ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទៅសួរសុខទុក្ខនិងប្រគល់អំណោយដល់យុទ្ធជនពិការ យុទ្ធជនជំងឺនៅខេត្តបាក់និញ

ក្នុងឱកាសខួបលើកទី ៧៩ ទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦) នាព្រឹកថ្ងៃទី ១៥ ខែកក្កដា នៅខេត្តបាក់និញ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងក្រុមការងារមជ្ឈិម បានទៅសួរសុខទុក្ខ និងប្រគល់អំណោយដល់យុទ្ធជនពិការ យុទ្ធជនជំងឺ នៅមជ្ឈមណ្ឌលព្យាបាលនិងថែទាំយុទ្ធជនពិការ Thuan Thanh។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ប្រគល់អំណោយដល់យុទ្ធជនពិការ យុទ្ធជនជំងឺ។ រូបថត៖ VNA

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានគោរពសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរអ្នកម្ដាយវៀតណាម យុទ្ធជនពិការ យុទ្ធជនជំងឺ ក្រុមគ្រួសារនៃយុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍ទាំងអស់ ចំពោះការលះបង់និងការបាត់បង់ដ៏ធំធេងដើម្បីឯករាជ្យ សេរីភាពនៃមាតុភូមិ ក៏ដូចជាជីវភាពដ៏សុខសាន្តនាសព្វថ្ងៃនេះផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម និងក្រុមការងាររួមជាមួយបណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺនៅមជ្ឈមណ្ឌលព្យាបាលនិងថែទាំយុទ្ធជនពិការ Thuan Thanh។ រូបថត៖ VNA

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានសង្កត់ធ្ងន់ថា រួមជាមួយនឹងការយកចិត្តទុកដាក់ និងការអនុវត្តគោលនយោបាយសម្រាប់សាច់ញាតិរបស់យុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងអតីតយុទ្ធជននោះ បក្ស រដ្ឋ និងសង្គមទាំងមូលកំពុងខិតខំអនុវត្តន៍ «យុទ្ធនាការ ៥០០ ថ្ងៃទាំងយប់សម្រាប់ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី»។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់ថា នេះជាការងារផ្សេងគ្នាចំនួន២ ប៉ុន្តែចែករំលែកការប្ដេជ្ញាចិត្តតែមួយនោះគឺ មិនទុកឲ្យជនមានគុណូបការៈត្រូវគេបំភ្លេចឡើយ ហើយខិតខំធានាថាអ្នកដែលបានពលីជីវិត អាចត្រឡប់ទៅរកឈ្មោះ ក្រុមគ្រួសារ និងស្រុកកំណើតរបស់ពួកគេ។

“ពីទីនេះ យើងយល់កាន់តែច្បាស់ថា កម្លាំងរបស់ប្រទេសមួយមិនត្រឹមតែត្រូវបានវាស់វែងដោយសេដ្ឋកិច្ច ការពារជាតិ ឬឋានៈអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងដោយរបៀបនៃការគោរពអតីតកាល ការថែទាំមនុស្សដែលមានការលះបង់ និងការសងគុណអ្នកដែលបានពលីជីវិតទៀតផង។ ប្រទេសកាន់តែរីកចម្រើន ជនមានគុណូបការៈនិងក្រុមគ្រួសាររបស់ពួកគេក៏ត្រូវតែទទួលបានការយកចិត្តទុកដាក់កាន់តែប្រសើរឡើងផងដែរ។ នោះគឺជាការទទួលខុសត្រូវនយោបាយ ជាក្រមសីលធម៌ជាតិ និងជារង្វាស់នៃមនុស្សសាស្ត្ររបស់របបផងដែរ”៕


top