ការស្វែងយល់

អាថ៌កំបាំងមីសឺន (My Son)

នៅកណ្ដាល​ព្រៃភ្នំ​យីស្វៀន​ (Duy Xuyen) ខេត្ត​ក្វាង​ណាម​ (Quang Nam) នៃភូមិភាគកណ្ដាលវៀតណាម​ មាន​ប្រជុំ​ស្ថាបត្យកម្ម​បុរាណ​ យ៉ាង​អាថ៌កំបាំង​ និង ពិសេស...

នៅកណ្ដាល​ព្រៃភ្នំ​យីស្វៀន​ (Duy Xuyen) ខេត្ត​ក្វាង​ណាម​ (Quang Nam) នៃភូមិភាគកណ្ដាលវៀតណាម​ មាន​ប្រជុំ​ស្ថាបត្យកម្ម​បុរាណ​ យ៉ាង​អាថ៌កំបាំង​ និង ពិសេស បាន​វាយ​តម្លៃ​ប្រហាក់ប្រហែល​នឹង​រមណីយដ្ឋានប្រាសាទ​​ល្បី​ឈ្មោះនៅ​អាស៊ី​អាគ្នេយ៍​ដូចជា​ អង្គរវត្ត​ (កម្ពុជា) ​Borobudur (ឥណ្ឌូនេស៊ី​), Pagan (មីយ៉ាន​ម៉ា​), Wat Phou (ឡាវ​), Prasat Hin Phimai (ថៃ​)។​ នោះគឺជា​បេតិកភណ្ឌ​ពិភពលោក ​តំបន់ប្រាសាទ​មីសឺន​ (My Son) ជាមជ្ឈដ្ឋាន​វប្បធម៌​ សាសនា​  ជំនឿ និង​ ស្ថាបត្យកម្ម​ចម្ប៉ាបុរាណ​ធំបំផុត​ នៅ​ប្រទេសវៀតណាម​។

សឺន (My Son)​ រំលេច​អាថ៌កំបាំង​ និង ភាព​ទាក់ទាញ​ក្រោម​ស្បៃរាត្រី​។ រូបថត៖ ថាញ​ហ្វ័រ /កាសែតរូបភាពវៀតណាម​

តំបន់ប្រាសាទ​នេះ មាន​អាយុកាល​ចន្លោះ​ពី​សតវត្សរ៍​ទី​៤ ដល់​សតវត្សរ៍​ទី​១៣  នៃ​គ្រឹស្តសករាជ​ បានកសាង​ដោយ​ឥដ្ឋ​ ជាមួយនឹង​សសរថ្ម និង​​រង​ឥទ្ធិពល​ខ្លាំង​ក្លា​នៃ​ស្ថាបត្យកម្ម​ឥណ្ឌា​។ ទី​នេះបាន​ចាត់ទុក​ជា​មជ្ឈមណ្ឌល​មួយ​ក្នុង​ចំណោម​មជ្ឈមណ្ឌល​សំខាន់​​នៃសាសនា​ហិណ្ឌូ​​ នៅតំបន់អាស៊ីអាគ្នេយ៍​ នាបុរាណកាល។​

បេតិកភណ្ឌ​មីសឺន (My Son)​ ស្ថិតនៅកណ្តាល​ជ្រលង​ភ្នំ​ ចំណុះ​តំបន់​ភ្នំ​ស្រុក​យី​ស្វៀន​ (Duy Xuyen) ខេត្ត​ក្វាង​ណាម​ (Quang Nam)។ រូបថត៖ តឹតសឺន/កាសែតរូបភាពវៀតណាម​

ក្នុងប្រវត្តិសាស្រ្ត​ តំបន់ប្រាសាទមីសឺន (My Son)​ ត្រូវ​រងការ​​បំផ្លាញ​ជា​ច្រើន​លើក​ដោយ​សង្រ្គាម​។ បច្ចុប្បន្ន​ ផ្អែក​លើ​លទ្ធផល​​ស្រាវ​ជ្រាវ​ ភាគច្រើន​អ្នកស្រាវជ្រាវ​តែង​លើក​ឡើង​ថា ភាគច្រើន​ប្រាសាទធំ​ៗនៅ​មីសឺន​ (My Son) បាន​ជនជាតិ​ចាមកសាង​ទុកសម្រាប់បូជា​ព្រះសិវៈ អាទិទេពកំពូល​នៃ​សាសនាហិណ្ឌូ​ ជា​សាសនាពេញនិយម​នៅ​អនុទ្វីប​ឥណ្ឌា​ និងតំបន់ខ្លះនៃអាស៊ីអាគ្នេយ៍ក្នុងយុគសម័យមជ្ឈិមសម័យ។ 

មីសឺន (My Son)​ ជា​អាសយដ្ឋាន​ពេញ​ចិត្ត​សម្រាប់​ភ្ញៀវជាតិ​ និងអន្តរជាតិ​។ រូបថត៖ ថាញ​ហ្វ័រ/កាសែតរូបភាពវៀតណាម​

