ខ្លឹមសារមួយដែលបានលើកឡើងដោយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នៅក្នុងសុន្ទរកថាបើកសន្និបាតលើកទី ៣ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ នៅព្រឹកថ្ងៃទី ២០ ខែកក្កដា នៅទីក្រុងហាណូយ គឺការបង្កើតគំរូកំណើនដោយផ្អែកលើផលិតភាព បញ្ញា បច្ចេកវិទ្យា និងធនធានមនុស្ស។
វៀតណាមខិតខំសម្រេចបានគោលដៅកំណើនពីរខ្ទង់ ក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០។ រូបថត៖ Hong Dat /VNA
ការជំរុញឧស្សាហូបនីយកម្មនិងទំនើបកម្ម ដោយយកវិទ្យាសាស្ត្រ
បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករចម្បង រួមជាមួយនឹងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ការកែលម្អផលិតភាព គុណភាព ប្រសិទ្ធភាព តម្លៃបន្ថែម
និងសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច ត្រូវបានចាត់ទុកជា "ត្រីវិស័យ"
ដើម្បីសម្រេចបានគោលដៅនៃកំណើនពីរខ្ទង់ក្នុងដំណាក់កាល ២០២៦-២០៣០។ លោក ផាម វ៉ាន់
ក្វាន់ អនុប្រធាននាយកដ្ឋានឧស្សាហកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម)
បានឱ្យដឹងថា៖ “នាពេលកន្លងមក
វៀតណាមផ្តោតសំខាន់លើការធ្វើអាជីវកម្មរ៉ែឆៅ និងការកែច្នៃបឋម។ ឥឡូវនេះ
ប្រសិនបើយើងចង់បង្កើនតម្លៃ
គឺត្រូវតែផ្តោតការវិនិយោគលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់ការកែច្នៃរ៉ែយ៉ាងស៊ីជម្រៅ
ពីព្រោះធនធានរ៉ែរួមចំណែកយ៉ាងឆាប់រហ័សនិងដោយផ្ទាល់ដល់កំណើនពីរខ្ទង់។
ការធ្វើជាម្ចាស់លើបច្ចេកវិទ្យានឹងរួមចំណែកដោយផ្ទាល់ដល់ GDP និងដោះស្រាយបញ្ហាទីពីរគឺធ្ចើជាម្ចាស់លើវត្ថុធាតុដើមនិងឧបករណ៍ផងដែរ។
នេះក៏ជាតថភាពជាក់ស្តែងមួយ ស្តីពីការផ្លាស់ប្តូរគំរូកំណើនសេដ្ឋកិច្ច»។
វិស័យសេដ្ឋកិច្ចដែលមានការវិនិយោគផ្ទាល់ពីបរទេស (FDI) រួមចំណែកជាង ៨៥% នៃចំណូលនាំចេញសរុបរបស់ប្រទេសទាំងមូល
ដោយផ្តោតសំខាន់លើទំនិញឧស្សាហកម្មកែច្នៃ និងបច្ចេកវិទ្យាខ្ពស់
ប៉ុន្តែខ្សែសង្វាក់ផ្គត់ផ្គង់នៅតែមានកម្រិត។ សេដ្ឋវិទូ លោកបណ្ឌិត ឡេ យី ប៊ិញ នាយក Economica
វៀតណាម បានចាត់ទុកថា៖ «យើងទើបតែនាំចូលបច្ចេកវិទ្យាប៉ុណ្ណោះ
ហើយនវានុវត្តន៍ផ្នែកបច្ចេកវិទ្យានៅមានកម្រិត។ សេចក្តីសម្រេចចិត្តរបស់បក្ស
ស្តីពីការផ្លាស់ប្តូរថ្មីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
បានចង្អុលបង្ហាញពីចំណុចខ្វះខាតនៃខឿនសេដ្ឋកិច្ចរបស់យើងនាពេលបច្ចុប្បន្ន និងបានជំរុញកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍ធុរកិច្ច
ក៏ដូចជាស្ថាប័នគ្រប់គ្រង
ដើម្បីរួមគ្នាមានវិធានការជួយឱ្យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្លាយជាគន្លឹះពិតប្រាកដ
ដើម្បីជំរុញបន្ថែមទៀតនូវការស្រូបយកបច្ចេកវិទ្យា ការផ្សព្វផ្សាយបច្ចេកវិទ្យា
និងឆ្ពោះទៅរកការបង្កើតបច្ចេកវិទ្យា»។
វៀតណាមបានកំណតើគោលដៅក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានមូលដ្ឋានឧស្សាហកម្មទំនើប
និងមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ហើយចក្ខុវិស័យដល់ឆ្នាំ២០៤៥
នឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់៕