ព័ត៌មាន

អាស៊ាន​អំពាវ​នាវ​ឲ្យ​កម្ពុជា​និង​ថៃ​អនុវត្ត​បទ​ឈប់​បាញ់​ឲ្យ​បាន​ពេញ​លេញ​ដោយសុច្ឆន្ទៈ

នៅក្នុងសេចក្តីថ្លែងការណ៍រួមនៅលើគេហទំព័រផ្លូវការរបស់លេខាធិការដ្ឋានអាស៊ានកាលពីថ្ងៃទី ៣១ កក្កដា រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសដើម្បីដោះស្រាយស្ថានការណ៍រវាងកម្ពុជា និងថៃ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato’ Seri Anwar Ibrahim ក្នុងតួនាទីជាប្រធានអាស៊ាន ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៨ កក្កដា។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានអំពាវនាវឱ្យថៃ និងកម្ពុជា ដោះស្រាយភាពតានតឹងដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក៏ដូចជាស្មារតីសាមគ្គីភាព គ្រួសារ និងភាពជាអ្នកជិតខាងដ៏ល្អនៅក្នុងអាស៊ាន។ អាស៊ានសង្ឃឹមថា បទឈប់បាញ់ក៏ដូចជាការសម្រេចចិត្តទាំងអស់ដែលបានឯកភាពដោយភាគីទាំងពីរក្នុងកិច្ចប្រជុំថ្ងៃទី ២៨ កក្កដា នឹងត្រូវបានអនុវត្តយ៉ាងពេញលេញ ដោយសុច្ឆន្ទៈ។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងនាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភុមថាម វ៉េឆាយ៉ាឆៃ ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៨ ខែកក្កដា។រូបថត៖ REUTERS

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងនាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភុមថាម វ៉េឆាយ៉ាឆៃ ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៨ ខែកក្កដា។រូបថត៖ REUTERS

អាស៊ានក៏បានទទួលស្គាល់ការរួមចំណែករបស់សហរដ្ឋអាមេរិកក្នុងនាមជាសហអ្នករៀបចំកិច្ចប្រជុំពិសេសនេះ រួមជាមួយនឹងការចូលរួមយ៉ាងសកម្មរបស់ប្រទេសចិនក្នុងការលើកកម្ពស់ដំណោះស្រាយសន្តិភាពចំពោះស្ថានភាពបច្ចុប្បន្ន៕


top