ក្នុងក្របខណ្ឌនៃហាសន្និបាតតំណាងព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី១០ និងខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាបង្កើតសមាគមព្រះពុទ្ធសាសនាវៀតណាម គណៈកម្មាធិការវប្បធម៌មជ្ឈិម និងគណៈកម្មាធិការពិធីការមជ្ឈិមនៃសមាគមព្រះពុទ្ធសាសនាវៀតណាម បានរៀបចំពិធីអុជប្រទីប នៅវិទ្យាស្ថានពុទ្ធសាសនាវៀតណាម ឃុំ ប៊ិញឡើយ (Binh Loi) ទីក្រុងហូជីមិញ ដើម្បីបួងសួងសន្តិភាព ប្រទេសសុខសាន្ត ប្រជាជនរុងរឿង។
ថ្លែងសុន្ទរកថាក្នុងពិធី ព្រះឧប្បជ្ឈាយ៍ ធិច ថូ ឡាក (Thich Tho Lac) សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាល ប្រធានគណៈកម្មាធិការវប្បធម៌មជ្ឈិមនៃសមាគមពុទ្ធសាសនាវៀតណាម បានសង្កត់ធ្ងន់ថា៖ «ទៀនមួយដើមៗ គឺជាវាចាដឹងគុណ ប្រទីបនីមួយៗ ដែលបានបំភ្លឺ គឺជាក្តីប្រាថ្នាបន្តវេន»។ តាមរយៈនោះ ប្រទីបនីមួយៗ មិនត្រឹមតែផ្ញើប្រាថ្នាសេចក្តីសុខប៉ុណ្ណោះ ប៉ុន្តែថែមទាំងរំលឹកព្រះសង្ឃ និងពុទ្ធបរិស័ទគ្រប់ជំនាន់ ចេះគោរពដឹងគុណចំពោះការរួមចំណែករបស់បុព្វបុរសជំនាន់មុន និងបន្តថែរក្សា និងពង្រីកនូវតម្លៃដ៏ល្អប្រសើរ ដែលសមាគមបានខិតខំស្ថាបនា ។
ក្នុងបរិយាកាសដ៏ឱឡារិក ប្រទីបរាប់ពាន់ត្រូវបានអុជ និងបំភ្លឺជាបន្តបន្ទាប់ បង្កើតបានជាទិដ្ឋភាពដ៏ភ្លឺចែងចាំង នៅក្នុងបរិវេណវិទ្យាស្ថាន។ ព្រះសង្ឃ និងពុទ្ធបរិស័ទជាង ៤.០០០អង្គ/នាក់ លើកប្រទីបក្នុងដៃ ដោយសេចក្តីគោរពជ្រះថ្លា ឆ្ពោះទៅរកព្រះរតនត្រ័យ និងបួងសួងសុំឱ្យពិភពលោកមានសន្តិភាព ប្រទេសជាតិសុខសាន្ត សមាគមព្រះពុទ្ធសាសនារុងរឿង និងប្រជាជនរស់នៅប្រកបដោយសេចក្តីសុខ។ ប្រទីបទាំងនោះត្រូវបានរៀបចំជាផែនទីប្រទេសវៀតណាម បង្ហាញពីសេចក្តីស្រឡាញ់ចំពោះមាតុភូមិ ប្រទេសជាតិ និងសេចក្តីប្រាថ្នាចង់បានជីវិតសុខសាន្ត និងសុភមង្គល។
រាត្រីអុជប្រទីបបានបញ្ចប់ ប៉ុន្តែពន្លឺនៃការដឹងគុណ និងសេចក្តីស្រឡាញ់នៅតែបន្សល់ទុកជានិច្ច។ ពីប្រទីបតូចៗ សារសន្តិភាព មនុស្សធម៌ និងស្មារតីបម្រើសាសនា និងសង្គម បានបន្តសាយភាយ ប្រៀបដូចជាពាក្យបួងសួងឆ្ពោះទៅរកមហាសន្និបាតទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ បើកទំព័រនៃដំណើរអភិវឌ្ឍន៍ថ្មីរបស់សមាគមព្រះពុទ្ធសាសនាវៀតណាម ដើម្បីបន្តផ្សារភ្ជាប់ និងរួមដំណើរជាមួយប្រទេសជាតិ និងប្រជាជន៕