ព័ត៌មាន

អង្គការអន្តរជាតិវាយតម្លៃជាវិជ្ជមានចំពោះយថាទស្សន៍ទំនុកចិត្តរបស់វៀតណាម

ទីភ្នាក់ងារវាយតម្លៃឥណទាន Fitch កំពុងរៀបចំណាត់ថ្នាក់ទំនុកចិត្តរបស់វៀតណាមនៅកម្រិត "BB" ជាមួយនឹងយថាទស្សន៍ "វិជ្ជមាន"។

ការកែលម្អចំណាត់ថ្នាក់ទំនុកចិត្តមិនត្រឹមតែជាបញ្ហានៃការលើកកំពស់កេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងបើកបណ្ដាញកៀរគរដើមទុនដ៏សម្បូរបែបថែមទៀត កាត់បន្ថយការចំណាយលើការខ្ចីទុន ហើយពង្រឹងឋានៈ ហិរញ្ញវត្ថុបរទេសរបស់ប្រទេសជាតិផងដែរ។ សារព័ត៌មានអន្តរជាតិកាលពីសប្តាហ៍មុនមានអត្ថបទជាច្រើនស្ដីអំពីយថាទស្សន៍នៃការកែលម្អចំណាត់ថ្នាក់ទំនុកចិត្តរបស់វៀតណាម។

កាសែត The Star ដែលជាកាសែតឈានមុខគេមួយ របស់ប្រទេសម៉ាឡេស៊ីបានសម្ដែងនូវការយកចិត្តទុកដាក់ដល់គោលដៅ "គម្រោងកែលម្អចំណាត់ថ្នាក់ទំនុកចិត្តជាតិដល់ឆ្នាំ ២០៣០" របស់វៀតណាម។ នោះគឺនៅឆ្នាំ ២០៣០ សម្រេចបានចំណាត់ថ្នាក់ទំនុកចិត្តតាំងពី Baa3 (សម្រាប់ Moody's) ឬ BBB- (សម្រាប់ S&P និង Fitch) ឡើងទៅ។ អត្ថបទបានសង្កត់ធ្ងន់លើដំណោះស្រាយសំខាន់ៗដើម្បីសម្រេចបាននូវគោលដៅនេះ រួមទាំងការកសាងគ្រឹះស្ថានហិរញ្ញវត្ថុសាធារណៈដ៏រឹងមាំ ការកែលម្អសន្ទស្សន៍បំណុល ហើយជំរុញការពង្រឹងប្រព័ន្ធសារពើពន្ធ។

នាបច្ចុប្បន្ន ទីភ្នាក់ងារឥណទានអន្តរជាតិកំពុងមានការវាយតម្លៃជាវិជ្ជមានចំពោះ វៀតណាមក្នុងរយៈពេលវែង។ ទីភ្នាក់ងារវាយតម្លៃឥណទាន Fitch កំពុងរៀបចំណាត់ថ្នាក់ទំនុកចិត្តរបស់វៀតណាមនៅកម្រិត "BB" ជាមួយនឹងយថាទស្សន៍ "វិជ្ជមាន"។ Fitch បានបញ្ជាក់ថា យថាទស្សន៍កំណើនរយៈពេលមធ្យមរបស់វៀតណាម នៅតែបន្តមានសុទិដ្ឋិនិយម ដោយមិនអើពើដល់ជំងឺរាតត្បាត កូវីដ-១៩ និងផលប៉ះពាល់លើសេដ្ឋកិច្ចពិភពលោកពីជម្លោះនៅអ៊ុយក្រែន ព្រមទាំងបានធ្វើការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមនឹងសម្រេចបាន ៦,១% នៅឆ្នាំនេះ និង ៦,៣% នៅឆ្នាំ ២០២៣៕


top