កិច្ចពិភាក្សារវាងគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងអាមេរិក (រូបថត៖ VNA)
នៅក្នុងកិច្ចពិភាក្សា អគ្គលេខាបក្សលោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយការបរទេសខ្ជាប់ខ្ជួនរបស់វៀតណាមគឺឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពិពិធកម្ម និងពហុភាគីនៃទំនាក់ទំនងការបរទេស; ធ្វើសមាហរណកម្មយ៉ាងសកម្ម ទូលំទូលាយ និងស៊ីជម្រៅ; វៀតណាមជាមិត្ត ជាដៃគូដែលគួរឱ្យទុកចិត្តនិងជាសមាជិកសកម្មនិងមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ចំពោះស្ថានការណ៍ស្មុគស្មាញ និងជម្លោះអន្តរជាតិ វៀតណាមមានបំណងចង់ឲ្យភាគីជួបសន្ទនា និងដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ វៀតណាមវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់សហរដ្ឋអាមេរិក ដែលគាំទ្រគោលជំហររបស់ វៀតណាមនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើបញ្ហាសមុទ្រខាងកើត។ វៀតណាមស្នើឱ្យអាមេរិកបន្តគាំទ្រ និងរួមចំណែកយ៉ាងសកម្មចំពោះសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងធានានូវសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងផលប្រយោជន៍ស្របច្បាប់ របស់ប្រទេសនានានៅសមុទ្រខាងកើត និងដោះស្រាយវិវាទដោយសន្តិវិធី។
រីឯខ្លួនវិញ ប្រធានាធិបតី លោក Joe Biden បានសង្កត់ធ្ងន់លើសារៈសំខាន់នៃតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីវិជ្ជមានរបស់វៀតណាមលើបញ្ហាតំបន់និងពិភពលោកជាច្រើន រួមទាំងបញ្ហាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ លោកប្រធានាធិបតីបានអះអាងនូវការគាំទ្រចំពោះតួនាទីស្នូលរបស់អាស៊ាន និងមានបំណងចង់សហការជាមួយវៀត ណាម ដើម្បីរួមចំណែកដល់សាមគ្គីភាព និងវិបុលភាពរបស់អាស៊ាន។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា សមុទ្រខាងកើតមានតួនាទីសំខាន់សម្រាប់វិបុលភាព និងស្ថិរភាពអន្តរជាតិ ព្រមទាំងបញ្ជាក់ឡើងវិញនូវគោលជំហររបស់អាមេរិក លើសមុទ្រខាងកើត។ លោកប្រធានាធិបតី Joe Biden បានវាយតម្លៃខ្ពស់ចំពោះប្រទេសទាំងពីរលើកកម្ពស់ទំនាក់ទំនងជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