ព័ត៌មាន

អង្គការសុខភាពពិភពលោក៖ Covid-19 នៅតែជាបញ្ហាសុខាភិបាលជាបន្ទាន់ នៅទូទាំងពិភពលោក

នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាជំងឺរាតត្បាត Covid-19 នៅ​តែ​ជាបញ្ហាសុខាភិបាលជាបន្ទាន់នៅសកលលោក ហើយអង្គការនេះ​ក៏បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជាពិសេស​នៃ​ផល​ប៉ះពាល់​នៃការរីករាលដាលចំពោះប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្សោយផងដែរ។
 
ក្នុងរយៈ៣​ខែបន្ទាប់ពីគណៈកម្មាធិការគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក បានស្នើប្រកាសថាជំងឺ Covid-19 ជាបញ្ហាសុខាភិបាលជាបន្ទាន់នៅសកលលោក លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាពពិភពលោក បានមានប្រសាសន៍ថាការផ្ទុះឡើងនៃជំងឺនេះ កើនឡើង​ក្នុង​បណ្តា​ប្រទេស​ដែលមាន​ប្រព័ន្ធសុខាភិបាលខ្សោយជាង ហើយលោកក៏សម្តែងការព្រួយ​បារម្ភអំពី​ជំងឺឆ្លង​ដទៃទៀត​ដែលអាច​ផ្ទុះឡើងដោយ​សារតែការធ្វេសប្រហែសដោយជំងឺ Covid-19 នេះផងដែរ។
 
អង្គការសុខភាពពិភពលោក ក៏បានបន្ថែមទៀតថាកំពុងបន្តសហការ ជាមួយបណ្តាប្រទេស​និងដៃគូនានា ដើម្បី​ធានាថាកា​រធ្វើដំណើរចាំបាច់ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត និងផ្តល់ជំនួយ​មនុស្សធម៌​និង​សកម្មភាព​ដឹកជញ្ជូនទំនិញជាបណ្តើរៗ និងបន្តតភ្ជាប់រាល់សកម្មភាពធ្វើដំ​ណើរឡើងវិញផងដែរ៕

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម
 


top