ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធរុស្ស៊ីនិងទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង

នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសរុស្ស៊ីរបស់ប្រមុខបក្សនិងរដ្ឋវៀតណាមចាប់តាំងពីឆ្នាំ១៩៩១ និងជាដំណើរទស្សនកិច្ចផ្លូវការលើកទីពីរទៅកាន់ប្រទេស បារាំងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា ចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបារាំង។ រូបថត៖ VNA

នាព្រឹកថ្ងៃទី ៧ ខែកញ្ញា អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធរុស្ស៊ី ទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ ខែកញ្ញា។ ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីនៃសាធារណរដ្ឋបារាំងលោក Emmanuel Macron។

នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសរុស្ស៊ីរបស់ប្រមុខបក្សនិងរដ្ឋវៀតណាមចាប់តាំងពីឆ្នាំ១៩៩១ និងជាដំណើរទស្សនកិច្ចផ្លូវការលើកទីពីរទៅកាន់ប្រទេសបារាំងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម។

ដំណើរទស្សនកិច្ចលើកនេះបង្ហាញពីការឲ្យតម្លៃរបស់វៀតណាមចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅបង្កើតសញ្ញាសម្គាល់សំខាន់ថ្មីៗ ពង្រីកប្រៀបខ្លាំងរបស់វៀតណាម និងប្រទេសដៃគូនានាឲ្យបានជាអតិបរមា ដើម្បីបម្រើដល់ការអភិវឌ្ឍ និងចូលរួមចំណែកក្នុងការលើកកម្ពស់ឋានៈរបស់វៀតណាមនៅក្នុងតំបន់ និងលើពិភពលោក។ ដំណើរទស្សនកិច្ចលើកនេះក៏សំដៅពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងប្រទេសទាំងពីរ បង្កើតបរិយាកាសកិច្ចការបរទេសអំណោយផលនៅក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី។ រួមជាមួយគ្នានោះ ការចូលរួមរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងកិច្ចប្រជុំកំពូលអវកាស គឺសំដៅជំរុញការសន្ទនា និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអវកាស បម្រើគោលដៅអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយុទ្ធសាស្ត្ររបស់ វៀតណាម ផងដែរ៕


top