លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានាធិបតី Kassym-Jomart Tokayev ចូលរួមពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ ទិវាជ័យជំនះលើហ្វាស៊ីសនិយម ថ្ងៃទី ៩ ឧសភា។ (រូបថត៖ VNA)
បន្តដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកាហ្សាក់ស្ថាន នារសៀលថ្ងៃទី ៧ ឧសភា (ម៉ោងក្នុងតំបន់) នៅទីលានឯករាជ្យ ក្នុងរដ្ឋធានី Astana អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលោកជំទាវ ង៉ោ ហ្វឿងលី បានចូលរួមពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះលើហ្វាស៊ីសនិយម (១៩៤៥ - ២០២៥)។ ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីនេះ។
កងកម្លាំងប្រដាប់អាវុធកាហ្សាក់ស្ថាន ធ្វើព្យុហយាត្រានៅឯពិធី។ (រូបថត៖ Van Hieu/VOV) |
ចូលរួមធ្វើព្យុហយាត្រាមានទាហានជាង ៤០០០ នាក់ រួមជាមួយយានជំនិះបច្ចេកទេសយោធាជាង ២០០ គ្រឿង យន្តហោះនិងឧទ្ធម្ភាគចក្រគ្រប់ប្រភេទចំនួន ៦៦ គ្រឿង។
នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្ស តូ ឡឹម បានទទួលជួបថ្នាក់ដឹកនាំនៃក្រុមហ៊ុននិងមូលនិធិវិនិយោគមួយចំនួនរបស់កាហ្សាក់ស្ថាន។ ទទួលជួបប្រធានក្រុមហ៊ុនភាគហ៊ុនសំណង់ Cotteccons លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា បក្សនិងរដ្ឋវៀតណាមស្វាគមន៍ក្រុមហ៊ុនបន្តស្រាវជ្រាវ និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំណង់ និងរ៉ែកម្រ ដោយឈរលើគោលការណ៍ធានាប្រសិទ្ធភាពវិនិយោគ និងផលប្រយោជន៍សុខដុមរមនារវាងភាគីពាក់ព័ន្ធ។
រីឯខ្លួនវិញ លោក Kusto Bolat Dulsenov ប្រធានក្រុមហ៊ុន Cotteccons បានសម្តែងក្តីសង្ឃឹមថា វៀតណាមនឹងបង្កើតលក្ខខណ្ឌសម្រាប់ក្រុមហ៊ុនដើម្បីចូលរួមវិនិយោគក្នុងគម្រោងជាតិសំខាន់ៗនៅវៀតណាម ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដែលភាគីទាំងពីរមានតម្រូវការផងដែរ៕