ហេតុដូច្នេះហើយ មនុស្សបានរកឃើញរូបសំណាកថ្ម លិង្គ-យោនីជាច្រើននៅទីនេះ ដែលជានិមិត្តសញ្ញានៃព្រះសិវៈ ធ្លាប់បានគោរពបូជានៅក្នុងប្រាសាទហិណ្ឌូ។

ស្លាក​ស្នាម​ពេលវេលា​ដិត​ជាប់​លើ​ដុំឥដ្ឋបុរាណ​។ រូបថត៖ ថាញ​ហ្វ័រ/កាសែតរូបភាពវៀតណាម​

ជាពិសេស​ ប្រការ​មួយ​ក្នុង​ចំណោម​ប្រការ​ចម្លែក​ ដែលកើត​ឡើងនាំ​ពិបាក​យល់​បំផុត​ នោះគឺ​បច្ចេកទេស​កសាង​ប្រាសាទ​។ មកដល់​សព្វថ្ងៃ​ ទោះបី​មាន​គំហើញ​ជា​ច្រើន​បាន​បំភ្លឺ​ ហាក់ដូចជា​គ្មាន​នរណា​ម្នាក់​បកស្រាយ​ពេញ​លេញ​នូវរបៀប​អ្នកបុរាណ​ប្រើប្រាស់វត្ថុធាតុអ្វី​ ធ្វើ​ដោយ​របៀបណា​ ដើម្បី​ភ្ជាប់​ឥដ្ឋ​ដ៏រឹង​មាំ​នៅ​ក្នុងបទដ្ឋានកសាង​។ 

 

ស្លាកស្នាម​លក្ខណៈ​វប្បធម៌​ និងសាសនា​នៃជនជាតិ​ចម្ប៉ា​បុរាណ។ រូបថត៖ ថាញ​ហ្វ័រ/កាសែតរូបភាពវៀតណាម​

បើ​តាម​ការ​សង្កេតមើល​ ចន្លោះ​ស្រទាប់​ឥដ្ឋ​ ហាក់ដូចជា​គ្មាន​វត្ថុអ្វីមួយ​ដែល​ភ្ជាប់ឥដ្ឋ​ដូចជា​កែវ បាយអរ​ ដូចធ្លាប់ដែលបាន​ឃើញ​នោះទេ​ ប៉ុន្តែ​ដុំឥដ្ឋ​នៅតែជាប់​​គ្នា​ល្អឥខ្ចោះ​ រហូតដល់​ស្ទើរតែគ្មាន​ចន្លោះប្រហោង​ណាមួយ​ឡើយ។ ហើយ​ប្រការ​ពិបាក​យល់​នោះ​ រហូតដល់​សព្វថ្ងៃ ​នៅតែជា​អាថ៌កំបាំងមួយ​​ គ្មាន​ចម្លើយ​។​

ក្បាច់​ចម្លាក់ រូបសំណាក​ថ្ម រូប​ចម្លាក់​ សឱ្យ​ឃើញ​ភាព​ប្រណីត​ ពិសេស​ នៅ​ក្នុងសិល្បៈ​តុបតែង​លើប្រាសាទ​នៅ​មីសឺន (My Son)​។ រូបថត៖ ថាញ​ហ្វ័រ/កាសែតរូបភាពវៀតណាម​

ជាមួយនឹង​តម្លៃធំធេង​ អំពី​វប្បធម៌ ប្រវត្តិសាស្រ្ត​ ស្ថាបត្យកម្ម​ ។ល។ ឆ្នាំ១៩៩៩ តំបន់​ប្រាសាទ​មីសឺន (My Son)​ បាន​អង្គការ​ UNESCO ទទួលស្គាល់​ជា​បេតិកភណ្ឌ​ពិភពលោក​។ 

កម្មវិធី​សិល្បៈ​ពិសេស​ជា​ច្រើន​ បម្រើ​ភ្ញៀវទេសចរ​មក​ទស្សនា​មីសឺន (My Son)​។ រូបថត៖ ថាញ​ហ្វ័រ/កាសែតរូបភាពវៀតណាម​

ជាង​ ២៥ឆ្នាំ​កន្លង​ទៅ ផ្តើម​​ពី​តំបន់ប្រាសាទ​ត្រូវបោះបង់ចោល​ ផ្លាស់ប្ដូររូបរាង​​ប្រែក្លាយ​ជា​អាសយដ្ឋាន​ទេសចរណ៍​ល្បី​ឈ្មោះ​ នៅខេត្តក្វាង​ណាម (Quang Nam) ដោយ​ឡែក លើខ្សែបន្ទាត់​បេតិកភណ្ឌ​ភូមិភាគកណ្តាល​ជាទូទៅ​៕

មីសឺន (My Son)​ សព្វថ្ងៃ​ភ្លឺផ្លេក​ អាថ៌កំបាំង​ និង​ទាក់ទាញ​ ក្រោម​ពន្លឺ​ពណ៌​។ រូបថត៖ ថាញ​ហ្វ័រ/កាសែតរូបភាពវៀតណាម​
  • អត្ថបទ៖ ថាញហ្វ័រ រូបថត៖ ថាញ​ហ្វ័រ​ និង តឹត​សឺន  

top