ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម៖ ខេត្ត Quang Tri ថ្មី បន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាជន

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្ត Quang Binh បានអញ្ជើញទៅទស្សនា និងធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Binh និងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Quang Tri អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក តូ ឡឹម បានវាយតំលៃខ្ពស់ចំពោះការត្រៀមលក្ខណៈរួចរាល់សម្រាប់ប្រតិបត្តិការរបស់អង្គភាពរដ្ឋបាលនៃខេត្ត Quang Tri ថ្មី នៅថ្ងៃទី ១ កក្កដាខាងមុខ។
ទិដ្ឋភាពទូទៅនៃសម័យប្រជុំ។ រូបថត៖ VOV

លោកអគ្គលេខាបក្សបានអះអាងថា ការរួមបញ្ចូលខេត្ត Quang Binh និងខេត្ត Quang Tri ត្រូវបានមជ្ឈិមពិចារណាយ៉ាងយកចិត្តទុកដាក់ បង្ហាញពីចក្ខុវិស័យរយៈពេលវែងក្នុងការរៀបចំឡើងវិញនូវបរិយាកាសរដ្ឋបាលជាតិ ដែលផ្សារភ្ជាប់ជាមួយនឹងគោលដៅនៃការអភិវឌ្ឍន៍តំបន់ប្រកបដោយប្រសិទ្ធភាព តភ្ជាប់ និងនិរន្តរភាពនាពេលខាងមុខ។

ដើម្បីទាញយកប្រកបដោយប្រសិទ្ធភាពនូវសក្តានុពល គុណសម្បត្តិ និងការបំពេញបន្ថែមគ្នាទៅវិញទៅមក រវាងតំបន់ទាំងពីរនៃខេត្ត Quang Tri ថ្មី លោកអគ្គលេខាបក្សបានស្នើថា ខេត្តថ្មីត្រូវម្ចាស់ការ ពិនិត្យឡើងវិញនូវប្រព័ន្ធរៀបចំផែនការ រៀបចំបរិយាកាសអភិវឌ្ឍន៍ក្នុងទិសដៅសមាហរណកម្មតំបន់ តភ្ជាប់តំបន់ និងលើកកម្ពស់គុណសម្បត្តិបំពេញបន្ថែមគ្នាទៅវិញទៅមករវាងមូលដ្ឋានចាស់ទាំងពីរ។ ខេត្តត្រូវកំណត់ឱ្យបានច្បាស់នូវអ័ក្សអភិវឌ្ឍន៍គឺ ឆ្នេរសមុទ្រ - កំពង់ផែសមុទ្រ - ទីក្រុង; តំបន់ខ្ពង់រាប - ឧស្សាហកម្ម - សេវាកម្ម; តំបន់ភ្នំ-កសិកម្ម-អេគូទេសចរណ៍ ក្នុងស្មារតីអភិវឌ្ឍន៍សេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយការការពារបរិស្ថាន រក្សាអត្តសញ្ញាណវប្បធម៌ក្នុងស្រុក លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជួបការលំបាក។ ទន្ទឹមនឹងនោះ ខេត្តក៏ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សេវាសង្គមជាមូលដ្ឋាននៅតំបន់ឆ្ងាយដាច់ស្រយាល ជាពិសេសភូមិឃុំនៅតំបន់ព្រៃភ្នំ តំបន់ព្រំដែន និងតំបន់ជនជាតិភាគតិច៕


top