អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួប
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Shadi Abu Zarqa។ (រូបថត៖ TTXVN)
ទទួលជួបឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានបញ្ជាក់ពីជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងការគាំទ្របុព្វហេតុតស៊ូដោយយុត្តិធម៌របស់ប្រជាជនប៉ាឡេស្ទីន ហើយបានសម្ដែងបំណងថា ក្នុងអំឡុងពេលអាណត្តិបេសកកម្មរបស់ខ្លួន លោកឯកអគ្គរដ្ឋទូត Shadi Abu Zarqa នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រីកចំណងមិត្តភាពប្រពៃណីរវាងវៀតណាម និងប៉ាឡេស្ទីន។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក លោក Lukáš Kaucký។ (រូបថត៖ TTXVN)
នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក លោក Lukáš Kaucký អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព នាំក្របខ័ណ្ឌទំនាក់ទំនងថ្មីឲ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងមានប្រសិទ្ធភាព ព្រមទាំង បន្តធ្វើអាជីវកម្មនូវសក្តានុពល ពង្រីកឱកាស និងវិស័យសហប្រតិបត្តិការថ្មីៗ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ទទួលជួបឯកអគ្គរាជទូត ដាណឺម៉ាក លោកស្រី Lina Gandløse Hansen។ (រូបថត៖ TTXVN)
ទទួលជួបជាមួយឯកអគ្គរាជទូត ដាណឺម៉ាក លោកស្រី Lina Gandløse Hansen អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីរពង្រឹងទំនាក់ទំនងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឲ្យសក្តិសមនឹងសក្តានុពល អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវភាពជាដៃគូយុទ្ធសាស្ត្របៃតង ហើយពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល សមុទ្រនិងសេដ្ឋកិច្ចសមុទ្រ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរឌីជីថល។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង លោកស្រី Lee Mi Yon។ (រូបថត៖ TTXVN)
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់ថា វៀតណាមជានិច្ចកាលឱ្យតម្លៃចំពោះទំនាក់ទំនង ជាមួយកូរ៉េខាងត្បូង ហើយមានបំណងចង់រួមជាមួយកូរ៉េខាងត្បូង ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឲ្យកាន់តែជាក់ស្តែង មានប្រសិទ្ធភាព និងយូរអង្វែងលើគ្រប់វិស័យ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលោក Jamal Sharifuddin Bin Johan។ (រូបថត៖ TTXVN)
ទទួលជួបឯកអគ្គរដ្ឋទូតម៉ាឡេស៊ី អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់ថា វៀតណាមជានិច្ចកាលឱ្យតម្លៃចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយម៉ាឡេស៊ី ហើយមានបំណងចង់បន្តពូនជ្រុំ និងនាំក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍកាន់តែស៊ីជម្រៅ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងឯកអគ្គរាជទូតន័រវេស លោក Stein Iversen។ (រូបថត៖ TTXVN)
ក្នុងជំនួបជាមួយឯកអគ្គរាជទូតន័រវេស លោក Stein Iversen អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) បានដែលបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយបើកឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឲ្យភាគីទាំងពីរ អនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្របៃតងប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការអំពីសមុទ្រ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរបៃតង ជលផល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងឯកអគ្គរាជទូតហូឡង់លោក Remco van Wijngaarden។ (រូបថត៖ TTXVN)
ទទួលជួបឯកអគ្គរាជទូតហូឡង់លោក Remco van Wijngaarden អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានក្រើនរំលឹកពីទិសដៅសំខាន់ៗ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្នុងយុគសម័យថ្មី។ តាមនោះ ភាគីទាំងពីរគួរតែពង្រឹងទំនុកចិត្តនយោបាយតាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ ស្រាវជ្រាវ និងជំរុញការធ្វើអាជីវកម្មនូវជើងហោះហើរត្រង់រវាងវៀតណាមនិងហូឡង់ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ ខិតខំធ្វើឱ្យប្រទេសទាំងពីរក្លាយជាគំរូសម្រាប់សេដ្ឋកិច្ចសមុទ្រ និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ទទួលជួបឯកអគ្គរាជទូតបែលហ្ស៊ិក លោក Pieter Leenknegt។ (រូបថត៖ TTXVN)
ក្នុងជំនួបជាមួយឯកអគ្គរាជទូតបែលហ្ស៊ិក លោក Pieter Leenknegt អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីរសម្របសម្រួល ដើម្បីបង្កើតវឌ្ឍនភាពកាន់តែខ្លាំងក្លាក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ លើកកម្ពស់តួនាទីជាច្រកទ្វាររបស់ វៀតណាម និងបែលហ្ស៊ិក ក្នុងការតភ្ជាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) ព្រមទាំងនាំឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្លាយជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបឯកអគ្គរដ្ឋទូតប្រេស៊ីល លោក Marcelo Paz Saraiva Camara។ (រូបថត៖ TTXVN)
ទទួលជួបឯកអគ្គរដ្ឋទូតប្រេស៊ីល លោក Marcelo Paz Saraiva Camara អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីរច្បាមជាប់នូវផែនការសកម្មភាពសម្រាប់ការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ប្រេស៊ីលដំណាក់កាល ២០២៥-២០៣០; សម្រួលដល់ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំងដែលបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ហើយបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានា។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ទួលជួបជាមួយ ឯកអគ្គរដ្ឋទូតបារាំង លោក Didier Le Bret។ (រូបថត៖ TTXVN)
ក្នុងឱកាសទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតបារាំង លោក Didier Le Bret អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសម្តែងជំនឿជាក់ថា ជាមួយនឹងបទពិសោធន៍ការទូតយ៉ាងទូលំទូលាយ លោកឯកអគ្គរដ្ឋទូតនឹងមានអាណត្តិបេសកកម្មដ៏ជោគជ័យមួយ ដែលរួមចំណែកនាំឲ្យទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-បារាំងអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ជាក់ស្ដែងនិងមានប្រសិទ្ធភាព៕