ព័ត៌មាន

អាមេរិក និងចិនសម្រេចបាន​កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជកម្ម

អាជ្ញាធរអាមេរិក និងចិន នាថ្ងៃទី ១០ ខែមិថុនាបានប្រកាសថា បានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការកាត់បន្ថយការរឹតបន្តឹងការនាំចេញបន្ទាប់ពីការចរចារយៈពេលពីរថ្ងៃនៅចក្រភពអង់គ្លេស។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានឲ្យដឹងថា កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើកិច្ចព្រមព្រៀងដែលសម្រេចបាននៅជុំទីមួយនៃការចរចានៅប្រទេសស្វីស កាលពីខែឧសភា។ យោងតាមលោករដ្ឋមន្ត្រី Lutnick កិច្ចព្រមព្រៀងក្របខ័ណ្ឌមានគោលបំណងដោះស្រាយការរឹតបន្តឹងរបស់ចិនលើការនាំចេញរ៉ែកម្រ និងមេដែកទៅកាន់សហរដ្ឋអាមេរិក ជាថ្នូរនឹងការដកការរឹតបន្តឹងរបស់អាមេរិកចំពោះការនាំចេញទំនិញមួយចំនួនទៅប្រទេសចិន។ ក្រុមចរចាអាមេរិកបានរាយការណ៍ទៅប្រធានាធិបតី Donald Trump ដើម្បីសុំការយល់ព្រម ហើយសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តន៍។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី១០ ខែមិថុនា រូបថត៖ Reuters

ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Li Chenggang បានឲ្យដឹងថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយស្តីពីការអនុវត្តការឯកភាពគ្នាក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំនៃប្រទេសទាំងពីរកាលពីថ្ងៃទី ៥ ខែមិថុនា និងនៅក្នុងការចរចានៅប្រទេសស្វីស។ កិច្ចព្រមព្រៀងនេះ នឹងត្រូវបានដាក់ជូនមេដឹកនាំប្រទេសទាំងពីរដើម្បីអនុម័ត៕


top