ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងជំនឿជាក់ថា នាពេលខាងមុខ នូវែលសេឡង់នឹងបន្តជាដៃគូសំខាន់មួយ ដែលរួមដំណើរជាមួយវៀតណាមក្នុងបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្ម និងសមាហរណកម្មអន្តរជាតិ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យលោកស្រីអគ្គទេសាភិបាល ដែម ស៊ីនឌី គីរ៉ូ បន្តជំរុញកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍នៅវៀតណាមក្នុងវិស័យអប់រំ កសិកម្ម ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសមភាពយេនឌ័រ ហើយសង្ឃឹមថា លោកស្រីអគ្គទេសាភិបាលនូវែលសេឡង់នឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគមន៍ជនវៀតណាមក្នុងការអភិវឌ្ឍកាន់តែខ្លាំង និងរួមចំណែកវិជ្ជមានដល់សង្គមនូវែលសេឡង់ និងទំនាក់ទំនងទ្វេភាគី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានស្នើឲ្យនូវែលសេឡង់ជួយឧបត្ថម្ភវៀតណាមក្នុងការបង្រៀនភាសាអង់គ្លេស ដើម្បីរួមចំណែកដល់ការអនុវត្តផែនការធ្វើឱ្យភាសាអង់គ្លេសក្លាយជាភាសាទីពីរនៅវៀតណាមដោយជោគជ័យផងដែរ។
លោកស្រីអគ្គទេសាភិបាល ដែម ស៊ីនឌី គីរ៉ូ បានសង្កត់ធ្ងន់ថា នឹងផ្តល់ការជួយគាំទ្រ និងការយកចិត្តទុកដាក់ចំពោះបញ្ហាអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យអប់រំ ដោយចាត់ទុកនេះជាស្ពានមិត្តភាពមួយរវាងប្រទេសទាំងពីរ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ។
នាថ្ងៃដដែល នៅទីក្រុង អូកឡែន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានជួបសវនាការជាមួយប្រធានរដ្ឋសភានូវែលសេឡង់ លោក Gerry Brownlee។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបសវនាការជាមួយប្រធានរដ្ឋសភានូវែលសេឡង់ លោក Gerry Brownlee។ រូបថត៖ Thong Nhat/TTXVN
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងក្តីសង្ឃឹមថា រដ្ឋសភានូវែលសេឡង់នឹងបន្តគាំទ្រការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយបង្កើតច្រករបៀងច្បាប់អំណោយផល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលវៀតណាមមានតម្រូវការ និងនូវែលសេឡង់មានប្រៀបខ្លាំង ដូចជាកសិកម្មឆ្លាតវៃ កសិកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្មស្អាត កសិកម្មបៃតង ព្រមទាំងសហការ សហច្នៃប្រឌិត និងសហផលិតដើម្បីបម្រើពាណិជ្ជកម្ម និងទីផ្សារ រួមចំណែកដល់ការអភិវឌ្ឍនៃពិភពលោក៕