ព័ត៌មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត

នាថ្ងៃទី ១ ខែធ្នូ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម លោក តូ ឡឹម បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត (រូបថត៖ Nhan dan)

 

ទំនាក់ទំនងវៀតណាម-ឡាវកំពុងអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ ដែលក្នុងនោះទំនាក់ទំនងនយោបាយបន្តត្រូវបានពង្រឹង; កិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខត្រូវបានលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព; កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងបច្ចេកទេស មានការរីកចម្រើនជាវិជ្ជមាន។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់យ៉ាងខ្ជាប់ខ្ជួនថា ទំនាក់ទំនង វៀតណាម-ឡាវតែងតែដើរតួនាទីយ៉ាងសំខាន់ជាពិសេស និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ដោយចាត់ទុកថា នេះជាភារកិច្ចយុទ្ធសាស្ត្រមួយ មានសារសំខាន់ចំពោះបុព្វហេតុបដិវត្តន៍ កសាង និងការពារមាតុភូមិរបស់ប្រជាជនវៀតណាម។

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោកអគ្គលេខាបក្ស តូ ឡឹម បានជម្រាបជូនអំពីលក្ខណៈមួយចំនួននៃស្ថានភាពនាពេលថ្មីៗនេះ នៅវៀត ណាម ក្នុងនោះមានការដែលវៀតណាមកំពុងខិតខំបំពេញនូវគោលដៅដែលមហាសន្និបាតលើកទី ១៣ បានដាក់ចេញ និងកំពុងរៀបចំយ៉ាងសកម្មនូវមហាសន្និបាតបក្សលើកទី ១៤។ អគ្គលេខាបក្ស លោក តូ ឡឹម ក៏បានចែករំលែកនូវគោលការណ៍ណែនាំនិងសេចក្តីសម្រេចសំខាន់ៗមួយចំនួនរបស់បក្សនិងរដ្ឋវៀតណាម ដើម្បីនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មី - យុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជនវៀតណាម។

រីឯខ្លួនវិញ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃជំនួបពិភាក្សាតាមទូរស័ព្ទនេះ ដែលបង្ហាញពីទំនាក់ទំនងសាមគ្គីភាពពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

ទិដ្ឋភាពនៃជំនួបសន្ទនាតាមទូរស័ព្ទ (រូបថត៖ Xuan Tu/TTXVN)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បានសង្កត់ធ្ងន់ថា ឡាវនឹងបន្តគាំទ្រនិងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរក្សានិងពូនជ្រុំទំនាក់ទំនងពិសេសនេះ ឱ្យកាន់តែរីកចម្រើន និងកាន់តែប្រសើរឡើង; ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស តូ ឡឹម វៀតណាមនឹងអនុវត្តន៍ប្រកបដោយជោគជ័យភារកិច្ចដែលបានដាក់ចេញ រឹងមាំ ឈានចូលយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើទិសដៅជាក់ស្តែងមួយចំនួន ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងកម្រិតខ្ពស់វៀតណាម-ឡាវ ជំរុញយន្តការដែលមានស្រាប់ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ពង្រឹងទំនាក់ទំនងសាមគ្គីភាពពិសេស វៀតណាមនិងឡាវ ដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕


top