ព័ត៌មាន

អង្គការ OECD ព្យាករណ៍ថា​កំណើនសេដ្ឋកិច្ចពិភពលោក​នឹងធ្លាក់ចុះដល់​កម្រិតទាបបំផុត​ក្នុងរយៈពេលមួយទសវត្សរ៍

នាថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៩ អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)បានវាយតម្លៃថាភាពតានតឹងខាងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនកំពុងញាំងឲ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កំ​រិត​ទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍។ OECD បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកជាបន្តបន្ទាប់ក្នុងឆ្នាំ ២០១៩ ពី ៣,២% មកត្រឹម ២,៩% ខណៈដែលកំណើននាឆ្នាំ ២០២០ ត្រូវបានកាត់បន្ថយពី ៣,៤% មកត្រឹម ៣% ។ អង្គការ OECD បានចាត់ទុកថា ទាំងនេះគឺជាកំរិតកំណើនទាបបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨-២០០៩ ហើយហានិភ័យនៅ តែកើនឡើង។ យោងតាម OECD ការកើនឡើងនៃភាពតានតឹងខាងពាណិជ្ជកម្មកំពុងធ្វើឱ្យទំនុកចិត្តនិងការវិនិយោគចុះខ្សោយ ដែលនាំឱ្យមានហានិភ័យគោលនយោ បាយ ប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុ និងបង្កគ្រោះថ្នាក់ដល់យថាទស្សន៍កំណើននាពេលអនាគត។ អង្គការ OECD ព្រមានថាសេដ្ឋកិច្ចពិភពលោកនឹងឈានចូលដំណាក់កាលថ្មីមួយជាមួយនឹងកំណើនទាបក្នុងរយៈពេលវែង ប្រសិនបើរដ្ឋាភិបាលនានានៅតែស្ទាក់ស្ទើរក្នុងការចាត់វិធានការដោះស្រាយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top