ក្នុងដំណើរបំពេញទស្សនកិច្ច និងការងាររយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រដាណឺម៉ាក នាថ្ងៃទី ១២ និងទី ១៣ ខែកញ្ញា អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងតំណាងអង្គការ និងអង្គភាពអាជីវកម្មដាណឺម៉ាកមួយចំនួន។
អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh ជួបសន្ទនាជាមួយប្រធានរដ្ឋសភាដាណឺម៉ាក Soren Gade (រូបថត៖ Truong Duy/TTXVN)
ក្នុងជំនួបជាមួយប្រធានសភាដាណឺម៉ាក Soren Gade អនុប្រធានរដ្ឋសភាវៀតណាម Nguyen Khac Dinh បានអះអាងថា វៀតណាមយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការជាមួយដាណឺម៉ាកលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចវិលជុំ បញ្ញាសិប្បនិម្មិត ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការការពារបរិស្ថាន។
អនុប្រធានរដ្ឋសភាក៏បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍ក្នុងការបង្កើតច្បាប់; ពិចារណាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសភាជាតិនៃប្រទេសទាំងពីរ និងបង្កើតក្រុមសមាជិកសភាមិត្តភាពវៀតណាម-ដាណឺម៉ាក និងដាណឺម៉ាក-វៀតណាមនៅក្នុងរដ្ឋសភានៃប្រទេសនីមួយៗ។ រីឯខ្លួនវិញ ប្រធានរដ្ឋសភា Soren Gade បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការសម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០; ចាត់ទុកការបង្កើតក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រលើកំណើនបៃតងរវាងវៀតណាម និងដាណឺម៉ាកក្នុងឆ្នាំ ២០២៣ ជាព្រឹត្តិការណ៍សំខាន់ បង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការ។
ក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃសភាដាណឺម៉ាក លោកស្រី Louise Schack Elholm, អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានអះអាងថា វៀតណាមគាំទ្រយ៉ាងមុតមាំចំពោះគម្រោងវិនិយោគ ជាពិសេសលើវិស័យកំណើនបៃតង និងថាមពលកកើតឡើងវិញរបស់ដាណឺម៉ាកនៅវៀតណាម ហើយប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនដាណឺម៉ាក។ រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃសភាដាណឺម៉ាកបានសង្កត់ធ្ងន់ថា វត្តមានរបស់សាជីវកម្មដាណឺម៉ាកឈានមុខគេដូចជា Lego និង Pandora នៅវៀតណាមជាមួយនឹងគម្រោងធំៗ គឺជាការបង្ហាញយ៉ាងច្បាស់អំពីបរិយាកាសវិនិយោគប្រកបដោយសក្តានុពលនៅវៀតណាម។
ក្នុងជំនួបសន្ទនាជាមួយអភិបាលក្រុង Copenhagen អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh បានស្នើតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងទីក្រុង Copenhagen ជាមួយទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដើម្បីអភិវឌ្ឍន៍ឧទ្យានបច្ចេកវិទ្យាខ្ពស់ Hoa Lac និងឧទ្យានជីវបច្ចេកវិទ្យាហាណូយ ព្រមទាំងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងហូជីមិញផងដែរ។
ក្នុងបណ្តាជំនួបពិភាក្សា និងផ្លាស់ប្តូរជាមួយភាគីដាណឺម៉ាក លោកអនុប្រធានរដ្ឋសភាក៏បានស្នើថា ដាណឺម៉ាក ក្នុងតួនាទីជាប្រធានប្តូរវេនសហភាពអឺរ៉ុប (EU) ក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២៥ ជួយជំរុញបណ្តាប្រទេសសមាជិក EU ដែលនៅសេសសល់ដើម្បីធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) និងគណៈកម្មការអឺរ៉ុប(EC) ដកចេញ “កាតលឿង IUU ចំពោះគ្រឿងសមុទ្រនាំចេញរបស់វៀតណាមឱ្យឆាប់។
ក្នុងឱកាសនេះ អនុប្រធានរដ្ឋសភាលោក Nguyen Khac Dinh បានចូលរួមពិភាក្សាជាមួយសាជីវកម្មធំៗរបស់ដាណឺម៉ាក រួមទាំងអាជីវកម្មជាច្រើនដែលមានវត្តមានយូរអង្វែងនៅ វៀតណាម ដូចជា Lego, Pandora, Maersk ជាដើម ហើយសហគ្រាសដាណឺម៉ាកទាំងអស់បានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលនៃទីផ្សារវៀតណាម ដោយអះអាងថានឹងបន្តពង្រីកការវិនិយោគ និងអាជីវកម្មរយៈពេលវែងនៅវៀតណាម។ សហព័ន្ធឧស្សាហកម្មដាណឺម៉ាក (តំណាង ឱ្យអាជីវកម្មដាណឺម៉ាកចំនួន ១៩.០០០អង្គភាព) បានប្រកាសថា នឹងបើកការិយាល័យតំណាងនៅវៀតណាមឆាប់ៗនេះ។
ក្នុងដំណើរបំពេញទស្សនកិច្ចការងារ អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Khac Dinh បានទៅទស្សនាទីស្នាក់ការ ជួបធ្វើការជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅដាណឺម៉ាក និងជួបសំណេះសំណាលជាមួយតំណាងសហគមន៍វៀតណាមនៅប្រទេសម្ចាស់ផ្ទះផងដែរ៕