ព័ត៌មាន

អ្នកប្រាជ្ញចិន៖ ក្តីរំពឹងទុកជាច្រើនចំពោះការអញ្ជើញចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦

សាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង រំពឹងថា ថ្នាក់ដឹកនាំកំពូលវៀតណាម នឹងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ជាមួយបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក APEC។

សាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង នាយកប្រតិបត្តិនៃវិទ្យាស្ថានសិក្សាតំបន់ និងប្រទេស និងជានាយកមជ្ឈមណ្ឌលសិក្សាវៀតណាម នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Zhejiang ប្រទេសចិន (រូបថត៖ TTXVN)

ការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំកំពូលវៀតណាម ក្នុងសប្តាហ៍នៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី៣៣ នៅទីក្រុងសិនជិន (Shenzhen) ត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញការចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ ពង្រឹងការឯកភាពគ្នា និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការពហុភាគី ព្រមទាំងបង្កើតស្ពានតភ្ជាប់ដ៏សំខាន់រវាងឆ្នាំ APEC ២០២៦ របស់ចិន និងឆ្នាំ APEC ២០២៧ របស់វៀតណាម។ នេះគឺជាការវាយតម្លៃរបស់សាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង (Cheng Hanping) នាយកប្រតិបត្តិនៃវិទ្យាស្ថានសិក្សាតំបន់ និងប្រទេស និងជានាយកមជ្ឈមណ្ឌលសិក្សាវៀតណាម នៃសាកលវិទ្យាល័យបច្ចេកវិទ្យាជឺជាំង (Zhejiang) ប្រទេសចិន ជុំវិញដំណើរបំពេញទស្សនកិច្ចការងារដើម្បីចូលរួមសប្តាហ៍នៃកិច្ចប្រជុំកំពូល APEC លើកទី៣៣ និងបំពេញការងារទ្វេភាគីនៅចិន របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ។

សាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង រំពឹងថា ថ្នាក់ដឹកនាំកំពូលវៀតណាម នឹងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ជាមួយបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក APEC។ ក្នុងបរិបទដែលវៀតណាមសម្រេចបានលទ្ធផលកំណើនសេដ្ឋកិច្ចដ៏លេចធ្លោ និងទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ការដែលវៀតណាមចែករំលែកបទពិសោធន៍ គោលនយោបាយ និងវិធីសាស្ត្រជំរុញការអភិវឌ្ឍ នឹងមានអត្ថន័យជាក់ស្តែង ជាពិសេសចំពោះបណ្តាខឿនសេដ្ឋកិច្ចដែលមានលក្ខខណ្ឌស្រដៀងគ្នា និងប្រទេសដែលមានប្រាក់ចំណូលមធ្យម។ លោកក៏រំពឹងផងដែរថា ការអញ្ជើញចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម នឹងរួមចំណែកតភ្ជាប់ប្រកបដោយប្រសិទ្ធភាពរវាងឆ្នាំ APEC ២០២៦ ដែលរៀបចំដោយប្រទេសចិន ជាមួយនឹងឆ្នាំ APEC ២០២៧ ដែលវៀតណាមទទួលតួនាទីជាម្ចាស់ផ្ទះ។ ទន្ទឹមនឹងនេះ លោក ឆឹង ហានភីង ក៏រំពឹងថា វៀតណាមនឹងរួមចំណែកនូវគំនិតផ្តួចផ្តើមជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាប្រឈមរួមរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះរួមមានបញ្ហាអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ផងដែរ។

សាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង បានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយនៃកិច្ចសហប្រតិបត្តិការតំបន់ គឺការជំរុញកិច្ចសហប្រតិបត្តិការរួមគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ក្នុងបរិបទដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ APEC ឆ្នាំ២០២៦ និងវៀតណាមបន្តវេនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧ លោករំពឹងថា កិច្ចសហការរវាងប្រទេសទាំងពីរ នឹងរួមចំណែកនាំមកនូវកត្តាវិជ្ជមាន និងស្ថិរភាពបន្ថែមទៀតសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកក៏បានសម្តែងនូវបំណងប្រាថ្នាថា តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំ APEC ២០២៧ វៀតណាមនឹងបង្ហាញទៅកាន់ពិភពលោកនូវរូបភាពនៃប្រទេសមួយដែលបើកចំហ ស្វាហាប់ ផ្លាស់ប្តូរថ្មី វិបុលភាព ស្ថិរភាព និងសុវត្ថិភាព តាមរយៈនោះ បង្ហាញពីការរួមចំណែករបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតំបន់៕


top