កាលពីថ្ងៃទី ២១ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបបានរាយការណ៍ថា អ៊ុយក្រែនបានសម្រេចរួចរាល់ការជួសជុលបំពង់បង្ហូរប្រេង Druzhba របស់រុស្ស៊ីទៅកាន់អឺរ៉ុប ដែលរងការខូចខាតកាលពីដើមឆ្នាំ ហើយបានត្រៀមខ្លួនជាស្រេចដើម្បីបន្តការផ្គត់ផ្គង់។
កាយវិកានេះ គឺសំដៅលុបបំបាត់ឧបសគ្គដែលប្រទេសនេះសង្ឃឹមថា ជាឧបសគ្គចុងក្រោយ ដើម្បីទទួលបានជំនួយរាប់សិបពាន់លានអឺរ៉ូ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែនបានបញ្ចប់ការជួសជុល បំពង់បង្ហូរប្រេង Druzhba ហើយអាចចាប់ផ្តើមបូមប្រេងឡើងវិញពីរុស្ស៊ីទៅកាន់ប្រទេសសមាជិក EU ចំនួន ២ គឺហុងគ្រី និងស្លូវ៉ាគី បន្ទាប់ពីទទួលបានសំណើជាផ្លូវការ។
បន្ទាប់ពីបញ្ជាក់ថាការជួសជុលត្រូវបានសម្រេច ប្រធានាធិបតីអ៊ុយក្រែនបានពិភាក្សាជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen អំពីអនាគតនៃកញ្ចប់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូ (៩៧,៥ ពាន់លានដុល្លារអាមេរិក) ដែលត្រូវបានព្យួរជាយូរមកហើយ។
លោកស្រី Kaja Kallas ឧត្តមស្នងការទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសរបស់សហភាពអឺរ៉ុប បានឲ្យដឹងថា សហភាពអឺរ៉ុបរំពឹងថានឹងសម្រេចបានកិច្ចព្រមព្រៀងមួយក្នុងរយៈពេល ២៤ ម៉ោងខាងមុខ៕