ព័ត៌មាន

អាស៊ានអំពាវនាវឱ្យរក្សាសន្តិភាពនៅសមុទ្រខាងកើត

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ (AMM58) និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន នាព្រឹកថ្ងៃទី១០ ខែកក្កដា នៅទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី អាស៊ានជាថ្មីម្តងទៀតបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ជាពិសេសនៅសមុទ្រខាងកើត ដែលជាខ្សែផ្លូវនាវាចរណ៍យុទ្ធសាស្ត្រ ដើរតួនាទីយ៉ាងសំខាន់ក្នុងសន្តិសុខ និងពាណិជ្ជកម្មពិភពលោក។

ថ្លែងមតិក្នុងសន្និសីទ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Datuk Seri Mohamad Hasan បានសង្កត់ធ្ងន់ថា ភាគីទាំងអស់ត្រូវតែធានាថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយមិនឡើងជណ្ដើរ ឬគំរាមកំហែងធ្វើឱ្យអន្តរាយដល់សន្តិសុខនិងពាណិជ្ជកម្មសកល នៅសមុទ្រខាងកើត។ លោក Mohamad Hasan បានឲ្យដឹងថា អាស៊ានស្វាគមន៍ចំពោះវឌ្ឍនភាពក្នុងការចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ហើយជឿជាក់លើការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយរបស់ភាគីនានាក្នុងការសម្រេចបាន COC ប្រកបដោយជាក់ស្តែងនិងមានប្រសិទ្ធភាពនាពេលខាងមុខ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិន បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ រូបថត៖ VOV-បាងកក

អាស៊ានក៏បានស្វាគមន៍ចំពោះការត្រៀមខ្លួនជាស្រេចរបស់ប្រទេសចិនក្នុងការក្លាយជាប្រទេសម្ចាស់កម្មសិទ្ធិអាវុធនុយក្លេអ៊ែរដំបូងគេ (NWS) ដោយចុះហត្ថលេខានិងផ្តល់សច្ចាប័នលើពិធីសារនៃសន្ធិសញ្ញាអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដោយគ្មានករណីលើកលែងឬការកក់ទុកណាមួយឡើយ៕


top