ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម៖ ច្បាប់ត្រូវតែមានស្ថិរភាពគ្រប់គ្រាន់សម្រាប់ប្រជាជននិងសហគ្រាសវិនិយោគដោយស្ងប់ចិត្ត

នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា នៅទីក្រុងហាណូយ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការកែលម្អស្ថាប័ននិងការអនុវត្តច្បាប់ បានបើកកិច្ចប្រជុំខែកញ្ញា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ប្រធានគណៈកម្មាធិការដឹកនាំ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VNA)

អញ្ជើញចូលរួមកិច្ចប្រជុំនេះមានវត្តមាន នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អនុប្រធានគណៈកម្មាធិការដឹកនាំ; លោក ជិន កឹមទូ តំណាងអចិន្រ្តៃយ៍នៃគណៈលេខាមជ្ឈិម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ។

នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូបានពិភាក្សា និងផ្តល់យោបល់លើក្រុមខ្លឹមសារនានា រួមមាន៖ ការពិនិត្យឡើងវិញនូវប្រព័ន្ធលិខិតបទដ្ឋានគតិយុត្ត; គម្រោង "យុទ្ធសាស្ត្រសម្រាប់ការកែលម្អប្រព័ន្ធច្បាប់វៀតណាមក្នុងយុគសម័យថ្មី"; ការលើកកំពស់ប្រសិទ្ធភាពនៃការរៀបចំការអនុវត្តច្បាប់ និងលើកកម្ពស់វប្បធម៌នៃការគោរពតាមច្បាប់; បញ្ហាសំខាន់ៗទាក់ទងនឹងការធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ និងច្បាប់ស្តីពីការរៀបចំភ្នាក់ងារស៊ើបអង្កេតព្រហ្មទណ្ឌ។ ល។

ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VNA)

ទាក់ទងនឹងគម្រោង “យុទ្ធសាស្ត្រសម្រាប់កែលម្អប្រព័ន្ធច្បាប់វៀតណាមក្នុងយុគសម័យថ្មី” អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់ថា ច្បាប់ត្រូវតែក្លាយជាគុណសម្បត្តិប្រកួតប្រជែងជាតិ ដែលបម្រើដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ព្រមទាំងបានតម្រូវឱ្យគម្រោងនេះបង្កើតទិសដៅអភិវឌ្ឍន៍រយៈពេលវែងផងដែរ។

“ច្បាប់ត្រូវតែមានស្ថេរភាពគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ និងសហគ្រាសវិនិយោគដោយស្ងប់ចិត្ត ដោយអនុញ្ញាតឱ្យពួកគេរំពឹងទុកពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះ ត្រូវតែមានភាពបត់បែនឲ្យបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍ ការធ្វើសមាហរណកម្មអន្តរជាតិ ការសម្របខ្លួនទៅនឹងវឌ្ឍនភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគំរូអាជីវកម្មថ្មីៗ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាដែលកំពុងកើតឡើងនៅក្នុងការអនុវត្តជាក់ស្ដែង។ យើងត្រូវតែមានភាពម្ចាស់ការយ៉ាងខ្លាំងក្នុងការគ្រប់គ្រងដើម្បីបង្កើតបរិយាកាសអំណោយផល។ ការសាក ល្បងគោលនយោបាយត្រូវតែមានការគ្រប់គ្រង កំណត់យ៉ាងច្បាស់លាស់អំពីវិសាលភាព ពេលវេលា ការទទួលខុសត្រូវ និងការពារអ្នកដែលរងផលប៉ះពាល់។ ត្រូវតែបង្ការទប់ស្កាត់ផលប្រយោជន៍បក្សពួកក្នុងការកសាងគោលនយោបាយ”៕


top