ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម៖ បេសកកម្មរបស់បក្សកុម្មុយនិស្តវៀតណាមគឺដឹកនាំ និងនាំប្រទេសឱ្យឈានចូលយុគ្គសម័យអភិវឌ្ឍន៍និងវិបុលភាព

ក្នុងរយៈពេល ៩៥ ឆ្នាំកន្លងមក បក្សកុម្មុយនិស្តវៀតណាមបានដឹក នាំប្រទេសឆ្លងកាត់រាល់ការលំបាក និងបញ្ហាប្រឈមរាប់មិនអស់ បង្កើតនូវជ័យជំនះ និងសមិទ្ធិផលដ៏មហិមារ ដែលបន្សល់ទុកនូវសញ្ញាណយ៉ាងត្រចេះត្រចង់នៅក្នុង ប្រវត្តិសាស្រ្តដ៏រុងរឿងរបស់ជាតិ។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងសន្និបាតគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ (រូបថត៖TTXVN)

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានគូសបញ្ជាក់យ៉ាងដូច្នេះនៅក្នុងអត្ថបទ “វៀតណាមពេញដោយកាំរស្មី” ក្នុងឱកាសខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០-៣កុម្ភៈ ២០២៥)។ ក្នុងអត្ថបទនោះ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការពិតបានអះអាងថា៖ នៅវៀតណាម គ្មានកម្លាំងនយោបាយណាក្រៅពីបក្សកុម្មុយនិស្តវៀតណាម ដែលមានសមត្ថភាពគ្រប់គ្រាន់ ភាពក្លាហាន ភាពវៃឆ្លាត បទពិសោធន៍ និងកិត្យានុភាព ដើម្បីដឹកនាំប្រទេសជំនះរាល់ការលំបាកនានា និងបញ្ហាប្រឈម ដឹកនាំបុព្វហេតុបដិវត្តន៍របស់ជាតិពីជ័យជំនះមួយទៅជ័យជំនះមួយទៀត។

លោកអគ្គលេខាបក្សបានអះអាងថា បេសកកម្មរបស់បក្សនាពេលនេះ គឺដឹកនាំ និងនាំប្រទេសឆ្ពោះទៅកាន់យុគសម័យអភិវឌ្ឍន៍ យុគសម័យរុងរឿង និងភាពរឹងមាំ កសាងប្រទេសវៀតណាមសង្គមនិយមប្រកប ដោយជោគជ័យ ប្រជាជនមានបាន ប្រទេសរឹងមាំ ប្រជាធិបតេយ្យ ប្រគៀកស្មារជាមួយមហាអំណាចពិភពលោក; ធានាថា មនុស្សទាំងអស់មានជីវភាពធូរធារនិងសប្បាយរីករាយ ហើយទទួលបានការគាំទ្រឧបត្ថម្ភដើម្បីអភិវឌ្ឍន៍និងក្លាយជាអ្នកមាន; រួមចំណែកកាន់តែច្រើនឡើងដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍក្នុងតំបន់និងពិភពលោក ដើម្បីសុភមង្គលរបស់មនុស្សជាតិ និងអរិយធម៌ពិភពលោក។ អាទិភាពកំពូលគឺអនុវត្តប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រនៅឆ្នាំ ២០៣០ វៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមខ្ពស់; ដល់ឆ្នាំ ២០៤៥ វៀតណាមនឹងក្លាយជាប្រទេសសង្គមនិយមដែលមានប្រាក់ចំណូលខ្ពស់។

ដើម្បីបន្តអនុវត្តទំនួលខុសត្រូវជាប្រវត្តិសាស្ត្រនោះ បក្សត្រូវតែរីកចម្រើនឥតឈប់ឈរ រក្សាធម្មជាតិបដិវត្តន៍ លើកកំពស់ការដឹកនាំនិងសមត្ថភាពគ្រប់គ្រង កម្លាំងប្រយុទ្ធ និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន។ បក្សត្រូវតែមានការផ្លាស់ប្តូរជាប្រចាំ   លើកកំពស់លទ្ធិប្រជាធិបតេយ្យផ្ទៃក្នុង កសាងក្រុមកម្មាភិបាលរឹងមាំ ស្អាតស្អំ ខ្ជាប់ខ្ជួនជាមួយគោលដៅ និងឧត្តមគតិនៃលទ្ធិម៉ាក្សនិយម-លេនីន និងសតិអារម្មណ៍ ហូជីមិញ។ ទន្ទឹមនឹងនោះ បក្សត្រូវកែលម្អជានិច្ចនូវទ្រឹស្តីរបស់ខ្លួន លើកកំពស់គុណភាពនៃការងារមនោគមវិជ្ជានិងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

នៅចុងបញ្ចប់នៃអត្ថបទ លោកអគ្គលេខាបក្សបានបញ្ជាក់ថា សព្វថ្ងៃនេះ ដោយមានបក្ខជនជាង ៥,៤ លាននាក់ បក្សកុម្មុយនិស្តវៀតណាមមានលទ្ធភាពបំពេញភារកិច្ច ដឹកនាំប្រទេសឆ្ពោះទៅមុខក្នុងយុគសម័យថ្មី។ ដោយជឿជាក់លើកម្លាំងរបស់បក្ស និងសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនឹងស្រុះចិត្តគំនិតគ្នា ជំនះរាល់ការលំបាកនិងបញ្ហាប្រឈមនានា នាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពក្នុងយុគសម័យថ្មី យុគ្គសម័យត្រេះត្រចង់សម្រាប់ប្រជាជាតិវៀតណាម៕


top