នៅចំកណ្ដាលរាជធានីហាណូយ ដែលមានអរិយធម៌រាប់ពាន់ឆ្នាំ ទីលានបាឌិញ គឺជាកន្លែងដែលកត់ត្រាស្លាកស្នាម ពេលវេលាប្រសូតប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។
នៅចំកណ្ដាលរាជធានីហាណូយ ដែលមានអរិយធម៌រាប់ពាន់ឆ្នាំ ទីលានបាឌិញ គឺជាកន្លែងដែលកត់ត្រាស្លាកស្នាម ពេលវេលាប្រសូតប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ នៅក្នុងបរិយាកាសនារដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រ អារម្មណ៍ពិសិដ្ឋបានផុសឡើងវិញចំពោះប្រជាជន នៅពេលដែលបានត្រឡបមកកាន់ "អាសយដ្ឋានក្រហម" សម្បូរទៅដោយស្នាមប្រវត្តិសាស្ត្រ នៃការបង្កើតប្រទេសរយៈពេល៨០ឆ្នាំ។
ទិដ្ឋភាពទូទៅនៃទីលានបាឌិញមើលពីលើ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
នៅចំកណ្តាលរដ្ឋធានីហាណូយ ដែលមានអរិយធម៌រាប់ពាន់ឆ្នាំ ទីលានបាឌិញមិនត្រឹមតែជាទីតាំងភូមិសាស្ត្រប៉ុណ្ណោះទេ នៅទាំងជានិមិត្តរូបដ៏ពិសិដ្ឋរបស់ជនជាតិវៀតណាមផងដែរ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
នៅទីលានបាឌិញ នារដូវកាលទង់ជាតិចម្រុះពណ៌ភ្លឺចែងចាំង យើងខ្ញុំបានជួបអតីតយុទ្ធជន ផាន មិញទៀន (Phan Minh Tien) នៅសង្កាត់តីហូ (Tay Ho) (ហាណូយ) ដែលឆ្នាំនេះ គាត់មានអាយុ៩៦ឆ្នាំហើយ។ នៅរដូវប្រាំងឆ្នាំនេះ គាត់ធ្វើមិត្តជាមួយនឹងគ្រែពេទ្យតែប៉ុណ្ណោះ។ តែមកដល់ដើមរដូវស្លឹកឈើជ្រុះ គាត់ស្រាប់តែមានសុខភាពល្អឡើងវិញ។ ឆ្លៀតឱកាសអាកាសធាតុថ្ងៃត្រជាក់ លោកតា ទៀន (Tien) ប្រាប់កូនចៅឱ្យជូនគាត់ទៅលេងទីលានបាឌិញ។ ទោះបីជាជំហានបោះយឺតៗ និងភ្នែកស្រវាំងក៏ដោយ ក៏លោកតា ទៀន នៅតែចងចាំយ៉ាងច្បាស់ ពេលវេលាពិសិដ្ឋ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅទីលានបាឌិញ ប្រធានហូជីមិញ បានអានសេចក្ដីប្រកាសឯករាជ្យ បង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ "រដូវស្លឹកឈើជ្រុះឆ្នាំនោះ ខ្ញុំទើបតែមានអាយុ១៦ឆ្នាំ ជាមួយហ្វូងមនុស្សដ៏ច្រើនដូចទឹកជំនន់ ហូរទៅកាន់ទីលានបាឌិញ។ ខ្ញុំឈរនៅជិតវេទិកាណាស់ ដូច្នេះខ្ញុំឃើញយ៉ាងច្បាស់! ឃើញរូបភាពអ៊ំហូ កំពុងអានសេចក្ដីប្រកាសឯករាជ្យ។ ពាក្យដំបូងនៃសេចក្ដីប្រកាសនោះគឺ៖ “មនុស្សគ្រប់រូបដែលកើតមកសុទ្ធតែមានសិទ្ធិស្មើគ្នា។ល។” ហាក់ដូចជានៅតែបន្លឺឡើងក្នុងចិត្តរបស់ខ្ញុំ រហូតមកដល់ពេលនេះ"។
ទីលានបាឌិញរំលេចដោយទង់ជាតិស្រស់ស្អាត មុនពេលខួបអនុស្សាវរីយ៍លើក១៣៥ឆ្នាំនៃថ្ងៃកំណើតលោកប្រធាន ហូជីមិញ។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
កូនប្រុសរបស់លោកតា ទៀន (Tien) លោក ផាន ដាយហុង (Phan Dai Hong) បានរៀបរាប់ថា ឪពុកខ្ញុំ ចាប់តាំងពីពេលដែលបានឮអ៊ំហូ អានសេចក្ដីប្រកាសឯករាជ្យមក គាត់បានសម្រប់ស៊ីចង្វាក់ជាមួយបដិវត្តន៍ ជាមួយនឹងការតស៊ូដើម្បីរំដោះជាតិ។ គាត់បានចូលរួមជាមួយកងទ័ពការពារជាតិ ទៅគ្រប់សមរភូមិនៅភាគឦសាន និងភាគពាយព្យ ហើយបានចូលរួមយុទ្ធនាការ ឌៀនបៀនភូ (Dien Bien Phu) រួចរួមជាមួយកងទ័ពអង់អាចវិលត្រឡប់មកកាន់កាប់រដ្ឋធានីវិញ នៅឆ្នាំ១៩៥៤។ "ឪពុកខ្ញុំនៅមានស្នាមគ្រាប់កាំភ្លើងជាប់នឹងខ្លួន នៅពេលអាកាសធាតុប្រែប្រួលម្ដងៗ គាត់ឈឺចាប់ណាស់ ប៉ុន្តែថ្ងៃនេះ ពេលនៅទីនេះ គាត់ដូចជាមនុស្សម្នាក់ទៀត គាត់បានចុះពីរទេះរុញ ធ្វើដំណើរបានជាងដប់ជំហាន។ ដូចជាគាត់ជាមនុស្សអាយុ១៦ឆ្នាំ" - លោក ផាន ដាយហុង (Phan Dai Hong) បានរៀបរាប់ដោយចិត្តសប្បាយរីករាយ។
