ព័ត៌មាន

អគ្គលេខាបក្ស លោកតូ ឡឹម៖ “ទិវាបុណ្យទូទាំងប្រទេសដើម្បីប្រជាជនបង្ហាញនូវសេរីភាពនិងសិទ្ធិជាម្ចាស់របស់ខ្លួនដោយផ្ទាល់”

នាព្រឹកថ្ងៃទី១៥ ខែមីនានេះ នៅការិយាល័យបោះឆ្នោតនៃវិទ្យាល័យផានឌិញ ភុង (ហាណូយ) អគ្គលេខាបក្ស លោក តូ ឡឹម និង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្ស លោក ត្រឹន កឹម ទូ រួមជាមួយអ្នកបោះឆ្នោតដែលរស់នៅក្នុងតំបន់លំនៅដ្ឋាន បានអញ្ជើញអនុវត្តសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ នៅការិយាល័យបោះឆ្នោត លេខ ២ អង្គភាពបោះឆ្នោតលេខ ១ សង្កាត់ បាឌិញ ទីក្រុងហាណូយ។

លោកអគ្គលេខាបក្ស តូ ឡឹម និងថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២ សង្កាត់ បា ឌិញ ទីក្រុងហាណូយ (រូបថត៖ VNA)

អញ្ជើញថ្លែងទៅកាន់សារព័ត៌មានភ្លាមៗ បន្ទាប់ពីបានបោះឆ្នោត អគ្គលេខាបក្ស លោកតូ ឡឹម បានសម្តែងការរីករាយ ដែលបានឃើញប្រជាជន និងអ្នកបោះឆ្នោតមួយចំនួនធំ ចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ ដោយស្មារតីរីករាយ។

លោកអគ្គលេខាបក្ស តូ ឡឹម  អញ្ជើញឆ្លើយសំណួរពីភ្នាក់ងារព័ត៌មាន និងសារព័ត៌មាន (រូបថត៖ VNA)

លោកអគ្គលេខាបក្ស អញ្ជើញមានប្រសាសន៍ថា៖    “ការបោះឆ្នោតលើកនេះបានប្រារព្ធឡើងបន្ទាប់ពីយើងបានរៀបចំប្រកបដោយជោគជ័យ មហា សន្និបាតលើកទី ១៤ របស់បក្ស។ គោលនយោបាយ គោលការណ៍ណែនាំ និងទិសដៅទាំងអស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក្នុងអាណត្តិនេះ ក៏ដូចជាចក្ខុវិស័យសម្រាប់អាណាត្តិក្រោយ ត្រូវបានណែនាំ ផ្សព្វផ្សាយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន កម្មាភិបាល និងបក្ខជន។ ដូច្នេះ ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់កមលំដាប់ថ្នាក់លើកនេះ បានប្រារព្ធឡើង បន្ទាប់ពីត្រូវបានជ្រួតជ្រាបបណ្តាបញ្ហាជាមូលដ្ឋានបំផុតនៃគោលការណ៍ណែនាំ គោលនយោបាយ និងយុទ្ធសាស្ត្ររបស់បក្ស និងរដ្ឋ ក៏ដូចជាគោលការណ៍ណែនាំរបស់មូលដ្ឋាន  ដែលត្រូវបានប្រជាជនបានគាំទ្រ ដោយស្មោះអស់ពីចិត្ត ដោយចាត់ទុកថា នេះជាទិវាបុណ្យទូទាំងប្រទេស សម្រាប់បង្ហាញដោយផ្ទាល់នូវសេរីភាព និងសិទ្ធិជាម្ចាស់របស់ខ្លួន ដើម្បីជ្រើសរើសបុគ្គលដែលមានកិត្យានុភាព និងភាពជឿជាក់គ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចរួមរបស់ប្រទេសជាតិ និងមូលដ្ឋាន”។

ក្នុងឱកាសនេះ លោកអគ្គលេខាបក្សក៏បានថ្លែងអំណរគុណចំពោះសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ចំពោះការចូលរួមចំណែក ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូល បង្កើតបរិយាកាសរីករាយក្នុងប្រជាជនទាំងមូល នៅក្នុងទិវាបុណ្យទូទាំងប្រទេស បោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់៕


top