នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ អនុប្រធានរដ្ឋ លោកស្រីVo Thi Anh Xuan អញ្ជើញចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីហ្វីលីពីនលោក Ferdinand Romualdez Marcos Jr. ក្នុងឱកាសចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក។
ប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr. ជាមួយអនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan និងគណៈប្រតិភូ (រូបថត៖ Lam Khanh/TTXVN
នៅក្នុងពិធីនេះ លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. បានឯកភាពថា ភាគីទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នាពេលខាងមុខ ហើយបញ្ជាក់ថា លោកនឹងរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ។ លោកប្រធានាធិបតី Marcos សង្ឃឹមថា វៀតណាមនឹងបន្តផ្គត់ផ្គង់អង្ករប្រកបដោយស្ថិរភាព ដើម្បីធានាសន្តិសុខស្បៀងរបស់ហ្វីលីពីន។ លោកប្រធានាធិបតី Marcos បានមានប្រសាសន៍ថា លោកនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាមនៅបណ្តាវេទិកាអន្តរជាតិ; ឯកភាពរក្សាកិច្ចសហប្រតិបត្តិការលើបញ្ហាសមុទ្រខាងកើត ដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។
ក្នុងឱកាសអញ្ជើញចូលរួមពិធីស្បថចូលកាន់ដំណែងរបស់ប្រធានាធិបតីហ្វីលីពីន អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានអញ្ជើញជួបពិភាក្សាការងារជាមួយអគ្គទេសាភិបាលអូស្ត្រាលី David Hurley; ឧបនាយករដ្ឋមន្ត្រីថៃ Don Pramudwinai; រដ្ឋមន្ត្រីការបរទេសជប៉ុន Hayashi Yoshimasa; រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ Dato Erywan Yusof និងបេសកជននាយករដ្ឋមន្ត្រីអង់គ្លេស Richard Graham។
ក្នុងជំនួបជាមួយអគ្គទេសាភិបាលអូស្ត្រាលី David Hurley លោកស្រីអនុប្រធានរដ្ឋបានស្នើថា ប្រទេសទាំងពីរបន្តអនុវត្តន៍យ៉ាងសកម្មនូវយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ បង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗ ដូចជា ពាណិជ្ជកម្ម ការវិនិយោគ និងសន្តិសុខជាតិ; មានបំណងចង់ឲ្យអូស្ត្រាលីបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាម ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអូស្ត្រាលី។
ក្នុងជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai លោកស្រីអនុប្រធានរដ្ឋសង្ឃឹមថា ភាគីទាំងពីរនឹងបន្តសម្របសម្រួល ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើងថែមទៀត។
ក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi Yoshimasa លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយជប៉ុន ហើយសង្ឃឹមថា ជប៉ុននឹងវិលត្រលប់មកវិញ ក្នុងនាមជាវិនិយោគិនបរទេសលំដាប់លេខមួយនៅវៀតណាម ក្នុងពេលឆាប់ៗនេះ។ លោកស្រីអនុប្រធានរដ្ឋសង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តន៍យ៉ាងសកម្មនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជាពិសេសការអនុវត្តគម្រោង ODA ជំនាន់ថ្មីរបស់ជប៉ុននៅវៀតណាម និងពន្លឿនការបង្ហើយខ្សែរថភ្លើង Metro លេខ ១ នៅទីក្រុងហូជីមិញ ដោយបានរួមចំណែកជាក់ស្តែងអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងជប៉ុននៅឆ្នាំ ២០២៣។
ពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ លោក Dato Erywan Yusof លោកស្រីអនុប្រធានរដ្ឋមានបំណងចង់ឲ្យភាគីទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍សកម្មភាពនានា ដើម្បីអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំនេះ។ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេបានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងជាមួយវៀតណាម; ស្នើឱ្យភាគីទាំងពីរជំរុញការបើកជើងហោះហើរត្រង់រវាងទីក្រុងហូជីមិញ- Bandar Seri Begawan នាពេលឆាប់ៗនេះ។
នៅក្នុងជំនួបជាមួយបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Richard Graham លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ភាគីទាំងពីរនៅតែមានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យអប់រំ។ ចំណែកបេសកជនពិសេសមានបំណងថា សាកលវិទ្យាល័យអង់គ្លេសជាច្រើននឹងបើកសាខាបន្ថែមទៀតនៅវៀតណាមនាពេលខាងមុខ៕