ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ចូលរួមពិធីអបអរសាទរខួបលើកទី ១២០ ទិវាប្រពៃណីនៃសាកលវិទ្យាល័យជាតិហាណូយ

នៅព្រឹកថ្ងៃទី ១៦ ខែឧសភា នៅទីក្រុងហាណូយ សាកលវិទ្យាល័យជាតិហាណូយ (HNU) បានរៀបចំពិធីអបអរសាទរខួបលើកទី ១២០ ទិវាប្រពៃណី (ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩០៦ - ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៦) និងទទួលគ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយ។
លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីអបអរសាទរខួបលើកទី ១២០ ទិវាប្រពៃណីនៃសាកលវិទ្យាល័យជាតិហាណូយ។ (រូបថត៖ VOV)

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីនេះ។

មានប្រភពមកពីសាកលវិទ្យាល័យឥណ្ឌូចិន ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩០៦ - ជាស្ថាប័នសាកលវិទ្យាល័យទំនើបដំបូងគេនៅវៀតណាម និងជាគំរូសាកលវិទ្យាល័យទំនើបដំបូងបំផុតមួយនៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេល ១២០ ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យជាតិហាណូយ បានបណ្តុះបណ្តាលបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកវប្បធម៌ និងថ្នាក់ដឹកនាំឆ្នើមៗជាច្រើននៃប្រទេសជាតិ ហើយបច្ចុប្បន្នគឺជាសាកលវិទ្យាល័យពហុជំនាញឈានមុខគេនៅវៀតណាមផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យសាកលវិទ្យាល័យជាតិហាណូយ ផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗចំនួន ៧ ប្រកបដោយប្រសិទ្ធភាព ដោយបណ្តុះបណ្តាលបុគ្គលដែលមានសមត្ថភាព និងបញ្ញាវៃឆ្លាតសម្រាប់យុគសម័យថ្មី៖

សាកលវិទ្យាល័យជាតិហាណូយ ត្រូវតែខិតខំក្លាយជាសាកលវិទ្យាល័យឆ្នើមទំនើប ពហុជំនាញ ពហុវិស័យ ដោយដំណើរការតាមគំរូសាកលវិទ្យាល័យប្រកបដោយភាពច្នៃប្រឌិត និងមានសមត្ថភាពដឹកនាំប្រទេសជាតិ។ លក្ខណៈឆ្នើមនេះ ត្រូវតែវាស់វែងបានដោយគុណភាពការសិក្សា សមត្ថភាពក្នុងការបង្កើតចំណេះដឹងថ្មី ការបណ្តុះបណ្តាលអ្នកមានទេពកោសល្យ ការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ ការរួមចំណែកយ៉ាងជាក់ស្ដែងដល់ប្រទេសជាតិ ហើយមានកិត្យានុភាពដែលត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ។ សាកលវិទ្យាល័យ ត្រូវការសម្រេចជាបន្ទាន់នូវតំបន់ទីក្រុងសាកលវិទ្យាល័យ Hoa Lac តាមទិសដៅបៃតង ឆ្លាតវៃ និងទំនើប ដែលតភ្ជាប់ជាមួយមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac បង្កើតជាប្រព័ន្ធអេកូឡូស៊ីឈានមុខគេលើទូទាំងប្រទេស ក្នុងការបណ្តុះបណ្តាល ការស្រាវជ្រាវ បច្ចេកវិទ្យា និងនវានុវត្តន៍

អគ្គលេខាបក្ស ប្រធានរដ្ឋ​ លោក តូ ឡឹម ក៏បានស្នើឲ្យ សាកលវិទ្យាល័យក្លាយជាទីកន្លែងប្រមូលផ្ដុំនៃបញ្ញាជាតិ (រួមទាំងអ្នកវិទ្យាសាស្ត្រល្បីល្បាញ អ្នកជំនាញបច្ចេកវិទ្យាឈានមុខគេ សហគ្រិនបច្ចេកវិទ្យា និងនិស្សិតឆ្នើម) ដើម្បីស្រាវជ្រាវ ធ្វើជាម្ចាស់ និងអភិវឌ្ឍន៍បច្ចេកវិទ្យាមូលដ្ឋាននានាដូចជា បញ្ញាសិប្បនិម្មិត ស៊ីមីកុងដុកទ័រ ជីវបច្ចេកវិទ្យា សម្ភារៈថ្មី ថាមពលថ្មី ទិន្នន័យធំ បច្ចេកវិទ្យាបៃតង និងប្រកបដោយចីរភាព។

សាកលវិទ្យាល័យជាតិហាណូយត្រូវតែក្លាយជាមជ្ឈមណ្ឌលដែលតភ្ជាប់ចំណេះដឹងជាមួយនឹងការអភិវឌ្ឍ ហើយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងសាលាជាមួយរដ្ឋ អាជីវកម្ម មូលដ្ឋាន និងសង្គម។ ម្ចាស់ការអភិវឌ្ឍន៍កម្មវិធីស្រាវជ្រាវ ការផ្ដល់ប្រឹក្សាគោលនយោបាយ និងគំនិតផ្តួចផ្តើមនវានុវត្តន៍ដោយផ្អែកលើការបញ្ជាទិញទ្រង់ទ្រាយធំរបស់ប្រទេសជាតិ; ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង វិស័យនានា រដ្ឋធានីហាណូយ មូលដ្ឋាន សហគ្រាសបច្ចេកវិទ្យា វិទ្យាស្ថានស្រាវជ្រាវ និងបណ្តាញអ្នកជំនាញអន្តរជាតិ។ ជំរុញការធ្វើពាណិជ្ជកម្មនៃលទ្ធផលស្រាវជ្រាវ ដោយអនុញ្ញាតឱ្យបង្កើតសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាពីមន្ទីរពិសោធន៍ ក៏ដូចជាយកចិត្តទុកដាក់លើផលប្រយោជន៍របស់អ្នកវិទ្យាសាស្ត្រដែលពាក់ព័ន្ធដោយផ្ទាល់ផងដែរ


top