ព័ត៌មាន

អនុសញ្ញាទីក្រុងហាណូយ៖ រួមគ្នាកសាងពិភពលោកសន្តិភាពនិងសុវត្ថិភាព

ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត បានបើកនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
លោកប្រធានរដ្ឋ លឿង គឿង អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterresនិងគណៈប្រតិភូនៅក្នុងពិធីចុះហត្ថលេខាលើអនុសញ្ញាហាណូយ។ (រូបថត៖ VOV)

អញ្ជើញចូលរួមពិធីចុះហត្ថលេខាមានវត្តមាន ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាយិកាប្រតិបត្តិនៃការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) លោកស្រី Ghada Fathy Ismail Waly ប្រធានគណៈប្រតិភូ ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិ និងតំណាងអង្គការអន្តរជាតិ។

ក្នុងសុន្ទរកថាបើកពិធីចុះហត្ថលេខាលើអនុសញ្ញាហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានសង្កត់ធ្ងន់ថា នៅបំពោះមុខបញ្ហាប្រឈមនៃបទល្មើសតាមអ៊ីនធឺណិតនោះ កំណើតនៃអនុសញ្ញាទីក្រុងហាណូយ ដែលជាអនុសញ្ញាពហុភាគីជាសកលស្តីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត គឺជាសក្ខីភាពដ៏រស់រវើកនៃស្មារតីសាមគ្គីភាព និងការគោរពច្បាប់ជាគោល។

អនុសញ្ញាទីក្រុងហាណូយផ្ញើសារច្បាស់លាស់ចំនួនបី ដែលមានសារៈសំខាន់យ៉ាងជ្រាលជ្រៅ និងយូរអង្វែងដល់ពិភពលោក។ ទីមួយ បញ្ជាក់ពីការសន្យាបង្កើតសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព និងសន្តិសុខក្នុងលំហអ៊ីនធឺណិតដោយផ្អែកលើច្បាប់អន្តរជាតិ។ ទីពីរ រំលេចនូវស្មារតីនៃការចែករំលែក ការរួមដំណើរ និងការជួយគាំទ្រគ្នាទៅវិញទៅមក។ ទីបី សង្កត់ធ្ងន់លើគោលដៅខ្ពស់បំផុតនៃកិច្ចខិតខំប្រឹងប្រែងទាំងអស់គឺដើម្បីប្រជាជន ដើម្បីឱ្យបច្ចេកវិទ្យាបម្រើជីវភាព ការអភិវឌ្ឍនាំមកនូវឱកាសដល់មនុស្សគ្រប់គ្នា ហើយគ្មាននរណាម្នាក់ត្រូវបានទុកចោលនៅពីក្រោយក្នុងដំណើរការឌីជីថលភាវូបនីយកម្មសកលនោះទេ។ លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា៖

“សារទាំងបីនោះបង្ហាញយ៉ាងច្បាស់អំពីស្មារតីស្នូលនៃអនុសញ្ញាទីក្រុងហាណូយ ដែលជាអនុសញ្ញារបស់ការគោរពច្បាប់ របស់កិច្ចសហប្រតិបត្តិការ និងរបស់ប្រជាជន។ នោះក៏ជាបាវចនាដែលវៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននៅក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ ដោយយកច្បាប់ជាមូលដ្ឋានគ្រឹះ កិច្ចសហប្រតិបត្តិការជាកម្លាំងចលករ និងប្រជាជនជាកម្មវត្ថុ ជាស្នូល និងជាគោលដៅនៃកិច្ចខិតខំប្រឹងប្រែងទាំងអស់។ ការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខា និងជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើអនុសញ្ញាហាណូយ គឺជាសក្ខីភាពនៃការសន្យាយ៉ាងមុតមាំរបស់យើងខ្ញុំ ចំពោះការគោរពច្បាប់ ការអនុវត្តកាតព្វកិច្ចអន្តរជាតិយ៉ាងពេញលេញ និងរួមចំណែកក្នុងការពង្រឹងសណ្តាប់ធ្នាប់ផ្លូវច្បាប់ជាសកលនៅក្នុងលំហអ៊ីនធឺណិតផងដែរ”។

អញ្ជើញចែករំលែកនៅពិធីបើកផងដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត គឺជាចំណុចរបត់មួយ ដែលកត់សម្គាល់នូវការខិតខំប្រឹងប្រែងអន្តរជាតិដំបូងក្នុងរយៈពេលជាងពីរទសវត្សរ៍ ដើម្បីកសាងយន្តការ ការពាររួមប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិត៖

“អនុសញ្ញានេះគឺជាការសន្យាក្នុងការការពារសិទ្ធិមនុស្សជាមូលដ្ឋាន រួមទាំងសិទ្ធិឯកជនភាព សុចរិតភាព និងសុវត្ថិភាព ទាំងនៅក្នុងពិភពពិត និងក្នុងលំហឌីជីថលផងដែរ។ នេះគឺជាសក្ខីភាពមួយនៃកម្លាំងនៃពហុភាគីនិយម ដែលបង្ហាញថានៅពេលដែលប្រទេសនានាសហការគ្នា យើងអាចរកឃើញដំណោះស្រាយចំពោះបញ្ហាប្រឈមជាសកល”៕


top