ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ត្រូវតែផ្លាស់ប្ដូរថ្មីការងារធ្វើផែនការមេនិងរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

ថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធមិនត្រឹមតែបម្រើដល់ផលិតកម្ម និងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាកត្តាដែលសម្រេចលើសមត្ថភាពប្រកួតប្រជែងជាតិទៀតផង។

អគ្គលេខាបក្ស ប្រធានរដ្ឋ​លោក តូ ឡឹម ថ្លែងនៅជំនួបធ្វើការ។ រូបថត៖ VNA

នាព្រឹកថ្ងៃទី ៦ ខែសីហា នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣ ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១២ របស់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១១ និងសេចក្តីសន្និដ្ឋានលេខ ៧២ ចុះថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់ការិយាល័យនយោបាយនីតិកាលទី ១៣ ស្តីពីការកសាងហេដ្ឋារចនាសម្ព័ន្ធដោយសមកាលកម្ម ដើម្បីនាំប្រទេសវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិសដៅទំនើបជាមូលដ្ឋាន។

ថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ អគ្គលេខាបក្ស ប្រធានរដ្ឋ​លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធមិនត្រឹមតែបម្រើដល់ផលិតកម្ម និងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាកត្តាដែលសម្រេចលើសមត្ថភាពប្រកួតប្រជែងជាតិទៀតផង។ ហេដ្ឋារចនាសម្ព័ន្ធត្រូវតែវាយតម្លៃដោយប្រសិទ្ធភាពដែលប្រជាពលរដ្ឋ សហគ្រាស និងសេដ្ឋកិច្ចទទួលបាន។

ទិដ្ឋភាពនៅជំនួបធ្វើការ។ រូបថត៖ VNA

ដោយសង្កត់ធ្ងន់លើភារកិច្ចសំខាន់ៗ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានតម្រូវឲ្យផ្លាស់ប្ដូរថ្មីការងារធ្វើផែនការមេនិងរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ កសាងឲ្យបានឆាប់នូវមូលដ្ឋានទិន្នន័យឯកភាពអំពីផែនការមេ គម្រោង និងទ្រព្យសកម្មហេដ្ឋារចនាសម្ព័ន្ធ ជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិតក្នុងការវិនិយោគ ការគ្រប់គ្រង និងការប្រតិបត្តិទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឱ្យប្រមូលផ្ដុំធនធានលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការធ្វើឲ្យសុក្រិតច្រករបៀង​គមនាគមន៍ និងភស្តុភារកម្ម; អភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវដែកជាតិ និងផ្លូវដែកក្នុងទីក្រុង ដោយភ្ជាប់នឹងការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក; បង្កើនភាពធន់នឹងអាកាសធាតុ សន្តិសុខប្រភពទឹក សុវត្ថិភាពអាងស្តុកទឹក ទំនប់ ជាពិសេសនៅតាមមជ្ឈមណ្ឌលឧស្សាហកម្ម កំពង់ផែ ទីក្រុងឆ្នេរសមុទ្រ និងតំបន់ដីសណ្តទន្លេ Cuu Long។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា នៅឆ្នាំ ២០៤៥ ប្រទេសវៀតណាមត្រូវតែមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសមកាលកម្ម ឆ្លាតវៃ បៃតង មានសុវត្ថិភាព និងភាពធន់ខ្ពស់ ដែលតភ្ជាប់ដែនដី ខឿនសេដ្ឋកិច្ចជាមួយទីផ្សារពិភពលោក និងប្រជាពលរដ្ឋទាំងអស់ជាមួយនឹងសេវាកម្មចាំបាច់៕


top