ព័ត៌មាន

អបអរសាទរខួបលើកទី ៥០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី​ការបញ្ចប់សង្គ្រាម និងការបង្កើតសន្តិភាពឡើងវិញនៅវៀតណាម

ឯករាជ្យ ខ្លួនទីពឹងខ្លួន និងបូរណភាពដែនដីគឺជាគោលការណ៍មិនប្រែប្រួល ហើយជាសរសៃអំបោះក្រហមក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេស របស់ប្រជាជាតិវៀតណាម
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son

នាព្រឹកថ្ងៃទី ១៧ មករា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានប្រារព្ធពិធីរំលឹកខួបលើកទី ៥០ ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការបញ្ចប់សង្គ្រាម និង ការបង្កើតសន្តិភាពឡើងវិញនៅវៀតណាម (២៧ មករា ឆ្នាំ ១៩៧៣ - ២៧ មករា ឆ្នាំ ២០២៣ )

អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីនេះ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានសង្កត់ធ្ងន់ថា ឯករាជ្យ ខ្លួនទីពឹងខ្លួន និងបូរណភាពដែនដីគឺជាគោលការណ៍មិនប្រែប្រួល ហើយជាសរសៃអំបោះក្រហមក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនៃការកសាង និងការពារប្រទេស របស់ប្រជាជាតិវៀតណាម។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលត្រូវបានចុះហត្ថលេខាកាលពីពាក់កណ្តាលសតវត្សរិ៍មុនបានបញ្ចប់ប្រកបដោយជោគជ័យការចរចាដ៏វែងបំផុត និងស្មុគស្មាញបំផុតក្នុងប្រវត្តិសាស្ត្រការទូតរបស់វៀតណាម ដើម្បីបញ្ចប់សង្គ្រាមដ៏វែងបំផុតក្នុងសតវត្សរិ៍ទី ២០ បង្កើតបុព្វបទ សម្រាប់ប្រជាជនវៀតណាមអនុវត្តន៍បំណងប្រាថ្នា សន្តិភាព ឯករាជ្យជាតិ ឯកភាពប្រទេស និងការអភិវឌ្ឍន៍ប្រកបដោយវិបុលភាព។

ចំណែកលោកស្រី Hélène Luc ព្រឹទ្ធសមាជិកាកិត្តិយស ប្រធានកិត្តិយស សមាគមមិត្តភាពបារាំង-វៀតណាម បានអះអាងថា បើទៅបីជារយៈពេល ៥០ ឆ្នាំបានកន្លងផុតទៅចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស នាថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៣ ក៏ដោយ ក៏មនោសញ្ចេតនា និងសេចក្ដីសប្បាយរីករាយរបស់លោកស្រីនៅតែដដែល។ លោកស្រីបានឲ្យដឹងថា ពិភពលោកទាំងមូលបានស្វាគមន៍យ៉ាងសប្បាយរីករាយចំពោះជ័យជំនះរបស់ប្រជាជាតិវៀតណាម។ ជ័យជំនះនេះត្រូវបានកើតចេញពីស្មារតីវីរភាពរបស់ប្រជាជនវៀតណាម ពីការជួយឧបត្ថម្ភរបស់សហភាពសូវៀត និងចិនក៏ដូចជាការគាំទ្ររបស់បណ្ដាកងកម្លាំងស្រឡាញ់សន្តិភាពនៅលើពិភពលោកផងដែរ៕


top