ពិធីដំឡើងទង់ជាតិ នៅទីលានបាឌិញ គឺជាពិធីលំដាប់ជាតិរបស់ប្រទេសវៀតណាម ដែលបានប្រារព្ធធ្វើឡើង ជារៀងរាល់ថ្ងៃ នៅម៉ោង ៦ ព្រឹក មុខប្រាង្គតម្កល់សពលោកប្រធាន ហូជីមិញ។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ទិដ្ឋភាពទូទៅនៃតំបន់រមណីយដ្ឋានផ្ទះឈើ និងស្រះចិញ្ចឹមត្រីរបស់អ៊ំហូ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
យើងខ្ញុំមិនអាចបំភ្លេចបាន រូបភាពក្មេងស្រី យៀបអាញ (Diep Anh) សិស្សថ្នាក់ 4E នៃសាលាបឋមសិក្សាវៀតឡឹប (Viet Lap) (ខេត្តបាក់និញ - Bac Ninh) អំណានកំណាព្យរបស់កវី វៀនភឿង (Vien Phuong) ថា "រៀងរាល់ថ្ងៃព្រះអាទិត្យឆ្លងកាត់ប្រាង្គតម្កល់សព/ឃើញព្រះអាទិត្យមួយ នៅក្នុងប្រាង្គតម្កល់សពពណ៌ក្រហមឆ្អៅ /រៀងរាល់ថ្ងៃមនុស្សដើរពាំដោយក្ដីនឹករលឹក។ល។" នៅទីលានបាឌិញ មុនពេលចូលទៅគោរពវិញ្ញាណក្ខន្ធ និងរាយការណ៍អំពីការងារជូនអ៊ំហូ។ "កំណាព្យ ឬបទចម្រៀងពិរោះពណ៌នា អំពីអ៊ំហូ ខ្ញុំបានស្ដាប់ច្រើនណាស់។ ពិតជាសំណាង សាលាខ្ញុំបានរៀបចំដំណើរទស្សនាទៅកម្សាន្តប្រាង្គតម្កល់សព ខ្ញុំសន្យាក្នុងចិត្តថា នឹងព្យាយាមរៀនសូត្រ ហ្វឹកហាត់ឱ្យបានល្អ ដើម្បីសក្ដិសមនឹង “។ល។ ឈានទៅកាន់វេទិការុងរឿង ដើម្បីប្រកៀកស្មាជាមួយមហាអំណាចទ្វីបទាំងប្រាំ។ល។” ដូចបំណងប្រាថ្នារបស់អ៊ំ"។
វិមានប្រធានរដ្ឋ គឺជាកេរដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សំខាន់បំផុត របស់វៀតណាម។ នេះជាទីកន្លែងដែលលោកប្រធាន ហូជីមិញដ៏អស្ចារ្យ ធ្លាប់រស់នៅនិងធ្វើការ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ចំពោះយើងខ្ញុំ ដែលបាននាំមិត្តភក្តិជាអ្នកថតរូប ផាម ត្រុងហៀប (Pham Trung Hiep) មកពីទីក្រុងហូជីមិញ មកកាន់ទីលានបាឌិញ ដើម្បីថតរូបរាប់សិបដងទៅហើយ។ បង ផាម ត្រុងហៀប (Pham Trung Hiep) មានចំណាប់អារម្មណ៍ខ្លាំង ចំពោះរូបភាព "ព្រះអាទិត្យនៅក្នុងប្រាង្គតម្កល់សពរះចែងចាំង" របស់សិល្បករថតរូប ត្រឹនឡាម (Tran Lam)។ បង ហៀប ប្រាថ្នាថានឹងអាចថតបានស្នាដៃមួយបែបនេះ ដើម្បីបោះពុម្ពខ្នាតធំដាក់តាំងនៅក្នុងបន្ទប់ទទួលភ្ញៀវ និងជូនមិត្តភក្តិ។ "រាល់ពេលដែលខ្ញុំកាន់ម៉ាស៊ីនថតនៅទីលានបាឌិញ នាពេលកំពុងដំឡើងទង់ជាតិ នៅលើបទចម្រៀង “អ៊ំនៅតែបន្តដំណើរយាត្រាទ័ពជាមួយក្មួយៗ” បង្កើតអារម្មណ៍មោទនភាពយ៉ាងខ្លាំងសម្រាប់ខ្ញុំ"។ បង ផាម ត្រុងហៀប (Pham Trung Hiep) កំពុងត្រៀមខ្លួនហោះទៅកាន់ទីក្រុងហាណូយជាមួយយើងខ្ញុំ ដើម្បីចូលរួមទស្សនាកាលៈទេសៈប្រវត្តិសាស្ត្រនៃពិធីព្យុហយាត្រាយោធា អបអរសាទរខួបលើកទី៨០ឆ្នាំ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា នាពេលខាងមុខ៕
សារមន្ទីរហូជីមិញ មានទីតាំងនៅខាងក្រោយប្រាង្គតម្កល់សព លោកប្រធាន ហូជីមិញ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ភ្ញៀវទេសចរចូលទស្សនាវត្តសសរមួយ ក្រោយពីបានទស្សនាប្រាង្គតម្កល់សពអ៊ំហូ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
អត្ថបទ៖ កុងដាត រូបភាព៖ កុងដាត និងថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង