ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបន្តអះអាងពីតួនាទីស្នូលក្នុងការស្រាវជ្រាវនិងការផ្តល់ប្រឹក្សាយុទ្ធសាស្ត្រ

ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមចាំបាច់ត្រូវចាប់យក ស្រាវជ្រាវ និងវាយតម្លៃខ្លឹមសារឱ្យបានត្រឹមត្រូវ កំណត់ការទទួលខុសត្រូវស្រាវជ្រាវ និងផ្តល់ប្រឹក្សារបស់ខ្លួន ដើម្បីផ្តោតលើការដោះស្រាយ។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម អញ្ជើញប្រគល់គ្រឿងឥស្សរិយយសហូជីមិញដល់ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម។ (រូបថត៖ VNA)

នេះជាតម្រូវការរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅក្នុងពិធីរំលឹកខួបលើកទី ៣០ ទិវាបង្កើតក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម (ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៩៦ - ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៦) និងទទួលគ្រឿងឥស្សរិយយសហូជីមិញ។

អញ្ជើញប្រគល់គ្រឿងឥស្សរិយយសហូជីមិញដល់ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងថ្លែងនៅក្នុងពិធី អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានស្នើឱ្យក្រុមប្រឹក្សាបន្តអះអាង និងលើកកម្ពស់តួនាទីស្នូលក្នុងការស្រាវជ្រាវទ្រឹស្តី ការបូកសរុបការពិតជាក់ស្តែង និងការផ្តល់ប្រឹក្សាយុទ្ធសាស្ត្ររបស់បក្ស ដោយព្យាករណ៍និងរកឃើញបញ្ហាថ្មីៗ។ ក្នុងនោះ ក្រុមប្រឹក្សាត្រូវតែច្បាមជាប់យ៉ាងដិតដល់នូវចលនារបស់ប្រទេសជាតិ និងពិភពលោក ដោយជ្រើសរើសបញ្ហាស្រាវជ្រាវដែលកើតចេញពីតម្រូវការចំពោះការដឹកនាំ និងការអភិវឌ្ឍ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ថ្លែងនៅពិធី។ (រូបថត៖ VNA)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានតម្រូវឱ្យក្រុមប្រឹក្សាអនុវត្តន៍គម្រោងបូកសរុបសំខាន់ៗចំនួនពីរប្រកបដោយប្រសិទ្ធភាព ដោយរួមចំណែកដល់ការបង្កើតជំហានអភិវឌ្ឍថ្មីនៅក្នុងទ្រឹស្តី និងចក្ខុវិស័យដឹកនាំរបស់បក្ស។ ក្នុងនោះ ការបូកសរុបរយៈពេល ១០០ ឆ្នាំដែលបក្សដឹកនាំបដិវត្តន៍វៀតណាម និងរយៈពេល ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយសម្រាប់ការកសាងប្រទេសជាតិក្នុងសម័យអន្តរកាលឈានឡើងសង្គមនិយម គឺជាភារកិច្ចដ៏សំខាន់យុទ្ធសាស្ត្រ ដោយតភ្ជាប់ជម្រៅប្រវត្តិសាស្ត្រជាមួយនឹងតម្រូវការបច្ចុប្បន្ន និងសេចក្តីប្រាថ្នានាពេលអនាគត។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឱ្យក្រុមប្រឹក្សាផ្តោតលើការស្រាវជ្រាវបញ្ហាទ្រឹស្តីជាមូលដ្ឋាន និងបញ្ហាថ្មីៗ និងបន្ទាន់របស់ប្រទេសជាតិនិងសម័យកាល។ បន្តផ្តោតលើការអភិវឌ្ឍការយល់ដឹងអំពីសង្គមនិយម គំរូ និងមាគ៌ាឆ្ពោះទៅរកសង្គមនិយមនៅវៀតណាម។ ក្នុងពេលជាមួយគ្នានោះ ដោះស្រាយទំនាក់ទំនងរវាងរដ្ឋ ទីផ្សារ និងសង្គមដោយសុខដុមរមនា និងលើកកំពស់ផលិតភាព និងប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានផងដែរ៕


top