ព័ត៌មាន

អាស៊ាន និង EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ដឹកជញ្ជូនផ្លូវអាកាស​លើ​គ្រប់ជ្រុង​ជ្រោយលើកដំបូង

ក្រោយ ពីចុះហត្ថលេខា ភាគីនានានឹងចាប់ផ្តើមដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឲ្យចូលជាធរមានជាផ្លូវការ។
  អាស៊ាន និង EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសលើគ្រប់ជ្រុងជ្រោយលើកដំបូង (រូបថត៖ លេខាធិការដ្ឋានអាស៊ាន)  

 សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប កាលពីថ្ងៃទី១៧ ខែតុលា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសលើគ្រប់ជ្រុងជ្រោយ (ASEAN-EU CATA) នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីគមនាគមន៍អាស៊ានលើកទី ២៨ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។ កិច្ចព្រមព្រៀងនឹងបង្កើនការតភ្ជាប់ផ្លូវអាកាសរវាងអាស៊ាន និងអឺរ៉ុប បង្កលក្ខណៈងាយស្រួលដល់ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន និងសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ ជួយសម្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ទាំងពីរក្រោយជំងឺរាតត្បាត។ ក្រោយ ពីចុះហត្ថលេខា ភាគីនានានឹងចាប់ផ្តើមដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឲ្យចូលជាធរមានជាផ្លូវការ។ ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីគមនាគមន៍ និងដឹកជញ្ជូនអាស៊ានលើកទី ២៨ រដ្ឋមន្ត្រីគមនាគមន៍ និងដឹកជញ្ជូនឥណ្ឌូណេស៊ីលោក Budi Karya Sumadi បានចាត់ទុកថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនឹងបង្កើតកម្លាំងរស់សម្រាប់ខឿនសេដ្ឋកិច្ចសកល ជាពិសេសគឺនៅតំបន់អាស៊ាន និង EU។ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថានឹងបើកឱកាសដ៏ធំធេងដល់ក្រុមហ៊ុនអាកាសចរណ៍របស់អាស៊ាន និង EU ក្នុងការធ្វើអាជីវកម្មលើសេវាកម្មអ្នកដំណើរ និងទំនិញរវាងភាគីទាំងពីរ និងក្រៅតំបន់។កិច្ចព្រមព្រៀងនេះក៏ជួយបង្កើនការស្ដារការតភ្ជាប់ផ្លូវអាកាសរវាងតំបន់ទាំងពីរក្រោយជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំងផ្ដល់គោលដៅមកដល់ ការហោះហើរ និងជម្រើសធ្វើដំណើឲ្យកាន់តែច្រើនថែមទៀតរវាង អាស៊ីអាគ្នេយ៍ និងអឺរ៉ុប។

កិច្ចប្រជុំរដ្ឋមន្ត្រីគមនាគមន៍អាស៊ានលើកទី ២៩ នឹងប្រព្រឹត្តិទៅនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាឆ្នាំ ២០២៣ ខាងមុខផងដែរ៕


top