ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong មកដល់ទីក្រុងប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន

នារសៀលថ្ងៃទី៣០ ខែតុលា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសដឹកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping ។
 អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង។ (រូបថត៖ VOV)
 

ដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រព្រឹត្តទៅបន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី២០របស់បក្សកុម្មុយនិស្តចិនបានបញ្ចប់ប្រកបដោយជោគជ័យ ថ្នាក់ដឹកនាំថ្មីត្រូវបានប្រកាស ហើយលោក Xi Jinping បានជាប់ឆ្នោតជាអគ្គលេខាបក្សសម្រាប់អាណត្តិទី៣។ ការដែលលោកអគ្គលេខាបក្ស Nguyen Phu Trong បានក្លាយជាមេដឹកនាំបរទេសដំបូងគេដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន បានបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងចិននិង វៀតណាមក៏ដូចជារវាងបក្សកុម្មុយនិស្តចិននិងបក្សកុម្មុយនិស្តវៀតណាម; ព្រមទាំងបញ្ជាក់នូវគោលជំហរដ៏ឥតងាករេរបស់វៀតណាម ដែលចាត់ទុកទំនាក់ទំនងជាមួយចិនជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេស មានបំណងចង់អភិវឌ្ឍន៍យ៉ាងយូរអង្វែង ប្រកបដោយស្ថិរភាព កាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងតាមស្មារតីនៃការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ បកស្រាយបំភ្លឺឲ្យបានច្បាស់នូវការយកចិត្តទុកដាក់ ជំហរត្រឹមត្រូវ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាមផងដែរ។

ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចនេះក៏បានបង្ហាញពីការគាំទ្រចំពោះសតិអារម្មណ៍ និងមាគ៌ាអភិវឌ្ឍន៍នៃមហាសន្និបាតលើកទី២០ នៃបក្សកុម្មុយនិស្តចិន ដែលអំណោយផលសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ; តួនាទីជា "ស្នូលក្នុងការដឹកនាំ " របស់អគ្គលេខាបក្ស លោក Xi Jinping ដែលត្រូវបានបង្កើតដោយបក្សកុម្មុយនិស្តចិន; ជំរុញគោលនយោបាយរបស់ចិនអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយវៀតណាម; គាំទ្រវៀតណាមក្នុងការអភិវឌ្ឍ មានឋានៈអន្តរជាតិកាន់តែខ្ពស់ និងអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើក ទី ១៣ ។

 អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលផ្កាស្វាគមន៍លោកមកដល់រដ្ឋធានីប៉េកាំង ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន។

តាមកម្មវិធី នាថ្ងៃទី ៣១ តុលា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នឹងត្រូវបានធ្វើឡើងយ៉ាងឱឡារិកនៅមហាសាលប្រជាជននៅទីក្រុងប៉េកាំង ក្រោមអធិបតីភាពអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping ។ បន្ទាប់ពីពិធីទទួល អគ្គលេខាបក្សនៃប្រទេសទាំងពីរនឹងជួបពិភាក្សាការងារកម្រិតខ្ពស់ ហើយធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើន៕


top