកិច្ចវៀតណាម - Kansai ស្ថិតក្នុងចំណោមព្រឹត្តិការណ៍ជា “ទិវាជាតិ វៀតណាម” នៅ EXPO Osaka ២០២៥។

ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long និងឯកអគ្គរដ្ឋទូត លោក Pham Quang Hieu ក្នុងវេទិកាសេដ្ឋកិច្ចវៀតណាម - Kansai  (រូបថត៖ VNA)

ដោយប្រធានបទ “កិច្ចសហប្រតិបត្តិការស្ថាបនាអនាគត តភ្ជាប់ខ្សែសង្វាក់តម្លៃសកល” វេទិកានេះបានទាក់ទាញការចូលរួមរបស់តំណាងសហគ្រាសជប៉ុនប្រមាណ ១៥០អង្គភាព និងសហគ្រាសវៀតណាមចំនួន ៥០ អង្គភាព។ អញ្ជើញថ្លែងមតិក្នុងពិធីបើកវេទិកា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu បានសង្កត់ធ្ងន់ថា៖ “នេះមិនត្រឹមតែជាឱកាសសម្រាប់វៀតណាមណែនាំ និងផ្សព្វផ្សាយរូបភាពប្រទេសវៀតណាម ពោរពេញដោយសក្ដានុពល ច្នៃប្រឌិត និងសមាហរណកម្មយ៉ាងស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីជំរុញការផ្លាស់ប្តូរនយោបាយ វប្បធម៌ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយជប៉ុនក៏ដូចជាមិត្តភក្តិអន្តរជាតិផងដែរ។ ខ្ញុំជឿជាក់ថា វេទិកានេះ នឹងបង្កើតសន្ទុះថ្មី ដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាង Kansai និងវៀតណាមឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងនិរន្តរភាពជាងទៀត”។

លោកឧបនាយករដ្ឋមន្ត្រី Le Thanh Long ថ្លែងសុន្ទរកថាក្នុងពិធីបើកទិវាជាតិវៀតណាមនៅEXPO Osaka ២០២៥។ រូបថត៖ Pham Tuan - VNA

ចំណែកខ្លួនវិញ លោក Takashima Tomohiro អនុប្រធានប្រតិបត្តិនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានឲ្យដឹងថា ជាមួយនឹងអត្ថប្រយោជន៍នៃចំនួនប្រជាជនជាង ១០០ លាននាក់ និងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ជិត ៥.០០០ ដុល្លារ វៀតណាមគឺជាទីផ្សារអ្នកប្រើប្រាស់ដ៏មានសក្តានុពល។ លោក Takashima Tomohiro បានសង្កត់ធ្ងន់ថា៖ “បច្ចុប្បន្ននេះ មានសហគ្រាសជប៉ុនរហូតដល់ ៥៦% នៅវៀតណាមគ្រោងនឹងបង្កើនដើមទុនវិនិយោគ និងពង្រីកអាជីវកម្មនៅឆ្នាំក្រោយ។ នេះគឺជាអត្រាខ្ពស់បំផុតក្នុងចំណោមប្រទេសអាស៊ាន។ សហគ្រាសជប៉ុនតែងតែវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅវៀតណាម។ ប្រសិនបើកាលពីអតីតកាល សហគ្រាសជប៉ុនផ្តោតសំខាន់លើឧស្សាហកម្មផលិតកម្ម ហើយឥឡូវនេះពួកគេក៏យកចិត្តទុកដាក់លើវិស័យអចលនទ្រព្យ និងសេវាកម្ម...។ ជារៀងរាល់ឆ្នាំ JETRO ទទួលបានការប្រឹក្សាប្រហែល ៤.០០០ ពីសហគ្រាសដែលមានបំណងចង់វិនិយោគនៅវៀតណាម។ នេះជាតួរលេខលំដាប់ទី៣ក្នុងចំណោមប្រទេសក្នុងពិភពលោកនិងខ្ពស់បំផុតក្នុងអាស៊ាន។ ស្ថានភាពអន្តរជាតិកំពុងផ្លាស់ប្តូរ ប៉ុន្តែទំនាក់ទំនងវៀតណាម-ជប៉ុនតែងតែរឹងមាំ ហើយនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលខាងមុខ”។

អញ្ជើញថ្លែងមតិបញ្ចប់វេទិកា ឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានស្នើឱ្យជប៉ុនបន្តគាំទ្រវៀតណាមក្នុងការទទួលបានការផ្លាស់ប្តូរប្រភពវិនិយោគ និងប្រភពហិរញ្ញវត្ថុបៃតង និងនិរន្តរភាព។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស និងអ្នកវិនិយោគបរទេសដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងវិនិយោគប្រកបដោយស្ថិរភាព និងយូរអង្វែងនៅវៀតណាម ក្នុងនោះមានបណ្តាសហគ្រាសជប៉ុនផងដែរ៕


top