ព័ត៌មាន

អបអរសាទរទិវាកុមារពិភពលោក ក្រោមប្រធានបទ ការថែទាំសុខភាពផ្លូវចិត្ត

នាថ្ងៃទី ១៧ វិច្ឆិកា នៅទីក្រុងហាណូយ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានរៀបចំពិធីអបអរសាទរទិវាកុមារពិភពលោក (២០ វិច្ឆិកា) ក្រោមប្រធានបទ “ការថែទាំ  ការពារ និងលើកកម្ពស់សុខភាពផ្លូវចិត្តសម្រាប់កុមារ”។

ថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច Nguyen Thi Ha បានសង្កត់ធ្ងន់ថា ទិវាកុមារពិភពលោកឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកទាំងមូល រងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ ១៩ រួមទាំងកុមារ យុវជនវ័យជំទង់ផងដែរ។ ក្នុងរយៈពេលកន្លងមកនេះ  ក្រសួងបានសហការជាមួយក្រសួង និងវិស័យផ្សេងៗក្នុងការលើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹង ការផ្តល់ព័ត៌មាន និងការថែទាំសុខភាពផ្លូវចិត្ត ដល់បុគ្គលិកពេទ្យ លោកគ្រូ អ្នកគ្រូ ឪពុកម្តាយ អ្នកថែទាំជាដើម។ យោងតាមអ្នកតំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំប្រទេសវៀតណាម លោកស្រី Rana Flowers ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតនេះ បញ្ហាសិទ្ធិកុមារជាច្រើនបានរងផលប៉ះពាល់។ ដូច្នេះ រដ្ឋាភិបាលនៃប្រទេសនានាចាំបាច់ត្រូវពិចារណាផែនការ និងយុទ្ធសាស្ត្រសុខភាពផ្លូវចិត្តសម្រាប់កុមារ និងយុវជនជំទង់។ លើសពីនេះ ត្រូវការអ្នកធ្វើការសង្គមដែលមានជំនាញក្នុងសហគមន៍ ដើម្បីពង្រឹងសុខភាពផ្លូវចិត្តដល់កុមារ។ ឪពុកម្តាយត្រូវបង្កើតបរិយាកាសមួយដែលលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរ និងជជែកគ្នាក្នុងចំណោមសមាជិកគ្រួសារ។

នៅក្នុងពិធីនេះ ភ្ញៀវបានចែករំលែកអំពីបញ្ហារបស់ឪពុកម្តាយក្នុងការថែទាំសុខភាពផ្លូវចិត្តសម្រាប់កុមារនិងយុវជនជំទង់។ ការចែក រំលែកជាមួយប្អូនសិស្សអំពីគំនិតផ្ទាល់ខ្លួន បទពិសោធន៍ជាក់ស្តែង និងការប្រឹក្សាពីចិត្តវិទូ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top