ព័ត៌មាន

អភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដើម្បីជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពរបស់ប្រទេសជាតិ

នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាយុទ្ធសាស្ត្រ គឺជាមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៅក្នុងយុគសម័យថ្មី។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងនៅក្នុងពិធីនេះ។ រូបថត៖ Lai Hoa/VOV

នៅព្រឹកថ្ងៃទី១៨ ខែឧសភា នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានរៀបចំពិធីអបអរសាទរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍វៀតណាម និងសន្និសីទស្តីពីការអនុវត្តបច្ចេកវិទ្យាយុទ្ធសាស្ត្រ ក្រោមប្រធានបទ៖ "វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល - កម្លាំងចលករ​ចម្បងនៃគំរូកំណើនថ្មី"។

នៅក្នុងពិធីនោះ ​នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានថ្លែងថា ទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍វៀតណាម (ថ្ងៃទី១៨ ខែឧសភា) មិនត្រឹមតែជាឱកាសដើម្បី​លើក​តម្កើ​ងអ្នកវិទ្យាសាស្ត្រ បញ្ញវន្ត និងសហគ្រិនជាមួយនឹងសមិទ្ធផលលេចធ្លោ​ក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីដាស់មោទនភាព​ចំពោះបញ្ញា​វន្តវៀតណាម និងស្មារតីនវានុវត្តន៍ ជាពិសេសចំពោះយុវជន​ជំនាន់ក្រោយ។ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាយុទ្ធសាស្ត្រ គឺជាមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៅក្នុងយុគសម័យថ្មី។

នាយករដ្ឋមន្ត្រីបានស្នើ​ឲ្យ​មាន​គោលនយោបាយលើកទឹកចិត្ត​ដ៏ខ្លាំង​ក្លា ដែលអាចអនុវត្តបានក្នុង​តថភាពជាក់ស្តែង។

«​ត្រូវតែមានយន្តការ​ទម្លុះ​ទម្លាយ។ ប្រសិនបើយើងអនុវត្ត​តាម​ដំណើរការ និងយន្តការធម្មតា គឺមិនអាចអនុវត្តការវិនិយោគលើនវានុវត្តន៍បានទេ។ ដូច្នេះ បញ្ហាប្រឈមគឺការបញ្ជាទិញ ទទួលយកហានិភ័យ​ដោយមានការគ្រប់គ្រង និងយកផលិតផលចុងក្រោយ ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការវិនិយោគរបស់រដ្ឋ​។ មូលធនរដ្ឋក៏ជាផ្នែកមួយ ដោយលើកទឹកចិត្ត​មូលធនពីសហគ្រាស និងសង្គមឱ្យរួម​គ្នា​វិនិយោគលើផលិតផលអាទិភាពមួយចំនួន។ យន្តការហិរញ្ញវត្ថុរបស់រដ្ឋត្រូវតែបើកចំហរយ៉ាង​ខ្លាំង និងបង្កើតលក្ខខណ្ឌសម្រាប់ក្រសួង វិទ្យាស្ថាន សាលារៀន និង​សហគ្រាស ​រួម​គ្នា​ស្រាវជ្រាវ»​។

លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏បានកត់សម្គាល់ថា ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការអន្តរជាតិ; បង្កើតយន្តការសម្រាប់សហគ្រាសបរទេសដែលវិនិយោគនៅវៀតណាម​ឱ្យផ្ទេរបច្ចេកវិទ្យា; ចូលរួម និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាយុទ្ធសាស្ត្រ​ជាបណ្ដើរៗ; ពង្រីកយ៉ាងខ្លាំងនូវបណ្តាញបញ្ញវន្ត និងអ្នកជំនាញវៀតណាម​នៅបរទេស៕​


top