ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា អញ្ជើញមកដល់ទីក្រុងម៉ានីល ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋហ្វីលីពីន

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមមកកាន់ប្រទេសហ្វីលីពីនលើកនេះគឺមានអត្ថន័យពិសេស។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងភរិយា នៅអាកាសយានដ្ឋាន Villamor ប្រទេសហ្វីលីពីន (រូបថត៖ VNA)

នារសៀលថ្ងៃទី៣១ ខែឧសភា យន្តហោះពិសេសដែលដឹកលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងម៉ានីល ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា តាមការអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ រ៉ូម៉ាល់ដេស ម៉ាកូស ជូនៀរ (Ferdinand Romualdez Marcos Jr.) និងភរិយា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមមកកាន់ប្រទេស ហ្វីលីពីនលើកនេះគឺមានអត្ថន័យពិសេស។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម មកកាន់ប្រទេសហ្វីលីពីន ដែលធ្វើឡើងខណៈដែលប្រទេសទាំងពីរកំពុងទន្ទឹងរង់ចាំការប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងប្រទេសហ្វីលីពីនកំពុងធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចនេះបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់របស់វៀតណាម ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសហ្វីលីពីន ក៏ដូចជាជាមួយអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍។ នេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ធ្វើការពិភាក្សាស៊ីជម្រៅលើទិសដៅសំខាន់ៗ ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-ហ្វីលីពីន ឲ្យកាន់តែខ្លាំងក្លា ជាក់ស្តែង និងមានប្រសិទ្ធភាពជាងនៅក្នុងដំណាក់កាលថ្មី៕


top